Monday, August 14, 2017

អភិបាលរងក្រុងបាវិត ស្នើបងប្អូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ជួយថែរក្សាផ្លូវ​ ព្រោះវាជា​ផលប្រយោជន៍​រួមរបស់យើង​ទាំងអស់គ្នា​

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងជាអនុប្រធានចុះជួយពង្រឹងគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រៃអង្គុញបានថ្លែងថា បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវចាក់ក្រាលថ្មម៉ិចមួយខ្សែ ដែលស្ថាបនាជួសជុលនេះហើយ សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះជួយថែរក្សាអោយបានគង់វង្ស ព្រោះវាជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។
លោកបានថ្លែងបែបនេះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងផ្លូវចាក់ក្រាលថ្មម៉ិចមួយខ្សែជាង២០០ម៉ែត្រ ដែលទើបនិងស្ថាបនាជួសជុលរួចហើយក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
អភិបាលរងក្រុងបាវិត បានបន្តថា ដោយមើលឃើញផ្លូវលំមួយខ្សែនេះ មានសភាពតូចចង្អៀត ហើយពិបាកក្នុងការធ្វើដំណើរ ទើបអាជ្ញាធរសង្កាត់បានស្នើរសុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជួយសម្រួលក្នុងការពង្រីកបន្ថែមហើយមិនតែប៉ុណ្ណោះដោយមានបងៗសប្បុរសជននានានៅក្រុងបាវិតក៏ដូចជារូបលោក និងលោក ជ័យ សុន ប្រធានក្រុមការងារសង្កាត់ព្រមទាំងសហការី ក៏បានកៀគរគ្នាបានជាថវិកាមួយចំនួនក្នុងការរួមចំណែកជួសជុលនិងស្ថាបនាផ្លួវនេះតែម្ដង។
ជាមួយគ្នានេះដែរ លោកក៏បានជម្រុញដល់លោកមេភូមិ ចៅសង្កាត់ព្រៃអង្គុញត្រូវមានការស្វែងយល់អំពីតម្រូវការសុខទុក្ខកង្វល់នានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខអោយកាន់តែប្រសើរឡើងបន្ថែមទៀត៕





No comments:

Post a Comment