Wednesday, August 19, 2015

ប្រទេសនូវែល​​សេឡង់ នឹងក្លាយ​ជា​ប្រទេស​ទី២៤ ដែលបាន​​ចុះហត្ថ​លេខាកិច្ច​ព្រម​ព្រៀង​​សេវាកម្ម​ដឹក​ជញ្ជូន​​តាមផ្លូវ​​អាកាស​​ជាលក្ខណៈ​ទ្វេភាគី ជាមួយ​កម្ពុជា

នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នេះ កម្ពុជា បានចុះ​ហត្ថលេខាកិច្ច​ព្រមព្រៀង​សេវា​កម្មដឹកជញ្ជូន​តាមផ្លូវ​អាកាស ជាមួយ​នឹងរដ្ឋាភិបាល​នូវែល​សេឡង់ ក្រោមអធិបតី​ភាព ឯក​ឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជាមួយ ​ឯកឧត្តម Murray McCully រដ្ឋមន្ត្រី ក្រសួង​ការបរទេស នៃប្រទេស​នូវែល​សេឡង់។
ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន បានមាន​ប្រសាសន៍ថា តាមរយៈ​កិច្ចព្រមព្រៀង​សេវាកម្មដឹក​ជញ្ជូន​តាមផ្លូវអាកាស​នេះ នឹងដើរតួនា​ទីយ៉ាង​សំខាន់ ក្នុង​ការផ្តល់​លទ្ធភាព​ជូនក្រុមហ៊ុន​អាកាសចរនៃ​ប្រទេសទាំងពីរ ធ្វើការគិត​គូរពិចារ​ណា និងចាប់ផ្តើម​កសាង​ផែន​ការអាជីវកម្ម លើការ​តភា្ជប់​ជើងហោះ​ហើរ រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ប្រទេស​នូវែល​សេឡង់។
ឯកឧត្តម​បានបន្តថា បន្ទាប់​ពីការចុះ​ហត្ថលេខាកិច្ច​ព្រមព្រៀង​នេះ នា​ពេលឆាប់​ៗខាង​មុខ អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស ក៏ដូច​ជាភ្ញៀវទេស​ចរណ៍ នឹងមានភាព​ងាយស្រួល​ក្នុងការរង់​ចំាតជើងហោះ​ហើរ ដោយ​ប្រើរយៈពេលខ្លី​បំផុត និងទិញ​សំបុត្រយន្តហោះ​យ៉ាងងាយ​ស្រួល រវាងកម្ពុជា និងនូ​វែលសេ​ឡង់ ព្រោះថា ក្រុមហ៊ុន​អាកាសចរនៃ​ប្រទេស​ទាំងពីរ និង​ក្រុមហ៊ុនអាកាសចរអន្តរ​ជាតិផ្សេង​ទៀត នឹងរៀប​ចំផែនការតភ្ជាប់​ជើង​ហោះហើរជា​មួយគ្នា និងដាក់​ប្រព័ន្ធលក់សំបុត្រយន្តហោះ​ដំណើរការជា​មួយគ្នា។ លើស​ពីនេះទៀត សម្រាប់​ចក្ខុវិស័យ​នៅរយៈពេល​វែង យើងជឿ​ជាក់​ថា នឹងអាច​មានការហោះ​ហើរត្រង់​រវាងកម្ពុជា និងនូវែសេ​ឡង់។ កិច្ច​ព្រមព្រៀង​នេះ ក៏នឹង​ចូលរួមចំណែក​ជួយជម្រុញ​ដល់ការអភិវឌ្ឍន៍​វិស័យទេសច​រណ៍ សេដ្ឋកិច្ច និងវប្ប​ធម៌ រវាងប្រទេស​ទាំងពី​រផងដែរ។
យោងតាម​កិច្ចព្រម​ព្រៀង ដែល​បានចុះ​ហត្ថ​លេខានេះ អាជ្ញាធរ​អាកាសចរ​ស៊ីវិល​នៃប្រទេសទាំងពីរ បាន​ព្រមព្រៀងលើខ្លឹម​សារសំខាន់​ៗ ដែលផ្តល់​អត្ថប្រយោជន៍​ទៅវិញ​ទៅ​មក ដូច​ជា បែបបទ​អនុញ្ញាត​ផ្តល់សិទ្ធិ​ហោះហើរ និងកិច្ចសហការ​ជើងហោះ​ហើរ របស់​ក្រុមហ៊ុន​អាកាសចរនៃ​ប្រទេសទាំង​ពីរ ការសហការរួម​គ្នារបស់​អាជ្ញាធរអាកាស​ចរស៊ីវិល​ដើម្បីធានា​សន្តិសុខ និង​សុវត្ថិភាព​អ្នកដំណើរ​តាមផ្លូវ​អាកាស និងការធានា​ឱ្យមាននូវត​ម្លាភាពនៃ​ការប្រកួត​ប្រជែង។
បច្ចុប្បន្ន ព្រះរាជា​ណាចក្រ​កម្ពុជា បានចុះ​ហត្ថលេខាកិច្ច​ព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាសជា​លក្ខណៈទ្វេភាគី​ចំនួន ២៣ ប្រទេស និងកិច្ច​ព្រមព្រៀង​ពហុភាគី​ក្រោម​ក្របខ័ណ្ឌអនុតំបន់ CLMV និង​អាស៊ាន​ផងដែរ។ ប្រទេស​នូវែល​សេឡង់ នឹងក្លាយជា​ប្រទេស​ទី២៤ ដែលបាន​ចុះហត្ថលេខា​កិច្ចព្រម​ព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវអាកាស​ជាលក្ខណៈ​ទ្វេភាគី ជា​មួយព្រះរាជាណា​ចក្រកម្ពុជា ហើយ​នឹងត្រៀម​ចុះហត្ថ​លេខាជា​បន្តបន្ទាប់ ជាទ្វេភាគី​ចំនួន ១០ ប្រទេស​ទៀត ដោយ​បានឯកភាពគ្នា​រួចហើយលើក​ម្រិតថ្នាក់​បច្ចេកទេស។
នាពេល​បច្ចុប្បន្ន​នេះជើងហោះ​ហើរ និងចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវអា​កាស បានកើន​ឡើង​គួរឱ្យកត់​សម្គាល់ ដែល​ចំនួនជើង​ហោះហើរ​កើនឡើង​ចំនួន ៩ ភាគរយ ប្រៀបធៀប​រវាងឆ្នាំ២០១៤នឹង២០១៣ ហើយចំនួន​អ្នកដំណើរតាម​ផ្លូវអាកាសកើន​ឡើងចំ​នួន ១៣ ភាគរយ ប្រៀប​ធៀបរវាង​ឆ្នាំ២០១៤នឹង​២០១៣ (កាលពីឆ្នាំ២០១៤ មានអ្នក​ដំណើ​រតាមផ្លូវ​អាកាសសរុប ៥,៤ លាន)។ លើស​ពីនេះទៀត ​សម្រាប់​ដើមឆ្នាំ២០១៥ ចំនួន​អ្នកដំណើរ​តាមផ្លូវអា​កាសបានកើន​ឡើង​ប្រមាណ ១១ ភាគរយ។
ក្រុមហ៊ុន​អាកាសច​រសរុបចំនួន ៣១ ក្រុមហ៊ុន ដែលកំ​ពុងផ្តល់​សេវាកម្មហោះ​ហើរដឹក​ជញ្ជូនជាប្រក្រតី (Schedule Flights) ចេញ-ចូល ព្រះរាជា​ណាចក្រកម្ពុជា ក្នុងចំ​ណោម​នោះ មានក្រុមហ៊ុនអាកាស​ចរក្នុង​ស្រុក​ចំនួន ០៤ ក្រុម​ហ៊ុន និងក្រុមហ៊ុន​អាកាស​ចរបរទេស​ចំនួន ២៧ ក្រុមហ៊ុន។
កាលពីឆ្នាំ២០១៤ កន្លងទៅ ចំនួន​ភ្ញៀវទេសចរណ៍​ជនជាតិនូវែល​សេឡង់ បានមក​ទស្សនាព្រះ​រាជាណា​ចក្រកម្ពុជា ចំនួន ២១,២៥៩ នាក់ និងមក​ពីតំបន់​អូសេអានី (នូវែល​សេឡង់ អូស្រ្តាលី និងហ្វីជី) ចំនួន ១៥៥,៥៧៨ នាក់៕


No comments:

Post a Comment