Friday, February 01, 2019

លោក នេត សាវឿន ដាក់ចេញនូវភារកិច្ចសំខាន់ ៤ចំនុច ជូនស្នងការនគរបាលខេត្តថ្មី​ និងមន្រ្តីនគរបាល​ខេត្តប៉ៃលិន​ ដែលជាក្តីសង្ឃឹម​របស់ប្រជាពលរដ្ឋ​

ប៉ៃលិន៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន បានរៀបចំពិធី ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក នេត សាវឿន អគ្គស្នងការនគរបាល ជាតិ តំណាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កនេះ បានធ្វើឡើងក្នុង ពេលដែលលោកឧត្តមសេនីយ៌ត្រី ជា ចាន់ឌិន ដល់អាយុចូលនិវត្តន៍ស្របតាម ច្បាប់របស់កងកំលាំង ក៏ដូចជាទៅតាមក្រឹត្យក្រមពេលវេលានៃការបំពេញ ការងារកន្លងមក។ បើយោងតាមសេចក្តីប្រកាសលេខ ៦៧៨ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តម សេនីយ៍ទោ សេង សុគន្ធ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន បានបញ្ចាក់ថា ក្នុងឆ្នាំកន្លងមកសភាពការណ៍បទល្មើសព្រហ្មទណ្ឌដែលកើតឡើងមាន ៧២លើក ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន៨លើក បទល្មើសមជ្ឈឹម៦៤លើក។ ការបង្រ្កាប បទល្មើសជាក់ស្តែងបានចំនួន១០១លើក បង្រ្កាបតាមដីការ៩លើក ជាមួយគ្នា នេះចំពោះបញ្ហាការត្រួតពិនិត្យរបស់ចរាចរណ៍ផ្លូវគោក បានធ្វើការអប់រំដល់អ្នក បើកបររថយន្តចំនួន ១១០៨នាក់ និងម៉ូតូចំនួន១៣៩៨នាក់ ជាមួយនេះក៏បានធ្វើការ ផាកពិន័យលើបទល្មើសយានយន្តចំនួន១១៦៨គ្រឿង ក្នុងនោះរថយន្តធុន ស្រាលចំនួន ៧៣៨ គ្រឿង រថយន្តធុនធ្ងន់៥៧គ្រឿង និងម៉ូតូចំនួន៣៦៨គ្រឿង។
ការងារអត្តសញ្ញាណកម្ម បានធ្វើសៀវភៅគ្រួសារជូនប្រជាពលរដ្ឋចំនួន ២២០ក្បាល ប្រមូលទិន្នន័យអត្តសញ្ញាប័ណ្ណសញញជាតិខ្មែរបានចំនួន៣២១០នាក់ បញ្ជូនទិន្នន័យអត្តសញ្ញាណប័ណ្ណទៅក្រសួងមហាផ្ទៃបានចំនួន៣១៩៩ សន្លឹក និងបានចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរបានចំនួន២១៩៩ សន្លឹក។
ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក្នុងនាមអភិបាលខេត្ត និងក្នុងនាមគណៈ បញ្ជាការឯកភាពខេត្តបាន ធ្វើការវាយតម្លៃខ្ពស់ចំពោះកងកំលាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចជំនាញធ្វើឲ្យសភាពការសន្តិសុខ សណ្ឋាប់ធ្នាប់ សាធារណៈក្នុងខេត្តមានលក្ខណៈល្អប្រសើរ ធ្វើអោយប្រជាពលរដ្ឋរស់នៅសុខសាន្ត គ្មានការភ័យខ្លាច និងមានជីវភាពរីកចម្រើនគួរជាទីមោទនៈ។
ជាពិសេសកងកំលាំង បានចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ ធ្វើឲ្យដំណើការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា កើតឡើង ហើយគ្រប់ភាគីពាក់ព័ន្ធដែលចូលរួមសង្កេត ការណ៍ទាំងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានដ៏ត្រចះត្រង់កន្លងមកនេះ លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់លោកស្នងការដែលត្រូវបំពេញភារកិច្ចថ្មីក្នុងដែនសមត្ថិកិច្ចខេត្តប៉ៃលិន ត្រូវបន្តពង្រឹងស្មារតីសាមគ្កីឯកភាពផ្ទៃក្នុងរឹងមាំ ត្រូវធ្វើជាសេនាធិការអោយបាន ល្អរបស់គណៈបញ្ជាការឯកភាពខេត្ត ពិនិត្យអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់ទំនិញគេចពន្ធ និងពលករឆ្លងដែន ខុសច្បាប់ដោយសហការជាមួយកងកំលាំងដែលនៅជាប់ជាមួយព្រំដែន និងសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលមានភូមិផង របងជាមួយគ្នា។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៏លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះគឺការបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះ ឈ្នះ ដែលធ្វើអោយមានការឯកភាពទឹកដីទាំងស្រុងធ្វើអោយប្រទេសដែលពីមុនមានតំបន់ត្រួតត្រាច្រើន ក្លាយជាប្រទេសមួយដែលមានតំបន់ត្រួត្រាមួយ មានព្រះមហាក្រត្យ តែមួយ មានរដ្ឋធម្មនុញ្ញមួយ និងមានកងកំលាំងប្រដាប់អាវុធជាតិតែមួយ។
អគ្គស្នងការនគរបាលជាតិ ក៏បានវាយតម្លៃចំពោះការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលមានស្នាដៃច្រើន ដែលមិនអាចគណនាអស់ ក្នុងការថែររក្សាសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈ ចូលរួមទប់ស្កាត់បាននូវរាល់គំនិតសកម្មភាពក្រុមជនអគតិដែលព្យាយាម ម្តងហើយ ម្តងទៀត ក្នុងការបង្ករអសន្តិសុខ ចលាចលសង្គម ធ្វើឲ្យមានដបិវត្តន៏ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តធម៌ និងការបង្ហាញឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។
លើសពីនេះ លោក នេត សាវឿន ក៏បានណែនាំដល់លោកស្នងការថ្មី និងមន្រ្តី នគរបាលទាំងអស់ត្រូវខិតខំបន្តយកចិត្តទុកដាក់សម្រេចឲ្យបាននូវសមិទ្ធិផលថ្មីៗ ថែមទៀតសម្រាប់បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវមានវិន័យ មានចរិយាល្អប្រពៃសាកសមជាកងកំលាំងរបស់ជាតិជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀតត្រូវរៀនសូត្រនូវទម្លាប់ការងារពីចៅហ្វាយប្រជាពលរដ្ឋ មកជាអ្នកបម្រើ ជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អនៅលើជំនាញនីមួយៗដែលខ្លួនត្រូវទទួលខុសត្រូវ ដូចជាចូលរួមទប់ស្កាត់បទល្មើស ចោរកម្ម ចោរលួច ចោរប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងត្រូវបង្កើនកិច្ចសហការជាមួយកងកំលំាង ប្រដាប់អាវុធ គ្រប់ប្រភេទ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដើម្បីប្រែក្លាយព្រំដែនទាំងពីរទៅជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
បន្ថែមពីនោះ លោកក៏បានដាក់ចេញនូវភារកិច្ច សំខាន់ចំនួន៤ចំណុច ក្នុងនោះ ទី១ត្រូវធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបង្កើនសមត្ថភាពជំនាញឲ្យបានសមស្រប ទៅតាមមុខតំណែងនិងភារៈកិច្ចទទួលខុសត្រូវ ទី២ត្រូវពង្រឹងកំលាំងគ្រប់គ្រង ស្ថានការណ៍ក្នុងខេត្ត ជាពិសេសប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ត្រូវបើកទ្វារទទួលដោះ ស្រាយការងារជូនប្រជាពលរដ្ឋទាំងក្នុងម៉ោងរដ្ឋបាល និងការប្តូរវេនប្រចាំការ ក្រៅម៉ោងរដ្ឋបាលដូចជាពេលយប់ និងពេលសម្រាកជាដើម ទី៣ ត្រូវយកចិត្តទុកដាក់ ទៅលើកំលាំងអន្តរគមន៍ ដែលត្រូវធ្វើការប្តូរវេនជាអចិន្រ្តៃយ៍ ឃ្លាំមើលសភាពការណ៍ ទូទៅ ក្នុងនោះត្រូវធ្វើការដោះស្រាយទីកន្លែងធ្វើការ ការហូបចុក និងមធ្យោបាយ សម្រាប់ចុះប្រតិបត្តិការ និងទី៤ ត្រូវបង្កើនទំនាក់ទំនងល្អរវាងកងកំលាំងទាំងអស់ ជ្រោងទង់ស្មារតីសាមគ្គីឯកភាព ក្នុងនាមជាអាណាព្យាបាលនៅនិងកន្លែង។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះផងដែរ អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភដល់កងកំលាំងនូវដំបងចរាចរណ៍ចំនួន៥០ អាវចរាចរណ៍ចំនួន៥០ អាវកងអន្តរាគមន៍ចំនួន៥០ ថវិកាចំនួន៥លានរៀល ឧបត្ថម្ភដល់កងតំបន់ ប្រតិបត្តិការសឹងរងខេត្តថវិកា៣លានរៀល និងកងរាជអាវុធហត្ថចំនួន៣លានរៀល៕


No comments:

Post a Comment