Wednesday, June 10, 2020

អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ព្យាបាលជាសះស្បើយម្នាក់ទៀត និងគ្មានករណីឆ្លងថ្មី

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបានបញ្ជាក់ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយ១នាក់បន្ថែមទៀត ដែលធ្វើឱ្យមានការកើនឡើងចំនួនអ្នកព្យាបាលជាសះស្បើយរហូតដល់១១០នាក់ ខណៈដែលក្នុងរយៈពេល៩ថ្ងៃជាប់គ្នានេះគ្មានករណីឆ្លងថ្មីទៀតទេ។
ដូចនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាគិតពីពេលចាប់ផ្តើមដំបូងមកដល់ពេលនេះមានចំនួន១២៦នាក់ បន្ទាប់ពីបានព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់១២៥នាក់នោះ គឺអ្នកជំងឺដែលកំពុងនៅបន្តព្យាបាល មានត្រឹមតែ១នាក់ទៀតប៉ុណ្ណោះ ហើ់យសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខតាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យ អ្នកជំងឺដែលកំពុងបន្តព្យាបាល នឹងត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ទៀត។
សូមជម្រាបផងដែរថា អ្នកជំងឺដែលបានជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ-បារាំងអាយុ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលនៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកូវីដ១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕



No comments:

Post a Comment