Thursday, May 11, 2017

ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី កោតសរសើរចំពោះស្ថិរភាពនយោបាយ សន្តិភាព និងគោលនយោបាយគាំទ្រអ្នកវិនិយោគរបស់កម្ពុជា

លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (The Asian Infrastructure Investment Bank (AIIB) បានថ្លែងកោតសរសើរចំពោះស្ថិរភាពនយោបាយ សន្តិភាព និងគោលនយោបាយគាំទ្រ អ្នកវិនិយោគរបស់កម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក Li Qun Jin ពេញចិត្តចំពោះស្ថិរភាពនយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រអ្នកវិនិយោគ ដែលផ្តល់នូវកិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគិន។ លោកបន្ថែមថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវមួយ ដែលពោរពេញទៅដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា។
លោក Li Qun Jin ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់ជាទីបំផុត។ កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍។ ការអភិវឌ្ឍន៍ដែលប្រកបដោយភាពរស់រវើក គឺពិតជាជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកលូតលាស់ទៅមុខដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។ លោក Li Qun Jin ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីផងដែរថា នៅពេលនេះធនាគារ AIIB មានសមាជិកចំនូន ៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកអំពីការខិតខំទាក់ទាញវិនិយោគទុនក្នុងការជំរុញ ការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មឱ្យកាន់តែច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥- ២០២៥ ដែលកំពុងតែជំរុញនិងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាងណាជំរុញកម្ពុជាឱ្យរីកចម្រើនឆាប់រហ័សលឿនទៅមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ធនាគារ AIIB ដែលធ្វើជាសហប្រធានក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។ លោក ក៏បានបញ្ជាក់អំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់កម្ពុជារួមមាន៖ ១-ការអភិវឌ្ឍធនធានមនុស្ស, ២-ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ៣-ការផ្គត់ផ្គង់និងដោះស្រាយទឹក និង ៤-វិស័យថាមពលអគ្គិសនី៕






No comments:

Post a Comment