Thursday, November 17, 2016

អាជ្ញាធរជាតិអប្សរាបណ្តុះបណ្តាលបុគ្គលិកថ្មីជាង២០០នាក់អំពីការគ្រប់គ្រងឧទ្យានអង្គរស្របតាមស្តង់ដារអន្តរជាតិ ISO 14001

នាថ្ងៃព្រឹកទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានដល់មន្ត្រីជំរុញការងារបរិស្ថានបន្ថែមនិងបុគ្គលិកទើបចូលបម្រើការងារថ្មីមកពីគ្រប់នាយកដ្ឋានផ្សេងៗ និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរា  ប្រមាណជាង២០០នាក់ដើម្បីពង្រឹងការយល់ដឹងពីបរិស្ថានក្នុងការបំពេញការងាររបស់ខ្លួន។ វគ្គនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ។
លោក សុខ លក្ខិណា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះឡើង គឺ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំរុញការងារបរិស្ថានបន្ថែមនិងបុគ្គលិកទើបនឹងចូលបម្រើការងារថ្មី ក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាដើម្បីឲ្យពួកគាត់បានយល់ ហើយធ្វើការងារដោយមានការគិតគូរទៅដល់គោលការណ៍ បរិស្ថានជាចម្បង។ លោកបានបន្ថែមថា ការរៀបចំនេះ ដើម្បីត្រៀមខ្លួនទទួលបានការវាយតម្លៃធានាគុណភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានពីស្ថាប័នធានាគុណភាពជប៉ុន JQA(Japan Quality Assurance)ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001ជាបន្តបន្ទាប់ទៀតផង។
លោក ស្រ៊េង ឡេង បុគ្គលិកអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះបានលើកឡើងថាខ្លឹមសារនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើអត្ថន័យ ISO 14001 មូលហេតុអាជ្ញាធរជាតិអប្សរាយកប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001 មកអនុវត្តក្នុងតំបន់ឧទ្យានអង្គរ គោលនយោបាយបរិស្ថាន ទស្សនៈសំខាន់ៗនៃការគ្រប់គ្រងបរិស្ថាន តួនាទីរបស់អាជ្ញាធរជាតិអប្សរាចំពោះបរិស្ថាន  និងការគ្រប់គ្រងសំរាមក្នុងតំបន់ឧទ្យានអង្គរឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យតំបន់ឧទ្យានអង្គរមានបរិស្ថានស្អាតនិងទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន។
លោក ឡៅ គឹមលាង ជាអ្នកសម្របសម្រួលក្នុងវគ្គនេះបានលើកឡើងថា ការគ្រប់គ្រង់ប្រព័ន្ធបរិស្ថានក្នុងតំបន់ឧទ្យានអង្គរនេះគឺទាមទារឲ្យមនុស្សគ្រប់រូបដែលជាប់ពាក់ព័ន្ធទាំងអស់យល់ដឹង ហើយចូលរួមគ្នាជួយថែរក្សាបរិស្ថានទៅតាមលទ្ធភាពរៀងៗខ្លួន ធ្វើយ៉ាងណាឲ្យមនុស្សគ្រប់រូបមុននឹងធ្វើសកម្មភាពអ្វីៗនឹកឃើញដល់ផលប៉ះពាល់បរិស្ថានជានិច្ច។ កាលណាមនុស្សគ្រប់រូបអាចគិតឃើញយ៉ាងនេះបានលុះត្រាតែមានអប់រំផ្សព្វផ្សាយឲ្យទូលំទូលាយជាប្រចាំ និងមានការផាកពិន័យឲ្យបានតឹងរ៉ឹងផងទើបបរិស្ថានស្អាត។
លោក សួន ឡា ភ្នាក់ងារទេសចរណ៍បានសម្តែងការសប្បាយរីករាយ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រង់បរិស្ថាននេះ។ វគ្គនេះវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវស្វែងយល់ហើយចូលរួមជួយថែរក្សាបរិស្ថានទាំងអស់គ្នា។ លោកបញ្ជាក់ថាលោកបានទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពីវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះ ហើយលោកប្តេជ្ញាចិត្តថានឹងយកចំណេះដឹងនេះទៅអនុវត្ត និងជួយផ្សព្វផ្សាយដល់បងប្អូនអ្នកលក់ដូរនិងប្រជាពលរដ្ឋបន្តទៀតដើម្បីឲ្យតំបន់រមណីយដ្ឋានអង្គរស្អាតនិងបរិស្ថានល្អ៕






No comments:

Post a Comment