Tuesday, August 18, 2015

បទវិភាគ​ ដោយ៖​ ពង្ស​ សុក្រឹត្យ, ​បាច​អង្កាម​បញ្ច្រា​ស​ខ្យល់ ​

អង្គហេតុ​ចំបងនៃការ​ចាប់​ខ្លួន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា មកពី​កូតា​គណបក្ស សម រង្ស៊ី ត្រូវ​បានអ្នកវិភាគ​យល់ឃើញ​ថា អាចមាន​សេណារីយោ គូសវាស ដោយ​ក្រុមអ្នកនយោបាយ​ជាន់ខ្ពស់​មួយ​ចំនួន​ផ្សេងទៀត នៅក្នុង​គណបក្សសង្គ្រោះ​ជាតិជា​អ្នកបញ្ជា ដោយហេតុថា ព្រឹត្តិការណ៍​នោះបានកើត​ឡើងជារ​បៀបរៀប​ចំទុកជាមុន និង​មានតំណាក់​កាលច្បាស់​លាស់។
ក្រុមអ្នកវិភាគ​បញ្ហានយោបាយ បានកត់​សម្គាល់​ថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ជាថ្ងៃដែលគណបក្ស​សង្គ្រោះ​ជាតិ បានរៀប​ចំពីធីប្រគល់ផែន​ទីដែល​ខ្លួនមាន ទៅ​ស្ថាប័ន​រាជ្យបណ្ឌិត​សភា​កម្ពុជា ដែលជា​ក្រុមស្រាវ​ជ្រាវ និងផ្ទៀងផ្ទាត់​ផែនទីនោះ គឺបាន​ធ្វើឡើង​ជាផ្លូវការនៅ​ក្នុងទីស្នាក់​ការរបស់​គណបក្សសង្គ្រោះ​ជាតិ នៅចាក់​អង្រែលើ ដែល​នៅក្នុងរយះ​ពេលនោះគឺមាន​លោក កឹម សុខា ជាប្រធានស្តីទី​គណបក្ស និងជាអ្នកទទួល​ខុសត្រូវទាំង​ស្រុង​ចំពោះមុខ​ច្បាប់ នូវរាល់ព្រឹត្តិ​ការណ៍នានា​ដែលគណបក្ស​បានសម្រេច​ធ្វើ។ នៅថ្ងៃនោះ លោក ហុង សុខហួរ ច្បាស់​ជាមានការចាត់​តាំងយ៉ាង​ត្រឹមត្រូវ និងច្បាស់​លាស់ពី​ប្រធានស្តីទី​គណបក្ស ដើម្បី​ធ្វើការពន្យល់ និងបក​ស្រាយលើ​បញ្ហាផែន​ទី និងបញ្ហាព្រំដែន​យ៉ាង​ប្រាកដ ព្រោះ​មានការ​ថត វីដេអូ ទុកជាឯក​សារសម្រាប់​ផ្សព្វផ្សាយ និងមានការអញ្ជើញ​អ្នកសារព័ត៌​មាន ជាផ្លូវការផង។
មួយថ្ងៃបន្ទាប់​ពីពិធីប្រគល់ផែន​ទីហើយ គឺនៅថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥ ទាំង​ប្រជាពលរដ្ឋ និងក្រុម​អ្នកវិភាគ បាននាំ​គ្នាជ្រួល​ច្របល់ និងជជែក​គ្នានៅតាម​ហាងកាហ្វេន​យោបាយ យ៉ាងផុស​ផុល អំពីវីដេអូ​ឃ្លីបមួយ​ដែលនិយាយ​អំពី ការរំលាយ​ព្រំដែនរវាងកម្ពុជា និងវៀត​ណាម ដែល​បានបង្ហោះផ្សព្វ​ផ្សាយ​នៅក្នុង​ទំព័រហ្វ៊េសប៊ុក​ផ្លូវការរបស់លោក សម រង្ស៊ី ដែលមាន​រយះពេលប្រ​មាណ ១១ នាទី ហើយ​វីដេអូនេះ បានបន្តផ្សព្វ​ផ្សាយរហូត​ដល់ព្រឹក​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។ ក្រោយមកបន្តិច ក៏មានការដក​វីដេអូឃ្លីប​ចេញវិញ​ពីក្នុងទំព័រហ្វ៊េស​ប៊ុកនោះ​ក្នុងចេតនា​បំបិទ​ភស្តុតាង បន្ទាប់ពី​មានការជ្រួល​ច្របល់​ពីមហាជន។
ចំណុច​នេះ ក្រុមអ្នក​វិភាគយល់​ថា វាអាចនឹង​មានការនែ​នាំជាមុន ពីលោក កឹម សុខា ដែល​ជាប្រធានស្តី​ទីគណបក្ស ដល់​លោក ហុង សុខហួរ ក្នុងការ​និយាយ និងបង្ហាញ​អំពីខ្លឹមសារ​ក្លែងនៃសន្ធិសញ្ញារវាង​កម្ពុជា និងវៀត​ណាមនៅឆ្នាំ១៩៧៩នោះ ទើបលោក​ ហុង សុខ​ហួរ ហ៊ាន​ធ្វើការបក​ស្រាយអះអាង​ថាលោក ហេង សំរិន ដែល​ជាប្រមុខរដ្ឋ​នៅពេល​នោះ បាន​ចុះហត្ថលេខា ជាមួយ​ប្រមុខ​រដ្ឋរបស់​ប្រទេសវៀត​ណាម នៅថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ថា ប្រទេសទាំងពីរឯកភាព​គ្នារំលាយ​ព្រំដែន​រដ្ឋទាំង​ពីរ ព្រមទាំងហ៊ាន​ធ្វើអត្ថា​ធិប្បាយ និងលើក​យកអត្ថបទ​នៃសន្ធិសញ្ញា​នោះដាក់​បញ្ចូលក្នុង​វីដេអូឃ្លីប​នោះទៀត។
ដោយសារ​ការផ្សព្វផ្សាយ​វីដេអូឃ្លីប​មួយនេះ បានបង្ហោះ​នៅលើទំព័រហ្វ៊េស​ប៊ុកផ្លូវ​ការរបស់លោក សម រង្ស៊ី ក្រុមអ្នកវិ​ភាគក៏យល់​ផងដែរថា អាចមានការពាក់​ព័ន្ធជាមួយនឹង​ការចូលរួមគំនិត និងយោបល់​ពីលោក សម រង្ស៊ី ផង​ដែរ បើទោះបី​ជានៅក្នុងរយៈ​ពេលនោះ​លោក សម រង្ស៊ី មិននៅ​ក្នុងប្រទេស​ក៏ដោយ​ព្រោះការគ្រប់គ្រង​ទំព័ររបស់អ្នក​លេងហ្វ៊េស​ប៊ុកនីមួយៗ គឺបុគ្គលម្នាក់ៗ ជាម្ចាស់ ជាអ្នក​គ្រប់គ្រង និងបញ្ជាការ​ផ្សព្វផ្សាយដោយ​ផ្ទាល់ខ្លួន។ ម្យ៉ាង​ទៀត លោក សម រង្ស៊ី ពិតជាបាន​មើលវីដេអូឃ្លីប​នេះរួចហើយ ទើបលោក​ហ៊ានធ្វើការផ្សព្វ​ផ្សាយបែបនេះ។
គេក៏នៅមាន​ការងឿងឆ្ងល់​ផងដែរថា តើឯកសារ​ក្លែងសន្ធិសញ្ញារ​វាងកម្ពុជា និងវៀត​ណាម ឆ្នាំ១៩៧៩ នោះ ជារបស់អ្នក​នយោបាយ​ដៃដល់មួយ​ណាទៅដែលហ៊ាន​កែក្លែង​ឯកសារ​សន្ធិសញ្ញាឆ្នាំ១៩៧៩ នៅក្នុងគណបក្ស​សង្គ្រោះជាតិនោះ និងជាអ្នកផ្តើម​គំនិតយក​មក​បំពុលបរិយាកាស​នយោបាយ​នៅកម្ពុជា​ពេល​នេះ?
បើតាមប្រភព​ស្និតនឹងមន្ត្រី​ក្នុង​គណៈកម្មាធិការនាយករ​បស់គណបក្ស​សង្គ្រោះជាតិ បាន​លួចខ្សឹប​ប្រាប់ថា ឯកសារ​ដែលធ្វើឲ្យ «វ៉ល់វ៉ល់» ក្នុងគណបក្ស​ប្រឆាំង និងសង្គម​កម្ពុជា នាពេលនេះ អាច​បញ្ចេញ​ដោយ​លោកតំណាង​រាស្ត្រ អ៊ុ សំអាន ដែលកន្លង​មកលោក​តែងតែ​សកម្មក្នុងរឿង​ព្រំដែន​តាមរបៀប​ខុសច្បាប់ និង​ខុស​រឿង​ជាញយដង ហើយ​ដែល​ក្រុមតំណាង​រាស្ត្ររបស់បក្ស​ប្រឆាំង​គ្នាឯង​លួច​ចំអក និង​ឲ្យឈ្មោះថា «អាជោរ» ខាង​យក «បុង» ជាមួយ​លោកប្រធាន។ យោង​តាមប្រ​ភពនេះ ក្រុមអ្នក​វិភាគ បានចាប់​អារម្មណ៍ថា វាពិត​ជាអាច​ទាក់ទង​នឹងលោក អ៊ុ សំអាន និង​ការសម្រេច​ឲ្យផ្សព្វផ្សាយ​របស់លោក កឹម សុខា មែន ព្រោះ​អីពេល​នេះតំណាងរាស្ត្ររូ​បនេះបាន​ដាក់មេប្រូច​ជិះតាក់ស៊ីទៅប្រទេស​ថៃបាត់ទៅ​ហើយ ចំណែក​លោក កឹម សុខា រឹតតែរត់​បានលឿន និងឆ្ងាយ​ជាងលោក អ៊ុ សំអាន តាម​ជើងយន្ត​ហោះទៅអូ​ស្ត្រាលីដែរ ដែលសុភាសិត​បុរាណបានពោល​ថា៖ « គោដំបៅ​ខ្នង ក្អែកហើរ​រំលង រសាយកន្ទុយ » ឬគេហៅ​ថា « តំរិះជិះ​កឯង » 
ដូច្នេះ រឿង​លោក ហុង សុខហួរ ដែលត្រូវបាន​អយ្យការ​អមសាលា​ដំបូងរាជធានីស​ម្រេចចោទប្រកាន់​ចំនួន៣បទល្មើស ពីបទ​ក្លែងបន្លំឯក​សារសាធារណៈ បទប្រើប្រាស់​ឯកសារ​សាធារណៈក្លែង និងបទ​ញុះញង់​បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គមនោះ អាច​នឹង​មានអ្នក​ជាប់ពាក់ព័ន្ធ​ជាមេក្លោង ច្រើនទៀត នៅពីក្រោយ​ប្រសិន​បើលោក ហុង សុខហួរ ឆ្លើយសារភាព នៅចំពោះ​មុខតុលាការ។
តើរឿង​ក្តីមួយនេះ​នឹងមានមនុស្សប៉ុន្មាន​នាក់ពាក់ព័ន្ធ​ដូចសម្លរកំ​ពឹសនោះក្រុមអ្នក​វិភាគនឹងបន្តតាម​ដាន ហើយ​សង្ឃឹម​ថាតុលាការ​នឹងអនុវត្ត​យ៉ាងត្រឹម​ត្រូវទៅតាម​យុត្តិសាស្ត្រ ( Jurise Prudence ) របស់​ខ្លួន៕

No comments:

Post a Comment