Friday, December 08, 2017

ទីភ្នាក់ងារសារព័ត៌មាន KCNA ៖ កូរ៉េខាងជើងនិយាយថា ការគំរាម​កំហែងរបស់​ អាមេរិកនឹង​ធ្វើឱ្យមាន​សង្រ្គាមមិនអាច​ចៀសផុតឡើយ​នៅឧបទ្វីបកូរ៉េ​

​​​​​​​​​​ក្រ​សួង​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា សម​យុទ្ធ​យោ​ធា​ដ៏​ធំដែល​កំពុង​តែ​ធ្វើ​ឡើង​ដោយ​អា​មេ​រិក និង​កូរ៉េ​ខាង​ត្បូង​ ហើយ​ការ​គំរាម​កំហែង​របស់​អា​មេ​រិក​ចំពោះ​​សង្រ្គាម​ប្រ​ឆាំង​នឹង​ទី​ក្រុង​ព្យុង​យ៉ាងបាន​ធ្វើ​ឱ្យ​ផ្ទុះ​ឡើង​នូវ​សង្រ្គាម​នៅ​ឧប​ទ្វីប​កូរ៉េ​ គឺជា «​ការ​ពិត​មួយដែលត្រូវ​គេ​បង្កើត​ឡើង»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​បាន​រិះ​គន់​ផង​ដែរ​ចំពោះ​សុន្ទ​រ​កថា​ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ដោយ​មន្រ្តី​អា​មេ​រិក​ក្នុង​ការ​ជំរុញ​ឱ្យ​ឧ​ប​ទ្វីប​នេះ​ធ្លាក់​ចូល​ក្នុងមាត់​ជ្រោះ​នៃ​​សង្រ្គាម។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​កាល​ពី​ល្ងាច​​ថ្ងៃ​ពុធ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន KCNA ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​ថា «​សំណួរ​ដែលត្រូវ​សួរ​នា​ពេល​នេះ​គឺ​ថា តើ​សង្រ្គាម​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ណា?» គាត់​បាន​បន្ត​ថា «​យើង​មិន​ចង់​ឱ្យ​មាន​សង្រ្គាម​ទេ ប៉ុន្តែ​យើងក៏​​មិ​ន​គួរ​លាក់​បាំង​វា​ដែរ»។

ភាព​តាន​តឹង​នៅ​ឧប​ទ្វីប​កូរ៉េ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់​ពីការ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែរ និង​​មីស៊ីលនា​ពេល​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​ធ្វើ​ឡើង​ផ្គើន​នឹង​សម្ពាធ​អន្តរ​ជាតិ និង​សេចក្តី​សម្រេច​របស់​អង្គ​ការ​សហ​ប្រ​ជាជាតិ។

កូរ៉េ​ខាង​ជើង​បាន​​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​ធ្វើ​តេស្ត​មី​ស៊ីល​បាញ់​ឆ្លង​ទ្វីប​ដ៏​ទំនើប​បំផុត​ ដែលមាន​សមត្ថ​ភាព​​អាច​ឈាន​ទៅ​ដល់​ទឹក​ដី​អា​មេ​រិក។

ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​នៅ​សេត​វិ​មាន​ លោក H.R. McMaster បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​ថា លទ្ធ​ភាព​នៃ​សង្រ្គាម​ជា​មួយ​កូរ៉េ​ខាង​ជើង​កំពុង​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

សមា​ជិក​ព្រឹទ្ធ​សភាអា​មេ​រិក​​មក​ពី​គណ​បក្ស​សាធា​រណ​រដ្ឋ​ លោក ​Lindsey Graham កាល​ពី​ថ្ងៃ​អាទិត្យ​​បាន​ជំរុញ​ផង​ដែរ​ឱ្យ​មន្ទីរ​ Pentagon ចាប់​ផ្តើមឱ្យ​ក្រុម​គ្រួសារ​យោ​ធា​អា​មេ​រិក ដូច​ជា​ប្រ​ពន្ធ និង​កូនចាក​ចេញ​ពី​កូរ៉េ​ខាង​ត្បូង ដែល​គាត់​និយាយ​ថា ជម្លោះ​ជា​មួយ​នឹង​កូរ៉េ​ខាង​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។

កាល​ពី​ថ្ងៃ​ពុធ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែកមួយ​គ្រឿង​​របស់​អា​មេ​រិក​ម៉ាក B-1B បាន​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​យោ​ធា​អា​មេ​រិក-កូរ៉េ​ខាង​ត្បូង​រួម​គ្នា​ ដែល​គេ​ហៅ​ថា «​Vigilant Ace» ហើយ​នឹង​បន្តរហូត​ដល់​ថ្ងៃ​សុក្រ។

កូរ៉េ​ខាង​ជើង​ដែល​តែង​តែ​គំរាម​កូរ៉េ​ខាង​ត្បូង អា​មេ​រិក និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​នោះ បាន​ថ្កោល​ទោស​សមយុទ្ធ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ដែល​​ប្រើ​ឈ្មោះ​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា «​នា​ពេល​ថ្មីៗ​នេះ ខណៈ​ដែល​អា​មេ​រិក​កំពុង​តែ​ធ្វើ​សម​យយុទ្ធ​រួម​គ្នា​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ឧប​ទ្វីប​កូរ៉េ​ដោយ​តម្រង់​ទិស​ដៅ​មក​លើ​សាធា​រណ​រដ្ឋ​ប្រ​ជា​មានិត​កូរ៉េនោះ អ្នក​នយោ​​បាយ​ជាន់​ខ្ពស់​របស់​ពួក​គេ​កំពុង​តែ​បង្ហាញ​សញ្ញាតាម​រយៈ​សុន្ទ​រ​កថា​បង្ក​សង្រ្គាម​ជា​បន្ត​បន្ទាប់​»។

គាត់​បាន​និយាយ​ថា «​សុន្ទ​រ​កថា​ដែល​បង្ក​ឱ្យ​មាន​សង្រ្គាម​ទាំង​នេះ​មិន​អាច​ត្រូវ​បាន​គេ​បក​ស្រាយ​តាម​វិធី​ផ្សេង​ទេ ប៉ុន្តែ​គឺ​បាន​ព្រ​មាន​យើង​ឱ្យ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សង្រ្គាម​នៅ​ឧ​ប​ទ្វីប​កូរ៉េ»៕

ប្រភព: Reuters ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧

No comments:

Post a Comment