Friday, February 19, 2016

កម្ពុជាទទួលបានផ្លែផ្កាច្រើនពិសេស បានពង្រឹងមិត្តភាព និងកិច្ចសហការល្អវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំ អាស៊ាន- អាមេរិក

យោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន samdechhunsen.gov.kh បានឲ្យដឹងថា នៅវេលាម៉ោង ១១យប់ ថ្ងៃទី ១៨ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពី សម្តេច បានអញ្ជើញទៅចូលរួមប្រជុំកំពូលពិសេស អាស៊ាន-អាមរិក (១៤-១៨ កុម្ភៈ) ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
នៅក្នុងគេហទំព័រនោះបានបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន- អាមេរិក ដែលបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយភាពស្និទ្ឋស្នាល គោរពយោគយល់ក្នុងភាពជាដៃគូយុទ្ឋសាស្រ្ត ដែលបានរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដើម្បីជំរុញវិបុលភាពក្នុងតំបន់ តាមរយៈការលើក កំពស់ភាពឆ្នៃប្រឌិតថ្មី និងសហគ្រិនភាព ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការជំរុញការតភ្ជាប់រវាងប្រជាជន ជាពិសេសរវាងយុវជនសំដៅបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងតំបន់ធំៗទាំងពីរ។ អាមេរិកនឹងជួយដល់ប្រទេសអាស៊ានក្នុងការសិក្សាភាសាអង់គ្លេសដែលជាភាសា ទំនាក់ទំនងកិច្ចការពាណិជ្ជកម្មអន្តរជាតិ និងការបណ្តុះបណ្តាលធនធានមនុស្សដែលជាកត្តាចាំបាច់បំផុត។ ទន្ទឹមនិងនេះ អាស៊ាន-អាមេរិក ប្តេជ្ញា រក្សាការពារសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ និង អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមានបញ្ហាសន្តិសុខចរាចរតាមដែនសមុទ្រ ការប្រយុទ្ធប្រឆាំងភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មរត់ពន្ធ និងជួញដូរមនុស្ស និងបញ្ហាការប្រែប្រួលអាកាសធាតុជាដើម។
កិច្ចប្រជុំកំពូលពិសេស អាស៊ាន- អាមេរិកនេះ មិនត្រឹមតែបានផ្តល់ឱកាសដល់ប្រទេស អាស៊ាន និងសហរដ្ឋអាមេរិកក្នុងការពង្រឹងភាពជាដៃគូរយុទ្ធសាស្រ្ត និងកិច្ចសហការលើវិស័យអាទិភាពជាច្រើនប៉ុណ្ណោះទេ គឺថែមទាំងបានពង្រឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហការល្អរវាងប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំអាមេរិក លោក បារ៉ាក អូបាម៉ា អោយកាន់តែមានភាពស្និទ្ឋស្នាល ដែលជាចំណែកដ៏សំខាន់បំផុតក្នុងការរួមចូលរួមថែរក្សាសន្តិភាពក្នុងតំបន់ ដែលផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រជាជាតិទាំមូល៕

No comments:

Post a Comment