Wednesday, July 08, 2015

ស្ថាប័នអប់រំជាង ៤០ មកពីប្រទេសអូស្ត្រាលី នឹងចូលរួមពិព័រណ៍ការសិក្សា នៅភ្នំពេញ

មជ្ឍមណ្ឌល IDP Education នឹងរៀបចំពិព័រណ៍ពីការសិក្សានៅប្រទេសអូស្ត្រាលីសម្រាប់សិស្ស និស្សិត និងអាណាព្យាបាល មកចូលរួម ដើម្បីទទួលព័ត៌មានអំពីជម្រើសសិក្សា តម្លៃសិក្សា និងការសុំទិដ្ឋាការទៅសិក្សានៅបរទេស ការតាំងពិព័រណ៍នេះ នឹងធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែ ភូគិត្រា ភ្នំពេញ នៅថ្ងៃអង្គារទី១៤ខែកក្កដាឆ្នាំ២០១៥

សេចក្តីប្រកាសព័ត៌មានរបស់ IDP Education នៅថ្ងៃទី ខែកក្កដា ឆ្នាំ២០១៥នេះ បានលើកឡើងថា ក្នុងពិព័រណ៍ពីការសិក្សានៅអូស្ត្រាលី លើកទី១២នេះ ស្ថាប័នអប់រំជាង ៤០ របស់ប្រទេសអូស្ត្រាលី នឹងមកចូលរួម ដើម្បីធ្វើបទបង្ហាញស្តីពីជម្រើសការសិក្សា ដែលរាប់បញ្ចូលថ្នាក់វិទ្យាល័យ និងការអប់រំមុន និងក្រោយត្តសិក្សាផងដែរ

ក្នុងនោះផងដែរ មន្ត្រីនៃស្ថានទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា ផ្នែកទិដ្ឋាការ នឹងចូលរួមផងដែរដើម្បីផ្តល់ព័ត៌មាន អំពីលក្ខន្តិកៈ ដែលចាំបាច់ក្នុងការបំពេញទំរង់បែបបទ ស្នើសុំទិដ្ឋាការទៅប្រទេសអូស្ត្រាលី

អ្នកតំណាងប្រចាំមណ្ឌល ប្រលង IELTS ផ្លូវការ ប្រចាំប្រទេសកម្ពុជា នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការប្រឹក្សាពីការចុះឈ្មោះប្រលង និងការត្រៀមខ្លួនប្រលង ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលី ដើម្បីការអប់រំ (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេសដើម្បីត្រៀមខ្លួនទៅសិក្សានៅប្រទេសអូស្ត្រាលី

អគ្គនាយក ស្ថាប័ន IDP Education លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថាពិព័រណ៍នេះ ជាឱកាសដ៏ពិសេសមួយ សម្រាប់សិស្ស និស្សិត និងអាណាព្យាបាលដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស 
ជាមួយនឹង សមាហរណកម្មអាស៊ាន ២០១៥ សិស្សនិស្សិតកម្ពុជា ដែលទទួលបានការសិក្សានៅបរទេស នឹងមានឱកាសឈានមុខគេក្នុងការប្រកួតប្រជែងលើវិស័យទីផ្សារការងារ ក្នុងប្រទេសកម្ពុជា ដោយយោងតាមហេតុផលនេះ សិស្សនិស្សិតកម្ពុជា កាន់តែច្រើនឡើង បានសម្រេចចិត្តជ្រើសរើសទៅសិក្សានៅបរទេស ដោយមានភាពជឿជាក់ថា នឹងសម្រេចបានគោលដៅដែលពួកគេប៉ងប្រាថ្នា ប្រទេសអូស្ត្រាលី បានក្លាយជាប្រទេសមួយ ដែលត្រូវបានជ្រើសរើសដោយ សិស្សនិស្សិតកម្ពុជាកាន់តែច្រើនជាលំដាប់ជារៀងរាល់ឆ្នាំ

IDP Education
គឺជាស្ថាប័នដ៏ធំជាងគេបង្អស់ ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក IDP Education ក៏បានពង្រីកសេវាកម្មបញ្ជូនសិស្ស និស្សិត ទៅប្រទេសមួយចំនួនទៀតដូចជា កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ លើសពីនេះទៅទៀតការប្រឹក្សា និង ជំនួយផ្សេងៗទាក់ទងនឹងការបំពេញទម្រង់បែបបទសិក្សា នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃផងដែរ

No comments:

Post a Comment