Wednesday, February 17, 2016

ស្ថាប័នធានាគុណភាពជប៉ុនJQAបើកសវនកម្ម លើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា

 ស្ថាប័នធានាគុណភាពជប៉ុនJQA បើកសវនកម្មប្រចាំឆ្នាំលើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kozo Sakurada ប្រធានសវនករនៃស្ថាប័នJQA។
  ក្នុងបទបង្ហាញដល់អង្គប្រជុំ លោក Kozo Sakurada ពន្យល់ថា សវនកម្មលើកនេះជាប្រភេទសវនកម្មតាមដាន ទៅលើភាពអនុលោមនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន បន្ទាប់ពីអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001 ជាថ្មីម្តងទៀតកាលឆ្នាំ២០១៥កន្លងទៅ។ តាមរយៈសវនកម្មនេះ នឹងធ្វើឲ្យក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
  មានប្រសាសន៍ក្នុងពិធីបើកនេះ ឯកឧត្តមបណ្ឌិតលើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៦មក។ អង្គរជាបេតិកភណ្ឌពិភពលោកមុនគេបង្អស់ដែលទទួលបានវិញ្ញាបនបត្រនេះ។ ការងារនេះ មិនមែនបានមកពីបុគ្គលណាម្នាក់នោះទេ តែវាជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការទទួលបានវិញ្ញាបនបត្រISO14001 នេះមិនទាន់គ្រប់គ្រាន់ទេ យើងពិតជាមានមហិច្ឆិតាលើសហ្នឹងទៀត។ យើងចង់ឲ្យបរិស្ថានអង្គររឹងរឹតមានភាពស្រស់បំព្រង ព្រោះបេតិកភណ្ឌអង្គរ មិនមែនមានន័យត្រឹមតែប្រាង្គប្រាសាទប៉ុណ្ណោះទេ តែត្រូវរួមបញ្ចូលទាំងទេសភាពវប្បធម៌ក្នុងតំបន់អង្គរផង។ អាជ្ញាធរជាតិអប្សរានឹងបើកទូលាយបន្ថែមទៀត ដើម្បីសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញឲ្យបរិស្ថានអង្គរកាន់តែមានភាពល្អប្រសើរជាងនេះ។ ឯកឧត្តមបណ្ឌិតក៏បានដាស់តឿនឲ្យនាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាទាំងអស់ យកចិត្តទុកដាក់អនុវត្តឲ្យលើសពីតម្រូវការចាំបាច់របស់ស្ថាប័នJQA ព្រោះយើងមិនមែនធ្វើដើម្បីទទួលបានវិញ្ញាបនបត្រតែម្យ៉ាងប៉ុណ្ណោះទេ តែគឺដើម្បីសោភណភាព និងចីរភាពនៃរមណីយដ្ឋានអង្គររបស់យើង៕




No comments:

Post a Comment