Monday, December 04, 2017

ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស នៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ

បន្ទាប់ពីមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោកនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

ក្រោយពីជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនត្រូវបានធ្វើឡើង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស វិស័យពលកម្ម ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា ជលផល និងទេសចរណ៍ ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ។

នៅវេលាម៉ោងប្រមាណ ១១ៈ០០នាទីព្រឹកថ្ងៃដដែលនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បានអញ្ជើញចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់មក នៅវេលាម៉ោងប្រមាណជាង ៣រសៀល លោកស្រីនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមធុរជនកម្ពុជា ដែលសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីពិភាក្សាក៏ដូចជាទាក់ទាញការនិយោគទៅកាន់ប្រទេសរបស់លោកស្រី។

នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃដដែលនេះ លោកស្រី សេក្ខ ហាស៊ីណា បានជួបពិភាក្សាការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ហើយបន្ទាប់មកលោកស្រី ក៏បានអញ្ជើញចូលជួបសន្ទនា និងពិភាក្សាការងារជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

នៅវេលាម៉ោង ០៦៖៣០នាទីល្ងាចនេះដែរ កម្ពុជាក៏បានរៀបចំអាហារពេលល្ងាចជូនលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាពផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជារួច លោកស្រីនាយករដ្ឋមន្រ្តី បង់ក្លាដែស នឹងអញ្ជើញចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ៕







No comments:

Post a Comment