Friday, December 20, 2019

ខេត្តស្វាយរៀង បង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៅតាមមូលដ្ឋាន ជាពិសេសស្រុកជាប់ព្រំដែន

ស្វាយរៀង៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងអភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ បង្កើតគណៈកម្មាធិការភូមិ ឃុំ/សង្កាត់ នៅក្នុងក្រុង ស្រុកជាប់ព្រំដែន និងបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានខេត្ត។ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សរុប ១៩នាក់ ស្រី ១នាក់។

នាឱកាសនោះ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនបានមានប្រសាសន៍ថា៖
១-គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពនូវបទបញ្ជាលេខ០១ ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ព្រមទាំងផែនការវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
២-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ជាប់ព្រំដែនត្រូវបង្កើតយន្តការទំនាក់ទំនងទាន់ហេតុការណ៍ជាមួយ សមភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀនទាន់ពេលវេលា
៣-គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ភូមិ ឃុំ សង្កាត់ស នៅក្នុងមូលដ្ឋានដែលមានមុខសញ្ញាប្រឈមនឹងសកម្មភាពប្រើប្រាស់ ការជួញដូរ និងការចែកចាយ គ្រឿងញៀនកើតឡើងញឹកញាប់ បានយ៉ាងហោចចំនួន ០១ ក្នុង ០១ឃុំ សង្កាត់ ហើយប្រគល់មកលេខាធិការដ្ឋាន ត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
៤-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ត្រូវបន្តចុះធ្វើរដ្ឋបាល(កិច្ចសន្យា) ជាមួយម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្ត និងចុះបិទខិតប័ណ្ណផ្សព្វផ្សាយពាក់ព័ន្ធនឹងគ្រឿងញៀនតាមផ្ទះសំណាក់ ផ្ទះជួល កន្លែងសប្បាយផ្សេងៗ
៥-ត្រូវពង្រឹងការអនុវត្តច្បាប់ បង្កើនវិធានការជំនាញគ្រប់អង្គភាពជំនាញនានានៅតាមច្រកទ្វារព្រំដែន(មន្ត្រីអន្តោប្រវេសន៍ ភ្នាក់ងារគយ-រដ្ឋាករ និងការិយាល័យBLO)ត្រូវយកចិត្តទុកដាក់ក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន សហការទំនាក់ទំនងព័ត៌មានជាមួយភាគីវៀតណាមឲ្យបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ចាត់វិធានការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ឲ្យមានប្រសិទ្ធភាពខ្ពស់
៦-សូមលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ចុះណែនាំក្រុមរថយន្តដឹកជញ្ជូនអ្នកដំណើរ(រថយន្តតាក់ស៊ី)ភ្នំពេញ ស្វាយរៀង
៧- សូមលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សូមបន្តសកម្មភាពផ្សព្វផ្សាយតាមសាលារៀន ទីសាធារណៈ តាមបណ្ដាលក្រុង ស្រុក ឃុំ សង្កាត់៕

No comments:

Post a Comment