Tuesday, November 28, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេពីវាលរហោឋាន ពីគំនរផេះផង់

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបានបញ្ជាក់ថាកម្ពុជាបានឆ្លងកាត់ការលំបាកយ៉ាងច្រើនរាប់មិនអស់ទម្រាំបានរីកចម្រើនដូចសព្វថ្ងៃនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលតែងផ្តល់ទំនុកចិត្តនិងសេចក្តីស្រឡាញ់រាប់អានចំពោះរូបលោក ដែលបានធ្វើឱ្យលោកមានកម្លាំងចិត្តកសាង ថែរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខជាបន្តទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរខ្លឹមសារថា «គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ! អរគុណបងប្អូនជនរួមជាតិគ្រប់ទីកន្លែងទូទាំងប្រទេសដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ។ ទាំងអស់នេះគឺជាកម្លាំងចិត្ត ដែលជំរុញអោយខ្ញុំខិតខំបម្រើបងប្អូន និងប្រទេសជាតិដោយពេញចិត្តបំផុត។ ពេលណាដែលបងប្អូនជួបទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានខ្ញុំនៅជាមួយបងប្អូនជានិច្ច»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នៅថ្ងៃស្អែកទី ២៩ វិច្ឆកា នេះ លោកនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន និងទៅគៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋនិងប្រទេសជាតិយើង៕



No comments:

Post a Comment