Friday, April 02, 2021

យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម

 កំពង់ចាម៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ កម្មវិធីបើកក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើងបាត់បង់ម្ចាស់ការគ្រប់គ្រងទៅហើយ។ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន។ លោកបានមានប្រសាសន៍ទៀតថា កន្លងមក ខេត្តកំពង់ចាមយើង បានរងឥទ្ធិពល នៃការឆ្លងជម្ងឺកូវីដ ១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺ ខេត្តរបស់យើង មិនមានជម្ងឺនេះ ផ្ទុះឡើងដោយឯកឯង នៅក្នុងសហគមន៍នោះឡើយ។ ដូច្នេះ ប្រការនេះហើយ ដែលយើងនាំគ្នា មកទទួលវ៉ាក់សាំងបង្ការ ពីព្រោះថានៅពេលយើងម្នាក់ៗបានចាក់វ៉ាក់សាំងនេះហើយ គឺយើងនឹងទទួលបាន កងការពារនៅក្នុងខ្លួនយើង ដែលមានលទ្ធភាព អាចការពាររាងកាយយើង រហូតដល់ទៅក្នុងរង្វង់ ៩០% ដែលជៀសផុត ពីការឆ្លងជម្ងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា ផែនការយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង ចំនួន ៣៩.០០០ដូស ដែលអាចចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចំនួន ១៨.០០០នាក់ ហើយយុទ្ធនាការនេះ អនុវត្តរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ពោលគឺ ចាប់ពីថ្ងៃទី០១ រហូតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ៕





No comments:

Post a Comment