Wednesday, April 05, 2017

គ្មានផ្លូវដើម្បីឈ្នះសង្គ្រាមមួយនោះទេ

រហូតមកដល់ឥឡូវនេះមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំង រវាងយុទ្ធសាស្ត្ររបស់អាមេរិកដែលគាំទ្រទៅលើយុទ្ធនាការយោធា ដើម្បីដណ្តើមយកមកវិញនៅទីក្រុង Mosul ពីកណ្តាប់ដៃរដ្ឋអ៊ីស្លាម និងរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ីដែលវាយប្រហារទៅលើក្រុមឧទ្ទាម នៅក្នុងប្រទេសជិតខាងស៊ីរី។ ប្រទេសស៊ីរីបានទម្លាក់គ្រាប់បែកដោយចេតនាទៅលើជនស៊ីវិល រាប់ទាំងមន្ទីរពេទ្យ ហាងលក់ម្ហូបអាហារ និងក្បូនរថយន្តដឹកជំនួយផងដែរ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់។

ខណៈនោះផងដែរ នៅក្រុង Mosul កងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារគ្នាតាមដងផ្លូវ ខណៈដែលព្យាយាមដើម្បីដាក់កំហិតទៅលើការប្រើប្រាស់ កាំភ្លើងត្បាល់ និងការវាយប្រហារពីផ្លូវអាកាស ដើម្បីបញ្ចៀសការស្លាប់ជនស៊ីវិលដែលទង្វើនេះបានទទួលការកោតសរសើរពីក្រុមមនុស្សធម៌។

ការវាយប្រហារតាមផ្លូវអាកាសបានស្លាប់មនុស្សរាប់រយនាក់នៅក្រុង Mosul កាលពីថ្ងៃ១៧ មីនា។ មន្ត្រីការពារជាតិអ៊ីរ៉ាក់និយាយថា ការវាយប្រហារនោះបានផ្តោតផ្ទាំងស៊ីបទៅលើក្រុម Al-Jadida ដែលមានមូលដ្ឋាននៅក្រុង Mosul ដែលនៅពេលនោះមានមនុស្សកុះករជាច្រើនត្រូវគេដាក់នៅទីនោះ។ កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា កងកម្លាំងចម្រុះបានផ្តោតផ្ទាំងស៊ីបទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅចំកន្លែងដែលមានជនស៊ីវិលរងរបួស។

អាជ្ញាធរយោធាអ៊ីរ៉ាក់និយាយថា ការស្លាប់ និងរបួសនោះ កើតឡើងដោយសារតែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាអ្នកដាក់គ្រាប់បំផ្ទុះ ដែលបានដាក់នៅក្នុងផ្ទះនោះ ឬមួយជាការបំផ្ទុះដោយគ្រាប់បែកអត្តឃាតបំផ្ទុះចេញពីក្នុងឡានដែលគេដាក់នៅក្បែរនោះ ជាការជាក់ច្បាស់ណាស់ថា ក្រុមជីហាតកំពុងប្រើប្រាស់ជនស៊ីវិលជាខែលការពារដោយបង្ខំប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ។ ដែលត្រូវបានគេប្រើប្រាស់ជាទីតាំងសម្រាប់ការដាក់បាញ់តបវិញ។ បើទោះជាយ៉ាងណាក៏ដោយអជ្ញាធរអាមេរិកត្រូវតែកំណត់ឱ្យបានឆាប់ដែលអាចធ្វើទៅបានថា តើភាគីអាមេរិក ឬការទម្លាក់គ្រាប់បែកពីកងកម្លាំងចម្រុះជាអ្នកធ្វើឱ្យជនស៊ីវិលស្លាប់ ហើយបើសិនជាដូច្នេះមែននោះ ពួកគេត្រូវតែទទួលការខុសត្រូវ។

វាមានសារៈសំខាន់ណាស់ដែលថា កងកម្លាំងអាមេរិក និងអ៊ីរ៉ាក់បានកាត់បន្ថយការធ្វើឱ្យមាន ស្លាប់ និងរបួសតិចតួច ខណៈដែលពួកគេកំពុងតែព្យាយាមរឹបអូសមកវិញនូវតំបន់ដែលសេស សល់ដែលជាតំបន់មានប្រជាជនរស់នៅច្រើននៅក្នុងទីក្រុង Mosul ដែលកាន់កាប់ដោយរដ្ឋអ៊ីស្លាម។ នៅពេលដែលសង្គ្រាមចប់រលុតទៅរដ្ឋាភិបាលអ៊ីរ៉ាក់ដែលដឹកនាំដោយអំបូរស៊ីអីត និងប្រឈមពីការធ្វើឱ្យមានស្ថិរភាពនយោបាយ ដែលរាប់បញ្ចូលទាំងអំបូរជនស៊ុននីរាប់ពាន់នាក់ផ្សេងទៀត។ ស្ថានភាពនោះនឹងធ្វើឱ្យកាន់តែលំបាក់បន្ថែមទៀត ប្រសិនបើជាកងកម្លាំងដែលគាំទ្ររដ្ឋាភិបាលបានបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរនោះ។

មេបញ្ជាការអាមេរិកហាក់ដូចជាយល់ពីការទទួលខុសត្រូវនេះ ឧត្តមសេនីយ៍ Joseph Votelជាមេបញ្ជាការទ័ពអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយថា «មរណភាពនៃជនស៊ីវិលស្លូតត្រង់ នៅ Mosul គឺជាសោកនាថកម្មដ៏រន្ធត់ ហើយនិយាយថា កងកម្លាំងចម្រុះនឹងចាត់វិធានការពិសេសដើម្បីជៀសវាងការធ្វើឱ្យឈឺចាប់ដល់ជនស៊ីវិល»។

អ្នកនាំពាក្យអាមេរិកនិយាយថា ច្បាប់នៃការគ្រប់គ្រងការវាយប្រហារផ្លូវអាកាសដែលជាគំរូក្នុងការចៀសវាងធ្វើឱ្យស្លាប់ជនស៊ីវិលនៅតែដដែល។

ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍នៅខាងក្រៅ បានប៉ាន់ស្មានថា ការចាប់ផ្តើមរបស់រដ្ឋបាលលោក Trump បានរង្គោះរង្គើពីការអត់ធ្មត់ស្តីពីការវាយប្រហាររបស់អាមេរិក នៅ មជ្ឈឹមបូព៌ា។ ការវាយប្រហារដ៏ចម្រូងចម្រាសកាលពីថ្ងៃ២៩ មករា នៅយ៉េមែន ដែលមានការយល់ព្រមពីលោក Trump បានសម្លាប់មនុស្សរហូតដល់រាប់សិបនាក់ នេះបើយោងតាមលោក Votel ។ ការវាយប្រហារពីផ្លូវអាកាសនៅខេត្ត Aleppo នៅប្រទេសស៊ីរី កាលពីថ្ងៃ១៦ មីនា កំពុងតែស៊ើបអង្កេតនៅឡើយ បើទោះបីជាមានការចោទប្រកាន់ថា ខ្លួនបានសម្លាប់ជនស៊ីវិល រាប់សិបនាក់ ដែលប្រមូលផ្តុំគ្នាវិហារអ៊ីស្លាមទីនោះ ក៏ប៉ុន្តែក្រសួងការពារជាតិអាមេរិកបានពណ៌នាថា ការផ្តោតផ្ទាំងស៊ីបវាយប្រហារនោះគឺទៅលើការប្រមូលផ្តុំរបស់ក្រុមអាល់កៃដាទៅវិញទេ។

លោក Obama បានរិះគន់សេចក្តីសម្រេចចិត្តការវាយប្រហារបែបយោធាក្រោមរដ្ឋបាល លោក Trump។ សម្រាប់លោក Trump វិញ បាននិយាយដោយគ្មានការប្រុងប្រយ័ត្នអំពីការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរទៅលើតំបន់ទាំងឡាយណាដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម ហើយថែមទាំងបង្កើនការចូលរួមដោយត្រង់ពីកម្លាំងអាមេរិកនៅក្នុងការវាយប្រហារនេះ។

ការធ្វើឱ្យបរាជ័យរដ្ឋអ៊ីស្លាមកាន់តែលឿនបន្ថែមទៀត តាមរយៈនៃការប្រើប្រាស់កងកម្លាំងអាមេរិកកាន់តែសម្បើម គឺជាគោលដៅមួយដែលគួរប្រកាន់យក។ ប៉ុន្តែទង្វើរបៀបនេះ បានធ្វើឱ្យ ស្លាប់ និងរបួសជនស៊ីវិលកាន់តែច្រើនឡើង ដែលជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ៕

ប្រភព : Washington Post ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧


No comments:

Post a Comment