Wednesday, April 03, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញស្ពានជ្រោយចង្វារទី១

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួមគ្នាបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។
នៅក្នុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទៅដល់គឺមានប្រជាពលរដ្ឋនិងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានចូលរួមអបអរសាទរចាប់តាំងពីគល់ស្ពានត្រើយខាងលិច រហូត ដល់ចុងស្ពានត្រើយខាងកើតជាមួយទឹកមុខរីករាយ និងមោទនៈបំផុត។ ការជួសជុលស្ពាននេះគឺបានចំណាយថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាព រឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។
ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេ សាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់ឱ្យនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ៕











No comments:

Post a Comment