Thursday, October 28, 2021

ពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ចំនួន ៨៥គ្រួសារ

កំពង់ចាម៖  នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១ លោកលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត

បានដឹកនាំក្រុមការងារ នាំអំណោយលោកស្រី  ប៊ុន  រ៉ានី  ហ៊ុ ន សែន  ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៨៥គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានរំលឹកថា កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១   ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយផ្ទះ ៨៧ខ្នង ក្នុងនោះ ភូមិទួលរកា ១៧ខ្នង និងភូមិដីលើ ៧០ខ្នង រងការខូចខាត ដោយមានការដួលរលំ របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង។ ប៉ុន្តែភ្លាមៗនោះ លោក បានចាត់អោយលោកនាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌ ផ្តល់មួយជំហានមុន ជូនដល់ ២គ្រួសារ ដែលរងការខូចខាតធ្ងន់ជាងគេ រួចហើយ។ នៅសល់ ៨៥ គ្រួសារនេះ សាខា បានសហការចុះពិនិត្យវាយតម្លៃឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយ ក៏បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកស្រីតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង  ឃីត១ អាវយឺតចំនួន៤ និងថវិកា ១០០,០០០ រៀល៕







No comments:

Post a Comment