Tuesday, November 28, 2017

ក្រសួងការងារចុះ MoU ស្តីពីការប្រគល់ និងទទួលជំនួយសម្ភារៈបច្ចេកទេសដែលមានទំហំទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) សហការជាមួយក្រុមហ៊ុនយ៉ាឡុង នៃសាធារណរដ្ឋប្រជាមានិតចិន លើការប្រគល់ និងទទួលជំនួយសម្ភារៈបច្ចេកទេសជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិក្ខាកាមដែលសិក្សាក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋទាំង ៧កន្លែង ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ពេជ សោភ័ន លោកស្រី Zhang Jing តំណាងមជ្ឈមណ្ឌលអាស៊ាន-ចិន និងលោកស្រី Zhu Zhiyan តំណាងក្រុមហ៊ុនយ៉ាឡុង នៅទីស្ដីការក្រសួងការងារ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ពេជ សោភ័ន បានមានប្រសាសន៍លើកឡើងថា សម្ភារៈបច្ចេកទេសទាំងនេះ ភាគីចិននឹងបញ្ជូនមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ភាគីទាំង៣ ត្រូវចុះហត្ថលេខាលើអនុស្សរណៈប្រគល់ និងទទួលជាមុនសិន។ សម្ភារៈបច្ចេកទេសដែលភាគីចិនប្រគល់ជូនកម្ពុជានោះ បើគិតជាទំហំទឹកប្រាក់ស្មើនឹងប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិក។

លោក ពេជ សោភ័ន បន្តថា សម្ភារៈបច្ចេកទេសដែលទទួលបាននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងយកទៅប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលដល់សិស្ស ដែលសិក្សាក្នុងសាលាបណ្ដុះបណ្ដាលរបស់រដ្ឋទាំង ៧កន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យទទួលបានជំនាញវិជ្ជាជីវៈពិតប្រាកដ នឹងបានយកទៅប្រកបមុខរបរចិញ្ចឹមជីវិត ចូលរួមចំណែកអភិវឌ្ឍន៍សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ ពោលជាប្រទេសអភិវឌ្ឍន៍៕










No comments:

Post a Comment