Thursday, November 17, 2016

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយអាចារ្យ- អាចារ្យរិនីជិត១០០០នាក់ មកពីទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូបសំណេះសំណាលជាមួយអាចារ្យ-អាចារ្យរិនី និងតំណាងអាចារ្យជិត១ពាន់នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលបានប្រារព្ធឡើងនៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៦ ។  សម្តេចតេជោ បានសង្កត់ធ្ងន់ និងបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូករបស់ជាតិ ក៏ដូចជាការលើកតម្កើងព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជាតិអោយកាន់តែរីកចម្រើនរុងរឿង និងរក្សាបាននូវអត្តសញ្ញាណជាតិដ៏ល្អផូរផងរបស់ខ្មែរដែលបានបន្សល់ទុកពីដូនតារៀងរហូតមក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កំណើនប្រជាជនកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំធ្វើអោយតម្រូវការអាចារ្យក៏កាន់តែច្រើនឡើងថែមទៀត និងស្របទៅនឹងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ សម្តេចបានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃវប្បធម៌បរទេសបានហូរចូលក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ហើយមានអ្នកខ្លះក៏ទទួលនូវវប្បធម៌បរទេស និងអ្នកខ្លះទៀតមិនទទួលយក។ ការទទួលយកឬមិនទទួលយកគឺអាស្រ័យទៅលើខ្លួនយើងម្នាក់ៗប៉ុណ្ណោះ ហើយបើម្នាក់ៗមិនព្រមទទួលយកនូវវប្បធម៌បរទេសទេនោះ វប្បធម៌បរទេសក៏មិនចេះតែហូរចូលមកក្នុងប្រទេសកម្ពុជា ដោយងាយៗនោះដែរ ហើយការហូរចូលនេះ វាមិនមែនជាការឈ្លានពានខាងផ្នែកវប្បធម៌នោះទេ។
សម្តេចតេជោ មានប្រសាសន៍ថា យើងមានវប្បធម៌ប្រពៃណីដ៏ល្អហើយ យើងគួចេះថែរក្សាអោយបានល្អ ដើម្បីទុកសំរាប់ជាមរតកអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ដែលអ្នកជំនាន់មុនរក្សាបានរហូតមកដល់សព្វថ្ងៃ បន្ទាប់ពីបាត់បង់ដោយសារភ្លើងសង្រ្គាម និងបានប្តេជ្ញាថា អ្វីដែលវប្បធម៌ប្រពៃណីបានរស់នៅ និងសេសសល់នៅពេលនេះ មិនត្រូវអោយបាត់បង់តទៅទៀតដោយសារសង្គ្រាមនោះទេ ជាឧទាហរណ៍ដែលប្រទេសមួយចំនួនកំពុងតែយាយីទៅដោយសង្គ្រាមនាពេលបច្ចុប្បន្ន។
ក្រៅពីនោះសម្តេចតេជោ បានចាត់ទុកអាចារ្យដែលជាអ្នករៀបចំពិធីទាំងអស់ គឺជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងផ្នែកពុទ្ធសាសនា វប្បធម៌ ប្រពៃណីរបស់ជាតិ ហើយទីវត្តអារាម និងព្រះសង្ឃគឺជាកន្លែងដែលរក្សាទុកបាននូវឯកសារប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណីដ៏រឹងមាំរបស់ខ្មែរបានយ៉ាងល្អបំផុត បើទោះកម្ពុជាបានជួបនូវភ្លើងសង្គ្រាមអស់ជាច្រើទសវត្សរ៍ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ទៅដល់អាចារ្យ-អាចារ្យរិនី អោយត្រូវរក្សា ប្រកាន់ខ្ជាប់នូវវិជ្ជាជីវ:របស់ខ្លួន ដើម្បីចូលរួមលើកស្ទួយទំនៀមទម្លាប់ ប្រពៃណី ក្បួនខ្នាតនៅតាមតំបន់នានារបស់ខ្មែរ ហើយក្រសួង ស្ថាប័ននានា ដែលពាក់ព័ន្ធទាំងអស់អោយស្រាវជ្រាវ ប្រមូលចង់ក្រងទុកនូវឯកសារវប្បធម៌ ប្រពៃណីដ៏ល្អរបស់ខ្មែរសំរាប់អ្នកជំនាន់ក្រោយ។
ក្រៅពីនោះ សម្តេចតេជោ អោយក្រសួង បន្តការបណ្តុះបណ្តាលអាចារ្យ-អាចារ្យរិនីបន្ថែមទៀតដើម្បីបន្តវេន ហើយអាចារ្យក៏អាចធ្វើការបណ្តុះបណ្តាលទៅក្មេងជំនាន់ក្រោយអោយចេះផងដែរចំពោះអ្នកដែលចង់ចេះចង់ដឹងអំពីអាចារ្យសំរាប់ដឹកនាំពិធីនានា ដើម្បីរក្សាក្បួនខ្នាត និងទម្លាប់ទៅតាមស្ថានភាពជាក់ស្តែង និងទម្លាប់នៅតាមតំបន់នីមួយៗ។
តាមការអោយដឹងពីក្រសួងធម្មការ និងសាសនា បានអោយដឹងថា គិតមកដល់បច្ចុប្បន្នក្រសួងបានបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរបានចំនួន២២វគ្គរួមកហើយ និងមានសិក្ខាកាមអាចារ្យ-អាចារ្យរិនីចូលមកសិក្សាបានចំនួន៨៥៧៥នាក់ ប៉ុន្តែចំនួននេះមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅឡើយទេ៕
ប្រភពពី GNN





No comments:

Post a Comment