Monday, August 14, 2017

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ប្រជាពលរដ្ឋ​ ឲ្យចូលរួមសហការ​ និងស្ម័គ្រចិត្ត​ក្នុងការរុះរើ​សំណង់​ខុសច្បាប់​ដោយខ្លួនឯង​

គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ។

លទ្ធផលការងារដែលទទួលបានពីគោលដៅមាន ក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ គឺមានសំណង់ខុសច្បាប់ចំនួន១០៩ករណី ដែលក្នុងនោះ៦៥ករណីត្រូវបានរុះរើរួចរាល់ជាស្ថាពរដោយក្រុមគណៈកម្មការចម្រុះ និង៤៤ករណីម្ចាស់សំណង់បានស្ម័គ្រចិត្តធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង តែនៅមិនទាន់រុះរើរួចរាល់នៅឡើយ។

ក្រុមគណៈកម្មការចម្រុះនឹងបន្តកិច្ចការនេះរហូតបញ្ចប់ទៅតាមគម្រោង ហើយអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ជៀសវាងការខូចខាតទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់បងប្អូនធ្ងន់ធ្ងរ។ ការអនុវត្តតាមច្បាប់នេះ គឺដើម្បីរួមគ្នាការពាររមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រ ដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរ៕








No comments:

Post a Comment