Thursday, October 28, 2021

អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងដំណាក់កាលកូវីដ១៩ ចំនួន១៥០ គ្រួសារ

បន្ទាយមានជ័យ៖  នាព្រឹកថ្ងៃទី២៨  ខែតុលាឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងដំណាក់កាលកូវីដ១៩ ចំនួន១៥០ គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ដែលជាអំណោយឧបត្ថម្ភរបស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ សាខាចែកចាយក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អំណោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ  ២យូរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ១កញ្ចប់។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យ បានគិតគូរដោះស្រាយបញ្ហាការលំបាករបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនាពេលកន្លងមកតាមរយៈការផ្តល់អំណោយស្បៀងឧបត្ថម្ភគ្រប់ទីកន្លែង អំណោយរបស់សម្តេចតេជោ ក្រុមការងារ រដ្ឋបាលខេត្ត និងផ្នែកឯកជន។  រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។

អំណោយរបស់ក្រុមហ៊ុន total ឧបត្ថម្ភនាពេលនេះ ជាការចូលរួមចំណែកដ៍មានសារៈសំខាន់របស់វិស័យឯកជន ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្ត បាន

មានប្រសាសន៍បន្តទៀតថា  ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាលនិងអនុវត្តឲ្យបានតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ៕








No comments:

Post a Comment