Tuesday, November 28, 2017

តំណាងរាស្រ្តថ្មីទាំង ៤៤អង្គ/រូប នឹងចូលស្បថនៅព្រះបរមរាជវាំងនៅរសៀលថ្ងៃនេះ

តំណាងរាស្រ្តថ្មី ៤៤អង្គ/រូប រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិផងដែរនោះ នឹងយាង និងអញ្ជើញចូល ទៅស្បថនៅក្នុងព្រះបរមរាជវាំងចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្រោយពេលស្បថចំពោះព្រះភក្ត្រព្រះមហាក្សត្ររួចរាល់ហើយ តំណាងរាស្ត្រថ្មីទាំង ៤៤អង្គ/រូប នឹងក្លាយជា អ្នកតំណាងរាស្ត្រពេញលេញហើយក្នុងការបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តំណាងរាស្ត្រីទាំង ៤៤អង្គ/រូប ត្រូវបានរដ្ឋសភាប្រគល់សុពលភាពនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។ តំណាងរាស្រ្តទាំង ៤៤អង្គ/រូបនេះ គឺទទួលអាសនៈនៅក្នុងសភា តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ព្រោះតែទង្វើក្បត់ជាតិ។

អាសនៈចំនួន ១១ផ្សេងទៀត ត្រូវបានគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិន ទទួលយកនោះទេ។ តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលទើបធ្វើវិសោធនកម្ម អាសនៈទាំង១១ នឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈច្រើន ជាងគេក្នុងរដ្ឋសភា ៕





No comments:

Post a Comment