Thursday, November 17, 2016

លោក​ស្រី ថាក់ ឡានី ត្រូវ​តុលាការ​សម្រេចផ្ត​ន្ទាទោស ដាក់​ពន្ធនា​គារ១​ឆ្នាំកន្លះ និងពិ​ន័យជា​ប្រាក់​៨​លានរៀល

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោស លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០០រៀល ។ សាលក្រមនេះក៏បង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនអ្នកស្រី ថាក់ ឡានី ផងដែរ ។
សូមបញ្ជាក់ផងដែរថា អ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី ត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្ត អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់លោកស្រីនិយាយចោទសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាថា ជាអ្នកបាញ់សម្លាប់ លោក កែម ឡី នៅក្នុងវេទិកាមួយនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ។
លោកមេធាវី គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងកន្លងមកថា ការចោទប្រកាន់ដោយមិនមានភស្តុតាងរបស់ លោកស្រី ថាក់ ឡានី ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសសម្តេច ហ៊ុន សែន។ ជាមួយគ្នានេះ លោកបានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការ ចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល៕

No comments:

Post a Comment