Wednesday, April 12, 2017

អ៊ី​រ៉ង់​ចុះហត្ថ​លេខា​ទិញ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ ២០​គ្រឿង​ពី​ក្រុម​ហ៊ុន ATR

អនុរដ្ឋមន្ត្រីក្រសួងផ្លូវថ្នល់និងអភិវឌ្ឍក្រុងអ៊ីរ៉ង់បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ATR ដើម្បីទិញយន្តហោះដឹកអ្នកដំណើរចំនួន ២០គ្រឿង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅថ្ងៃនេះ។

លោក Asqar Fakhriyeh Kashan បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីរ៉ង់ (អ៊ីរ៉ង់អ៊ែរ) បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ATR ដើម្បីទិញយន្តហោះប្រភេទ ATR 72-600 ចំនួន ២០គ្រឿង។
កាលពីខែកុម្ភៈ លោក Fakhriyeh Kashan បានប្រកាសពីកិច្ចពិភាក្សាជាមួយមន្ត្រី ATR ដោយនិយាយថា បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ATR ដែលមានតម្លៃ ៤០០លានដុល្លារសហរដ្ឋអាមេរិក យន្តហោះដឹកអ្នកដំណើរ ២០គ្រឿងនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់តាមពេលវេលាដែលបានកំណត់។
គួរបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០១៦ អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន Airbus ដើម្បីទិញយន្ដហោះ ១០០គ្រឿងដែលមានតម្លៃជាង ១៨ពាន់លានដុល្លារអាម៉េរិក។ នៅខែធ្នូ ដដែលនេះប្រទេសអ៊ីរ៉ង់បានសម្រេចកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយក្រុមហ៊ុនប៊ូអ៊ីងអាម៉េរិក ដើម្បីទិញយន្តហោះពាណិជ្ជកម្មចំនួន ៨០គ្រឿង។ កិច្ចព្រមព្រៀងនេះមានការទិញយន្តហោះម៉ាស៊ីនភ្លោះ Boeing 737 ចំនួន ៥០គ្រឿង និងយន្តហោះប្រភេទ 777 រយៈចម្ងាយឆ្ងាយចំនួន ៣០គ្រឿង ដែលមានតម្លៃសរុប ១៦,៦ពាន់លានដុល្លារ៕

No comments:

Post a Comment