Friday, July 28, 2017

សាលាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកបទពិសោធន៍ និងការប្រព្រឹត្តទៅ​ នៃដំណើរការ​យកសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ថ្ងៃទី២១​ ខែសីហា​ ខាងមុខ​

កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកបទពិសោធន៍ និងការប្រព្រឹត្តទៅ នៃដំណើរការយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងជំនួបប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ទូច ស៊ុនណារី ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ដោយមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងស.ស.យ.កខេត្ត និងអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តផងដែរ។

ក្នុងឱកាសនោះ លោក គិត មីនារិទ្ធ អនុប្រធានប្រធានមន្ទីរអប់រំខេត្ត បានគោរពរាយការណ៍ជូនគណៈអធិបតីថា សម្រាប់ឆ្នាំ២០១៧នេះ ខេត្តកំពង់ឆ្នាំង មាន៦មណ្ឌល បេក្ខជនប្រឡង៤០០៣នាក់ ស្រី២០០១នាក់។

លោកក៏បានជម្រាបជូនយ៉ាងលំអិតថា មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន៤មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត (ខាងកើត) មានចំនួន៣២ បន្ទប់ បេក្ខជនប្រឡងចំនួន៨០០នាក់ មណ្ឌលវិទ្យាល័យ ព្រះបាទសុរាម្រឹត (ខាងលិច) មាន២៨ បន្ទប់ បេក្ខន៧០០នាក់។ មណ្ឌលបឋមសិក្សាគំរូក្រុង(ខាងត្បូង) មាន២១បន្ទប់ បេក្ខជន៥២៥នាក់ និងមណ្ឌលបឋមសិក្សាគំរូក្រុង (ខាងជើង) មាន២០បន្ទប់ បេក្ខជន៤៨៦នាក់ បេក្ខជនសរុប២៥១១នាក់ ស្រី១៣៥០នាក់ និងមាន១០១បន្ទប់។

ដោយឡែក មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មាន២មណ្ឌល គឺមណ្ឌលវិទ្យាល័យ ក្រុងកំពង់ឆ្នាំង មាន៣០ បន្ទប់ បេក្ខជន៧៥០នាក់ ស្រី៣៣០នាក់ និងមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ មាន៣០បន្ទប់ បេក្ខជន៧៤២ នាក់ ស្រី៣២១នាក់។

ជាមួយគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានជម្រុញឲ្យកម្លាំងប្រដាប់អាវុធបង្កើនកម្លាំង ដើម្បីធ្វអន្តរាមន៍នៅគ្រប់បរិវេណមណ្ឌលប្រឡង និងរាយការណ៍បន្ទាន់ទៅអ.ប.ព ក្នុងករណីមានសំណូកសូកប៉ាន់ និងការរំខានណាមួយដល់ដំណើរការប្រឡងរបស់បេក្ខជន។

លើសពីនោះ លោកបានបន្តជម្រុញឲ្យមន្ទីរអប់រំ សហការជាមួយកងកម្លាំង បិទកន្លែងអាជីវកម្មថតចម្លងឯកសារនានាក្នុងរយៈពេលនៃដំណើការប្រឡង ជាពិសេសជាងនេះទៅទៀត លោកបានសំណូមពរឱ្យខាងមន្ទីរសុខាភិបាល ត្រៀមសហការសម្របសម្រួលចាត់បញ្ជូនកម្លាំងទៅប្រចាំការគ្រប់មណ្ឌលប្រឡង ក្នុងករណីមានបេក្ខជនណាម្នាក់មានបញ្ហាមិនស្រួលផ្នែកសុខភាព៕





No comments:

Post a Comment