Wednesday, April 12, 2017

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះជួបថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាលើកដំបូង ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះជួបសំណេះសំណាលថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរាផ្ទាល់។ នេះគឺជាជំនួបដំបូងបង្អស់របស់លោកស្រីក្នុងឋានៈជាប្រធានអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រីឱ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រីរដ្ឋមន្ត្រី បានស្តាប់របាយការណ៍សង្ខេបអំពីស្ថានភាពទូទៅនៃអាជ្ញាធរជាតិអប្សរាដែលរាយការណ៍ជូនដោយលោក ស៊ុំ ម៉ាប់ អគ្គនា​យកអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី បានរំឭកឡើងវិញនូវស្នាដៃសំខាន់ៗនៃអតីតប្រធានអាជ្ញាធរជាតិអប្សរា គឺលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជាអាទិ៍ គឺការការពារបាននូវរមណី​យ​ដ្ឋានអង្គរ និងកេរ្តិ៍ឈ្មោះនៃអង្គរលើឆាកអន្តរជាតិ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាអនុសាសន៍ណែនាំ លោកស្រី បានរំឭកឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់បន្តដំណើរទៅមុខទៀត ក្នុងបេសកកម្មបម្រើបេតិកភណ្ឌអង្គរ និងរួមគ្នាបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យស្របនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណី​យដ្ឋានអង្គរប្រកបដោយចីរភាព៕



No comments:

Post a Comment