Monday, April 22, 2019

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្តាំផ្ញើដល់មន្ត្រីទាំងអស់បន្តការ អនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រោមអធិបតីភាពលោក ស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងការប្រកាសសេចក្តីសម្រេចរបស់ក្រុមការងារ ថ្នាក់ជាតិសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាចុះខេត្តស្វាយរៀងចំនួន ១៤៦នាក់។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោក លោកស្រី មន្ទីរ-អង្គភាព លោក លោកស្រីមេឃុំ និងលោក លោកស្រីដែលពាក់ព័ន្ធជាច្រើនរូប ទៀតសរុបប្រមាណ ១០០០នាក់ផងដែរ។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះ លោក លោកស្រី ដែលបានចុះជួយផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល និងរួមចំណែក ជួយខេត្តស្វាយរៀងទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេសការធានាស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ។
លោកស្រីបានថ្លែងទៀតថាក្រុមការងារត្រូវទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហា ប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផល។
លោកស្រីបានបន្តទៀតថាក្រុមការងារត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយ ភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយបន្តការអនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

លោកស្រីបានបញ្ជាក់ថា លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានត្រៀម លក្ខណៈជាស្រេច ដើម្បីធ្វើកំណែទម្រង់នានាក្នុងគោលបំណងពង្រឹង សមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន ដើម្បីទទួលបានផល ចំណេញជាអតិបរិមា ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន ក្នុងតំបន់ផ្សេងទៀត និងក្នុងសកលលោក ៕






No comments:

Post a Comment