Thursday, August 22, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភាពរីកចម្រើនរបស់កម្ពុជាមានការចូលរួមពីប្រទេសជប៉ុនយ៉ាងច្រើនទៅលើវិស័យផ្សេងៗ

នៅវិមានសន្តិភាព នារសៀលថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោក Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។ នៅក្នុងជំនួបនោះ លោក Norikazu Suzuki បានមានប្រ សាសន៍ ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីបន្តការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។
លោក Norikazu Suzuki ក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកបានជួបសំដែងការគួរសមនាពេលនេះ ដោយសារតែលោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសកាល ពីឆ្នាំទៅ លោកក៏បានចំណាយពេលវេលាជាច្រើនធ្វើ ការងារនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងផងដែរមកកាន់ប្រទេសកម្ពុជា។
ក្នុងជំនួបនោះ លោក Norikazu Suzuki បានលើក ឡើងនូវការងារមួយចំនួនជាពិសេសទាក់ទងទៅនឹងគម្រោងជប៉ុនបានជួយដល់ប្រទេសកម្ពុជាកន្លងមក ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ គម្រោងអភិវឌ្ឍន៍ចក្រក្នុងរាជធានីភ្នំពេញ រួមទាំងគម្រោងនៃការជួសជុលប្រាសាទផងដែរ ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាស្ពាន ផ្លូវនេះជាដើម។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណទៅដល់ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនក៏ដូចជាប្រទេសជប៉ុនដែលកន្លងមកតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសតាំងពីដំណើរការនៃការស្វែងរកសន្តិភាព ហើយកន្លងមកនេះប្រទេសជប៉ុនជាប្រទេសដែលបានផ្ដល់ជំនួយច្រើនមកដល់ប្រទេសកម្ពុជា ហើយភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក៏មានការចូលរួមពីប្រទេសជប៉ុនយ៉ាងច្រើនផងដែរទៅលើវិស័យផ្សេងៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា មានកត្តាពីរសំខាន់ក្នុងការអភិវឌ្ឍប្រទេស គឺកត្តាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលកត្តាទាំងពីរនេះជាកត្តាសំខាន់ដែលធ្វើឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើន។ លោកក៏បានមានប្រសា សន៍ពីការធ្វើកំណែទម្រង់របស់ប្រទេសកម្ពុជានាពេលកន្លងមក ហើយកំណែទម្រង់ទាំងអស់នោះធ្វើអោយប្រទេសកម្ពុជាមានការរីកចម្រើន។ លោកក៏បានផ្ដាំផ្ញើតាមរយៈ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនការសួរសុខទុក្ខនិងក្តីនឹករលឹកទៅដល់ លោកនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo និងបានអបអរសាទរដែលគាត់បានឈ្នះ ឆ្នោតជាបន្តទៀតនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ពាក់ ព័ន្ធទៅនឹងជំនួយរបស់ប្រទេសជប៉ុន គឺមិនត្រឹមតែការកសាងអភិវឌ្ឍផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ថែមទាំងបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ បម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍អំពីវិស័យធនធានមនុស្សជាពិសេសការផ្លាស់ ប្ដូររវាងប្រជាជន និងប្រជាជន ដោយលោកបានមាន ប្រសាសន៍បញ្ជាក់ថា ក្រៅពីជំនួយកម្ចីសម្បទាននោះ ជប៉ុនក៏បង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះចំនួនភ្ញៀវទេសចរជប៉ុនក៏មានចំនួនគួរឲ្យចាប់ អារម្មណ៍ និងកើនឡើងជាលំដាប់ផងដែរ។

ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ កន្លងទៅនេះ ជប៉ុន បានធ្វើការសិក្សាក្នុងការរកដំណោះ ស្រាយ ពីការដឹកជញ្ជូន ដែលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺកើតមានការកកស្ទះចរាចរណ៍ ដូច្នេះលោកក៏បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះអោយឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពងាយភាពល្អប្រសើរ៕



No comments:

Post a Comment