Friday, February 19, 2016

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី ថ្លែងក្នុងពិធី​បើក​មហោ​ស្រព​គីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦ (ប្រភពពី PressOCM)

កឧត្តម Yuji Kumamaru ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំនៅកម្ពុជា
ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ​ និងក្មួយៗសិស្ស និស្សិតជាទីស្រឡាញ់!
ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចូលរួមជាថ្មី​ម្ដងទៀតក្នុងពិធីបើក «មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦» ដើម្បីអបអរសារទរការផ្លាស់ប្ដូរបទ​ពិសោធន៍​វប្បធម៌ដ៏ស្រស់បំព្រង ក៏ដូចជាសមិទ្ធផលនានានៅក្នុងទំនាក់ទនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនជប៉ុន និ​ង​ប្រជាជនកម្ពុជា។ ខ្ញុំសូមសម្ដែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ស្ថានទូតជប៉ុន ជាពិសេស ឯកឧត្តមឯកអគ្គរាជទូត Kumamaru និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងការបន្ដរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ ខ្ញុំពិតជារីករាយណាស់​ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះជា​មួ​យ​​យុវជន យុវនារី របស់ប្រទេសកម្ពុជា និងជប៉ុន។
សំរាប់ខ្ញុំផ្ទាល់  មហោស្រពគីហ្សូណា គឺជាព្រឹត្តិការណ៍ផ្លាស់ប្ដូរ​បទ​ពិសោធន៍​វប្បធម៌ដ៏សំខាន់ ប្រមូលផ្ដុំនូវសិល្បៈករ សិល្បៈការិនី យុវជន និងយុវនារី ដែលមានចំណង់ចំណូលចិត្តរាំ ច្រៀង លេងតូរ្យតន្ដ្រី និងភ្លក់រស់ជាតិអាហារផ្សេងៗ។ នេះគឺជាឱកាសដ៏ល្អសំរាប់ សិល្បៈករ សិ​ល្បៈ​ការិនីវ័យក្មេង នៃប្រទេសទាំងពីរ ដែល​មិនត្រឹមតែអាចបញ្ចេញទេពកោសល្យ​របស់ខ្លួនឱ្យ​ទស្សនិកជនទស្សនាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលបាននូវអត្ថប្រយោជន៍​ជាច្រើនពីអន្តរទំនាក់ទំនងវប្បធម៌នេះ។ លើសពីនេះទៀត តាមរយៈការផ្លាស់ប្ដូរ​បទ​ពិសោធន៍​ដ៏សម្បូរបែប ព្រឹត្តិការណ៍​ នេះជួយឱ្យយើងទាំងអស់គ្នាយល់កាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌របស់​ យើងរៀងៗខ្លួន ដែល​ តម្លៃទាំងនោះបានវិវត្តតាមពេលវេលាដ៏យូលង់​ ក្លាយ​ជាធាតុ​ផ្សំនៃ​ជីវភាពដ៏រស់រវើកនិងអរិយធម៌នៃ​ប្រទេសទាំង​ពីរ។
អ្វីដែលគួរជាទីចាប់អារម្មណ៍ និងកត់សម្គាល់នោះគឺ ចាប់តាំងពីការចាប់ផ្ដើម​នៃមហោ​ស្រព​នេះនៅឆ្នាំ ២០១២ មហោស្រពគីហ្សូណា បានក្លាយទៅជា ព្រឹត្តិការណ៍ដ៏ជោគជ័យមួយ ដែល​ត្រូវបាន​ចារិក​ក្នុង​ប្រតិទិនវប្បធម៌របស់​កម្ពុជា រំលេច​ឡើងនូវ​ទិដ្ឋភាព​វប្បធម៌​ដ៏សម្បូរបែប។ ខ្ញុំជឿជាក់ថា អ្នករៀបចំកម្មវិធីនេះ​ ក៏ដូចជាសិល្បៈករ សិល្បៈការិនីទាំងអស់ ពិតជា​មាន​ការ​លំបាក​ច្រើន​ក្នុងការប្រឹងប្រែងបញ្ចេញកម្លាំងកាយចិត្ត និងកិច្ច​សហការគ្នាពី​ព្រោះ​​របៀបរបប វិធីសា​ស្រ្ដ និងរចនាបថ​ខុសៗគ្នារបស់ពួកគេ។ ដោយសារតែកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់សិល្បៈករ សិល្បៈការិនីទាំងអស់ មហោស្រពនេះបាននាំឱ្យយើង និងសិល្បៈករ សិល្បៈការិនី មកជួបជុំគ្នាម្ដងទៀតនៅឆ្នាំនេះ ដើម្បីទស្សនាការសម្ដែងតន្ដ្រីសម័យ​ សម្លៀកបំពាក់ប្រពៃណី និងភ្លក់អា​ហារនៅមជ្ឈមណ្ឌល CJCC នេះផ្ទាល់។ ពិសេសជាងនេះទៅទៀត ក្នុងកម្មវិធីឆ្នាំនេះ ក្រុមសិល្បៈដ៏ល្បីមួយពី​ប្រទេស​ជប៉ុន ត្រូវបានអញ្ជើញឱ្យមកចូលរួមសម្ដែងរបាំ «AWA ODORI» ដែលជាពិធីបុណ្យដ៏ធំរបស់ប្រទេសជប៉ុន។ យើងពិតជាមានសំណាងខ្លាំងណាស់ ដែលបានទស្សនាការសម្ដែងដ៏ពិសេសនេះ​ នៅរាត្រីនេះ។
-              ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
-              ក្មួយៗសិស្ស និស្សិត
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់​ដោយ​សង្ខេប​នូវសមិទ្ធផលសំខាន់ៗមួយចំនួននៅក្នុង​ទំនាក់​ ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិ​លើវិស័យនានា នៃប្រទេសទាំងពីរ។
ប្រទេសជប៉ុន និងកម្ពុជា មានឆន្ទៈយ៉ាងមោះមុតចំពោះការការពារ និងអភិរក្ស ​ក៏ដូចជាការលើកកម្ពស់បេតិកភណ្ឌនិងវប្បធម៌។ យើងទាំងអស់គ្នាដឹងហើយថា ជប៉ុនគឺជា​ដៃគូដ៏សំខាន់របស់កម្ពុជា​ជាយូរមកហើយ នៅក្នុងការការពារ និង​ថែរក្សាបេតិកភណ្ឌវប្បធម៌​នៅកម្ពុជា។ ជាក់ស្ដែង ស្ថាប័នដៃគូជប៉ុនបាននិងកំពុងអនុវត្ត​គម្រោង​​របស់ខ្លួន​នៅ​​ប្រាសាទសំខាន់​ នានា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្ដី និង​ប្រាសាទព្រះវិហារជាដើម។ ខ្ញុំសូមបញ្ជាក់ថា សមិទ្ធផល​របស់ស្ថាប័នដៃគូជប៉ុននៅតាម​រមណីយដ្ឋានទាំងនេះ​ ពិតជា វិសេសវិសាល​គួឱ្យកត់សម្គាល់។ ប្រទេសជប៉ុន រួម​ជា​មួយ​​ប្រទេសបារាំង ក៏ជាសហ​ប្រធាន នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល​កិច្ច​គាំពារ និងអភិវឌ្ឍ​ន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ហៅកាត់ថា ICC អង្គរ) ផងដែរ ចាប់តាំងពីការបង្កើតគណៈកម្មាធិការនេះ នៅឆ្នាំ១៩៩៣ ហើយបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចពិភាក្សា​ជាអន្តរជាតិ​អំពី​កិច្ច​ ការអភិរក្ស និងការគ្រប់គ្រង​រមណីយដ្ឋានបេតិកភណ្ឌ​ពិភពលោក។
ហើយថ្ងៃនេះ ខ្ញុំរីករាយនឹងចែករំលែកជាមួយនឹងព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ នូវដំណឹងដ៏សំខាន់ពីរទៀតគឺ៖
ទីមួយ ក្រុមការងារជប៉ុន-អាជ្ញាធរអប្សរា នឹងចាប់ផ្ដើមដំណាក់​កាលថ្មី​មួយទៀត​នៃ​គម្រោង​ស្ដារស្ពានហាលខាងលិចរបស់​ ប្រាសាទអង្គរវត្ត (ស្ពានធំឆ្លងទៅច្រកចូល​ប្រា​សាទ​អង្គរវត្ត)។
ទីពីរ បន្ថែមលើអង្គការ JICA ស្ថាប័នរដ្ឋាភិបាលមួយទៀត គឺ មូលនិធិជប៉ុន (Japan Foundation) ដែលដើរតួនាទីសំខាន់នៅក្នុងការលើក​ស្ទួយ​វប្បធម៌ និងការអប់រំតាមរយៈ​​ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍធនធាន​មនុស្ស ទើបតែបានបើក​ការិយាល័យរបស់ខ្លួន​នៅរាជធានីភ្នំពេញ។
ចំពោះកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រទេសជប៉ុនគឺជាប្រទេសមួយ​ក្នុងចំណោមដៃគូនាំមុខគេរបស់កម្ពុជា។ យើងទាំងអស់គ្នានៅចាំយ៉ាងច្បាស់អំពីពិធីសម្ពោធយ៉ាង​អធិកអធមកាលពីឆ្នាំ២០១៥ ស្ពាន ស៊ូបាសា ឆ្លងកាត់​ទន្លេមេគង្គនៅអ្នកលឿងខេត្តព្រៃវែង ​ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលស្ពាននេះគឺជាសមិទ្ធផលថ្មី​មួយទៀតនៃមិត្តភាព និងកិច្ច​សហប្រតិបត្តិការដ៏យូរអង្វែង​របស់ប្រទេសយើងទាំងពីរ។ ស្ពាននេះ ក៏ដូចជាស្ពានផ្សេងៗទៀត​ដែល​ប្រទេសជប៉ុនបាន​ជួយ​សាងសង់នៅ​រាជធានីភ្នំពេញ និងខេត្តកំពង់ចាមដែរ បានសម្រួលដល់ការធ្វើចរាចរណ៍ផ្លូវគោក និងការអភិវឌ្ឍសេដ្ឋកិច្ចជាច្រើន។
នៅឆ្នាំនេះ យើងក៏នឹងមានការចាប់ផ្ដើម​បើក​ផ្លូវ​​​ហោះហើរត្រង់​​រាជធានីភ្នំពេញ​​ ទី​​ក្រុងតូក្យូ ដែលនឹងជួយ​ជំរុញដល់​លំហូរភ្ញៀវទេសចរនៃ​ប្រទេសទាំងពីរផងដែរ។
ខ្ញុំជឿជាក់ថា ទំនាក់ទំនងដ៏ជិតស្និទ្ធរវាង​ប្រទេសជប៉ុននិងកម្ពុជា នឹងបន្តអភិវឌ្ឍ​​កាន់តែខ្លាំងក្លាលើ​វិស័យ​ផ្សេងៗ​​បន្ថែមទៀតនៅពេលអនាគត។
មុននឹងបញ្ចប់ ខ្ញុំសូមអរគុណម្ដងទៀតចំពោះអ្នករៀបចំកម្មវិធី និងសិល្បៈករ សិល្បៈការិនី​​កម្ពុជា និងជប៉ុនទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ក្នុងការរៀបចំឱ្យ​មានព្រឹត្តិការណ៍នេះឡើង។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ក្មួយៗយុវជន និងអស់លោក លោកស្រីទាំងអស់ ដែលបាន​ចូលរួម​ និងផ្ដល់ការគាំទ្រ ដែល​ញ៉ាំង​ឱ្យ​ពិធីបើកមហោស្រពនេះ និងកម្មវិធី ៤ថ្ងៃបន្ទាប់ទៀត កាន់តែមានអត្ថន័យជ្រាលជ្រៅ និងកាន់តែសប្បាយរីករាយថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦ ទទួល​បានជោគជ័យ។ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ​នឹង​កាន់តែយល់ច្បាស់​បន្ថែមទៀតអំពីវប្បធម៌ តម្លៃ និងក្រឹត្យ​ក្រម​សង្គម តាមរយៈទំនាក់ទំនង​នេះ។
ខ្ញុំសូមជូនពរព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងគ្រួសារ។

ខ្ញុំសូម​ប្រកាសបើកមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៦ ចាប់ពីពេលនេះតទៅ។





No comments:

Post a Comment