Friday, April 28, 2017

ក្រសួង​បរិស្ថាន រៀប​ចំកិច្ចប្រ​ជុំស្តីពី​សេ​ចក្តី​ព្រាងទ្វេ​ភាគី កម្ពុជា-រុស្ស៊ី លើ​កិច្ចសហ​ប្រតិ​បត្តិការក្នុង​ការប្រើ​ប្រាស់​ថាម​ពលនុយ​ក្លែអ៊ែ

នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ កម្ពុជា-រុស្ស៊ីស្តីពីសេចក្តីព្រាងទ្វេភាគីកម្ពុជា-រុស្ស៊ី លើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លែអ៊ែ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្រោមការដឹកនាំរបស់លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងជាសហប្រធានក្រុមការងាររួមកម្ពុជា-រុស្ស៊ី និង លោក Todeson Sergey អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាជីវកម្មថាមពលបរមាណូរដ្ឋ (Rosatom) និងជាប្រធានគណៈប្រតិភូរុស្ស៊ី។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះមានការចូលរួមពីភាគីរុស្ស៊ី ចំនួន ៦នាក់ និងភាគីកម្ពុជាចំនួន ១៥នាក់ ដែលជាសមាជិកក្រុមការងាររួមកម្ពុជា-រុស្ស៊ី តំណាងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច.។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីពា្រងចុងក្រោយ នៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនៃការប្រើប្រាស់ថាមពលនុយក្លែអ៊ែ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងការត្រៀមរៀបចំនីតិវិធីចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ នាពេលខាងមុខ។
បន្ទាប់ពីបានស្វាគមន៍ និងពិភាក្សាលើសេក្តីព្រាងនៃកិច្ចព្រមព្រៀងភាគីទាំងពីរ បានឯកភាពគ្នា ចាប់ផ្តើមអនុម័តលើនីតិវិធីផ្ទៃក្នុងនៃកិច្ចព្រមព្រៀង។ ខ្លឹមសារនៃកិច្ចព្រមព្រៀងជាច្រើនត្រូវបានកែសម្រួលឡើងវិញ ដូចនេះ Rosatom និង ក.ជ.អ.ច.ត្រូវតែរៀបចំបញ្ចប់ការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅការចុះហត្ថលេខាទ្វេភាគី នៅក្នុងអំឡុងពេលកិច្ចប្រជុំអន្តររដ្ឋាភិបាល កម្ពុជា-រុស្ស៊ីលើកទី១០ ស្តីពី ពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកទេស នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
ក្រោយពីកិច្ចប្រជុំបច្ចេកទេសនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបស្វាគមន៍គណៈប្រតិភូរុស្ស៊ី និងពិភាក្សាការងារ ក្នុងឱកាសអាហាររួមគ្នាថ្ងៃត្រង់ ដោយលោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះសម្រាប់កម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ដោយបញ្ជាក់អំពីជំហានថ្មីមួយក្នុងដំណើរអភិវឌ្ឍ របស់ជាតិចេញពី ស្ថានភាពជាប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប៕


No comments:

Post a Comment