Tuesday, August 18, 2015

ឯកអគ្គរាជទូត​​ថៃប្រាប់ពី​បំណង​ចង់​ធ្វើកិច្ចសហប្រតិ​បត្តិការ​អភិវឌ្ឍន៏​វិស័យ​កសិកម្មជា​​មួយកម្ពុជា

មន្ត្រីស្ថាន​ទូតថៃ បានប្រាប់​មន្ត្រីជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល​កម្ពុជាអំពីបំណង​ពង្រីកកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៏វិស័យកសិកម្ម​នៅកម្ពុជា ដោយភាគីថៃ នឹងរៀប​ចំគម្រោងជួយកសាងសមត្ថភាពធន​ធាន​មនុស្ស ដល់កម្ពុជា​លើវិស័យ​នេះ។
លើក​ឡើង​នៅក្នុងជំនួប​ពិភាក្សាការងារ​ជាមួយឯក​ឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​នៅវិមានមិត្ត​ភាពនារសៀល​ថ្ងៃទី១៧សីហា​នេះឯ.ឧ NUTTAVUDH PHOTISARO ឯកអគ្គរាជ​ទូត នៃព្រះរាជាណាច​ក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា​បានជំរាប​ជូន ថាភាគី​ថៃមានបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើផ្នែក​កសិកម្ម ដោយ​មានគម្រោង​ជួយបណ្តុះ​បណ្តាល ហ្វឹកហ្វឺន​បច្ចេកវិជ្ជា និងជំនាញ​ផ្សេងៗ លើវិស័យក​សិកម្មជួយ​ដល់កម្ពុជា។
នៅក្នុងជំនួប​សន្ទនានេះឯកឧត្តម​ឯកអគ្គរាជទូតថៃ ក៏បានជំរាប​ជូន អំពី គម្រោង​យាង​មកបំពេញ​ព្រះរាជទស្សន​កិច្ច របស់ម្ចាស់​ក្សត្រីមហាចក្រី​សារិនថន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រោងធ្វើ​ឡើង នៅដើម​ឆ្នាំក្រោយ គឺក្នុង​ចន្លោះពីថ្ងៃ​ទី២២ដល់​ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០១៦ ។ តាមការ​គ្រោង​ទុក ព្រះរាជ​ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ ម្ចាស់ក្ស​ត្រីមហាចក្រី​សារិនថន នឹង​យាងទៅកាន់​ស្រុកថ្ពង​ខេត្តកំពង​ស្ពឺ ដោយរំពឹង​ថាស្រប​ពេលបំពេញ​ព្រះរាជ​ទស្សនកិច្ចរបស់ម្ចាស់ក្សត្រី​មហាចក្រី​សារិនថន​នាឱកាស​នោះ នឹងមានរៀប​ចំនូវពិធីរ​បើកការ​ដ្ឋានដាំដើម​ឈើ និងចិញ្ចឹក​សត្វពាហនៈ នៅលើ​ទីតាំងមួយ ដែល​មានទំហំផ្ទៃ​ដីជាង២០០​ហិកតា​ ទីតាំង​នោះ ភាគីថៃ​មានបំណង​សាងសង់​នូវមជ្ឈមណ្ឌលក​សិដ្ឋាន ដ៏ធំមួយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៏វិស័យកសិកម្ម​នៅកម្ពុជា។
ក្រៅពី​ការពិភាក្សា​លើ កិច្ចសហប្រតិបត្តិកា​រវិស័យ​កសិកម្មជា​មួយកម្ពុជា ឯកឧត្តម​ឯកអគ្គរាជទូតថៃក៏​បានជំរាប​ជូនអំពីគម្រោង​របស់ ក្រុមហ៊ុន​ថៃមួយ ដែល​បំរើសេវាកម្ម​ផ្នែកអាកាស​ចរណ៏ ដោយភាគី​ថៃស្នើសុំរាជ​រដ្ឋាភិបាល​កម្ពុជាដើម្បី​ឲ្យក្រុមហ៊ុន​នោះបានធ្វើ​ប្រតិបត្តិការ​លើសេវាកម្មលក់​សំបុត្រយន្ត​ហោះ ពីក្រុងបាង​កកមកសៀមរាប និងពីសៀមរាប​ទៅភូកេត ប្រទេស​ថៃ ដែលរំពឹងថា សេវាកម្មនេះ​នឹងជួយជំរុញ​ដល់វិស័យ​ទេសចរណ៏​ប្រទេស​ទាំង​ពីរឲ្យបានកាន់​តែរីកចំរើន​ថែមទៀត។
ក្រៅពីនេះឯកឧត្តម​ក៏បានជំរាបពី​គម្រោងគាំទ្រលើ​កម្មវិធីសិក្ខាសាលា​មួយ របស់​សមាគមសាសនាពីប្រ​ទេសថៃ ដែលគ្រោង​នឹងរៀបចំ​ឡើងនៅខេត្តសៀម​រាបចាប់ពីថ្ងៃទី០៩ ដល់​ថ្ងៃទី១៣ ខែកញ្ញា​ខាងមុខ ដោយមាន​ការយាង​និងនិមន្ត​សម្តេចព្រះ​សង្ឃរាជ​និងមន្ត្រី​សង្ឃជាន់ខ្ពស់សរុប​ចំនួន១៨០អង្គ មកពីបណ្តាប្រទេស​ចំនួន៥ មានកម្ពុជា វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា​ ដើម្បីឲ្យចូល​រួមក្នុងសិក្ខា​សាលានោះ ។
ជាការឆ្លើយ​តប ឯកឧត្តមបណ្ឌិត​សភាចារ្យសុខ អាន គាំទ្រចំ​ពោះបំណង​របស់ភាគីថៃក្នុ​ងការពង្រីកកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៏វិស័យក​សិកម្មនៅ​កម្ពុជា។ ឯកឧត្តម បាន​ជំរាបជូន​ថា កម្ពុជាគឺ​ជាប្រទេស​មានសក្តានុពល​ខ្លាំងខាង​កសិកម្ម ប៉ុន្តែ​ដោយសារកម្ពុជា​នៅ​ខ្វះបច្ចេកទេស​និងបច្ចេកវិទ្យា​ទើបការទាញ​ផលប្រយោជន៏​ពីវិស័យនេះ​ពុំបានអស់​សក្តានុពល។ ឯកឧត្តម​សង្ឃឹមថា តាមរយៈ​បំណងធ្វើកិច្ច​សហការអភិវឌ្ឍ​វិស័យកសិកម្ម​ពីភាគីថៃ កម្ពុជានឹ​ងទទួលបាន​ផលប្រយោជន៏​ច្រើន ក្នុងការធ្វើឲ្យ វិស័យកសិកម្ម​នៅកម្ពុជាមានការរីក​លូត​លាស់ទៅ​អនាគត។
ទាក់ទង​និងការស្នើ​សុំឲ្យក្រុម​ហ៊ុន​ថៃប្រតិបត្តិការសេវា​កម្មលក់​សំបុត្រយន្តហោះ ​សម្រាប់​ការធ្វើដំណើរ​ពីក្រុងបាង​កក់មក​សៀមរាប និងពីសៀម​រាបទៅ​ភូកេត ប្រទេស​ថៃនោះ ឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រីសុខ អាន ជំរាប​ជូនថារាជរដ្ឋាភិបាល​កម្ពុជានឹងពិនិត្យ​ពិចារណា លើ​សំណើរនេះ មុន​នឹងការសម្រេច​ចិត្តយ៉ាង​ណាមួយ​នោះ។
គួរបញ្ជាក់​ថាភាគីទាំង​ពីរក៏បាន​ពិភាក្សាគ្នាផង​ដែរអំពី ការបើកច្រកព្រំ​ដែនថ្មីចំនួន៤ ដោយរំពឹងថាច្រក​ព្រំដែនថ្មីចំនួន២គឺច្រក​អានសេះ និងច្រក​ភ្នំដី នឹងត្រូវ​កសាងឲ្យ​បានចប់សព្វ​គ្រប់នៅមុន​ដំណាច់ឆ្នាំ២០១៥នេះ គឺឲ្យ​បានមុនដំ​ណើរអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច របស់​សម្តេចតេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ទៅកាន់​ប្រទេសថៃ ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ៕

No comments:

Post a Comment