Wednesday, August 09, 2017

បទអត្ថាធិប្បាយ​៖ ចេះ​ស្ទើ​ ធ្វើ​ភ្លើ​ល្អជាង


នៅ​ក្នុងបទសម្ភាសន៍​​ជាមួយវិទ្យុ​បារាំង​អន្តរជាតិ ​កាលពី​​យប់​ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅ អ្នកតំណាង​រាស្ត្រ​​គណបក្ស​​​ប្រឆាំង​ លោក​ សុន ឆ័យ បានលើកឡើងថា នៅសប្តាហ៍ក្រោយ ក្រុម​អ្នក​ច្បាប់​របស់​​គណបក្សខ្លួន​ ​នឹងពិនិត្យមើលសេចក្តីព្រាងសំណើសុំ​ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតថ្មី​ ដើម្បី​​បើក​ផ្លូវឱ្យ​ពលករ​ចំណាក​ស្រុក​​នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត​នៅ​ក្រៅ​ប្រទេស​​​បាន​។ ប៉ុន្តែ​ គេ​នៅ​ចាំ​បាន​ថា​ ច្បាប់​បោះ​ឆ្នោត​​ថ្មីនេះ​ គឺ​​គណបក្ស​ដែល​មាន​អសនៈ​នៅក្នុងរដ្ឋ​សភា​ ធ្លាប់​បាន​​ឯក​ភាព​​គ្នា​ម្តង​រួច​មក​ហើយ​ និង​ត្រូវ​បាន​​ផ្តល់​សុពលភាព​ដើម្បី​ប្រើ​ប្រាស់​ សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ទៀត​ផង​។ ការ​លើក​ឡើង​ទាំង​​ទទឹង​ទិស​របស់​លោក​ សុន ឆ័យ​ នាពេលនេះ​ តើ​សក្តិសម​ជាអ្នក​ចេះ​ច្បាប់​ និង​ជាតំណាង​ប្រជាពលរដ្ឋ ដែល​​គួរ​ផ្តល់​សេចក្តី​ទុក​ចិត្តកើត​ទេ បើ​ច្បាប់​បោះឆ្នោត​ទើបតែ​អនុម័ត​ហើយ​ថ្មី​ៗ​ មិន​ទាន់​អនុវត្ត​បាន​ម្តង​ផង​ក៏ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​សេះហោះ​​​របស់​បក្ស​ប្រឆាំង​សុំ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ​បែបនេះ?​​​​​​
ថាចេះ​ក៏ដូច​ជា​ល្ងង់​ ថា​ល្ងង់​ក៏ដូចជាចេះ​ ប៉ុន្តែ​ ចេះពេល​ខ្លះ​គឺចេះ​របៀប​ដុះកន្ទុយតែម្តង។ និយាយ​បែប​នេះ​ រាង​ធ្ងន់​បន្តិច​មែន​ ប៉ុន្តែបើ​មិន​វ៉ៃតំលៃ​តាម​ការ​មើល​ឃើញ​អញ្ចឹងទេ​​ គឺ​វាអយុត្តិធម៌​ សម្រាប់​​អ្នក​ប្រកាន់​នូវ​អំពើ​ល្អ ចាំ​តែ​​សម្របសម្រួល​ ចាំតែ​លួង​លោម​ ក្រុម​ដែល​ប្រកួត​ចាញ់​ការ​បោះឆ្នោត​​ ហើយ​ប្រើ​វិធី​ឡាំប៉ា​រាល់​លើក​នោះ​​។
គួរ​រំលឹក​ថា​ នៅក្នុង​កិច្ចព្រមព្រៀង​​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ កាល​ពី​​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០១៤​ គណបក្ស​ទាំង​ពីរ​សុទ្ធតែ​បាន​យល់​ស្រប​ និង​ឯកភាព​គ្នា​ទៅលើ​ចំណុច​​រួម​ទាំង​៧​​នៃ​​កិច្ច​ព្រមព្រៀង​ ហើយ​ដែល​ក្នុង​នោះ​បាន​ផ្តោត​សំខាន់ជាពិសេស​​ទៅ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​រួច​ទៅ​ហើយ​ ដូចជា​ការ​​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ការ​រៀបចំ​ស្ថាប័ន​ការបោះឆ្នោត​​ឱ្យ​មាន​ភាព​ឯករាជ្យ​ ដែល​មាន​សមាសភាព​ចំនួន៩រូប​ ក្នុងនោះ​​​៤រូប​ ជ្រើស​រើស​ដោយ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ ៤រូប​ ជ្រើសរើស​ដោយ​គណបក្ស​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​ ដែល​មិន​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល​ និង​១រូប​ ត្រូវ​ជ្រើសរើស​ដោយមាន​ការ​ព្រម​ព្រៀង​​គ្នា​រវាង​គណបក្ស​ ដែល​មាន​អសនៈ​ក្នុង​​រដ្ឋ​សភា​។ ម្យ៉ាងទៀត​​​​ច្បាប់បោះឆ្នោតថ្មីនេះ​ សុទ្ធតែ​ត្រូវ​បាន​​រៀបចំ​ដោយ​គណបក្ស​ទាំងពីរ ការពារ​ដោយ​គណបក្ស​ទាំងពីរ​ ទាំងក្នុងពេល​សិក្ខា​សាលា ទាំង​ក្នុង​ពេល​ប្រជុំ​ពិភាក្សា​នៅរដ្ឋសភា ហើយត្រូវ​បាន​​អនុម័ត​ជា​ឯកច្ឆ័ន្ទ​​ដោយ​​គណបក្ស​​ទាំងពីរ​​​នៅក្នុងសម័យ​ប្រជុំ​ពេញ​​អង្គ​​នៃ​រដ្ឋសភា និងបន្ថែម​គណបក្ស​​មួយ​ទៀត​​ផងដែរ ​​នៅ​ព្រឹទ្ធសភា​​គឺ​គណបក្ស​ សម រង្ស៊ី​។ សមិទ្ធ​ផល​ផ្តើម​ចេញ​ពីកិច្ចព្រមព្រៀងនយោបាយនេះ វាបានធ្វើសកម្មភាព និងផ្តល់លទ្ធផលជូនជាតិរួចមកហើយ គឺ​ការ​បោះ​ឆ្នោត​ជ្រើរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ។
​​ដូច្នេះ​ បើ​ភាគីទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បែបនេះ​កាលពីពេលមុន​ទៅហើយ​ ហេតុអ្វី​លោក សុន ឆ័យ​ទើប​​​​​សុំ​ធ្វើ​វិសោធនកម្ម​​ច្បាប់​បោះឆ្នោត​ជាថ្មី​ទៀត​​ទៅវិញ​?​ តើ​នេះពិត​ជា​ឧបាយកល​​​ទុច្ចរិត​ថ្មីមួយ​ទៀត​ ដែល​គណបក្ស​ប្រឆាំង​​​កំពុង​ចិញ្ចឹម​ចលនា​ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​​​ឆ្នាំ​២០១៨​​ មែនឬ​?​
ប្រហែល​ជាដូច្នេះ​មែន​ហើយ​ ពីព្រោះ​អ្វី​ដែល​លោក សុន ឆ័យ​មានបំណងស្នើគឺជាសំណើកេង​ចំណេញ​​​នយោបាយ​ ​និង​ធ្វើនយោបាយ​ប្រជាភិថុតិ​ជាមួយប្រជាពលរដ្ឋ​ ដោយព្យាយាមបង្ហាញថា ខ្លួន​គឺ​ជា​តួអង្គ​អ្នក​សង្គ្រោះ​ អ្នក​បំរើ​ និងជាអ្នក​ដែល​គិត​គូរ​ពីប្រយោជន៍​ពលរដ្ឋ​ចំណាក​ស្រុក​ជាង​នរណាៗ​ទាំង​អស់​ បើទោះបីជា​​ដឹងថា​​សំណើនេះ​​មិនអាច​ទៅរួច​ក៏ដោយ​។​ កន្លង​មក​ តើ​គណបក្ស​ប្រឆាំងធ្លាប់​​បាន​ជួយ​​​ស្វែង​​រក​ការងារ​​ និង​ធ្លាប់​បាន​​ជួយ​រំលែក​ទុក្ខ​លំបាក​ជូន​​ប្រជាពលរដ្ឋ​​​ដែរ​ទេ​? ចំលើយ​ គឺ​គ្មាន​ ជាពិសេស​ នៅពេល​ដែល​ប្រជា​ពល​រដ្ឋ​​ជួប​គ្រោះ​​រាំង​ស្ងួត​ គ្រោះទឹក​ជំនន់​ ឬខ្យល់​ព្យុះ​ គឺ​មិន​ដែល​ឃើញ​សកម្មជន​ ឬមេដឹកនាំ​គណបក្ស​ប្រឆាំង​បង្ហាញ​​មុខ​មក​ជួយ​​ប្រជាជន​នោះ​ទេ​។​​
ការលើកឡើង​របស់​លោក​​ សុន ឆ័យ គឺ​ហាក់ដូច​ធ្វើជាភ្លេចនូវអ្វីដែលគណបក្សប្រជាជនកម្ពុជា និង​​គណបក្ស​​​សង្គ្រោះជាតិ បាន​ឯកភាព​គ្នា​នៅក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពីថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ២០១៤ ដែល​ចរិត​​របៀប​ចេះ​ដុះកន្ទុយនេះ​ មិន​អាច​លាក់​បាំង​ភ្នែក​មហាជន​បាន​ឡើយ​ ប៉ុន្តែ​ភាព​ចេះ​ធ្វើ​ជាល្ងង់​នេះ​ វា​អាច​ជាកាំបិត​ចិត​ដង​ខ្លួន​ឯង​ទៅវិញ​ទេ​ មាន​ន័យ​ថា​ បើ​កិច្ច​ព្រមព្រៀង​នយោបាយ​​ទាំង​៧ចំណុច​នោះ​ត្រូវ​បាន​យក​មក​អនុវត្ត​​ចេញ​ជាផ្លែផ្កា​ខ្លះ​ទៅ​ហើយ​ តែ​ត្រូវ​បាន​លោក សុន ឆ័យ​ និង​ក្រុម​អ្នក​ច្បាប់​សេះ​ហោះ​របស់​គណបក្ស​ប្រ​ឆាំង ​ត្រៀម​លើក​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ដើម្បី​​​កេង​ចំណេញ​ប្រជាប្រិយភាព​​សម្រាប់​គណបក្ស​ខ្លួន​​។ បើក្នុងហេតុផលបែបនេះនោះ ​ក្រុមអ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច ​​ក៏មាន​សិទ្ធិ​សម្រេច​មិនលើកយកសំណើ​ធ្វើ​វិសោធនកម្មនេះមកពិភាក្សាដែរ​ ដើម្បី​ឆ្លើយ​តប​នូវ​គំនិត​កេង​ចំណេញ​នយោ​បាយ​​របស់​គណបក្ស​ប្រឆាំង​​វិញ​ដែរ​ ហើយ​នៅពេល​នោះ​ គណបក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​បង់​​ខាត​ធ្ងន់​ធ្ងរ​​បំផុត​ទៅ​វិញ​ទេ​ ដូច​ពាក្យ​​ចាស់​ពោល​ថា​ «ប្រាក់​ក៏បង់​ ថង់​ក៏ដាច​» គឺ​អ្វីៗ​ត្រូវ​ចប់​ និង​ត្រូវ​បំផ្លាញ​ដោយ​ក្រុម​លោក​ សុន ឆ័យ​តែ​ម្តង​​​។​​​
អ្នក​តាម​ដាន​ស្ថានការ​ណ៍​នយោបាយ​នៅកម្ពុជា​ បាន​​សង្កេតឃើញ​ថា​ ធនធាន​មនុស្ស​នៅក្នុង​គណ​បក្ស​​​សង្គ្រោះ​ជាតិ គឺ​ពិត​ជា​​គ្មាន​អ្នក​ជំនាញខាង​ផ្នែក​ច្បាប់​ និង​អ្នក​ជំនាញ​ខាងយុទ្ធសាស្ត្រសម្រាប់​ទស្សនៈ​វិស័យ​​វែង​ ​អ្វី​ទាំង​អស់ ព្រោះ​​​​​​​កន្លង​​មក​ គេ​ឃើញ​មាន​កំហុស​ផ្នែក​យុទ្ធសាស្ត្រ​លើ​ទី​លាន​ប្រកួត​ជាច្រើន​លើក​ច្រើន​សារ​ ក្នុង​នោះ​៖
ទី​១ ការ​បង្កើត​សារ​នយោបាយ​ដែល​នាំ​ឱ្យ​បុគ្គល​ជា​មេដឹក​នាំ​គណបក្ស​ និង​សកម្មជន​គាំទ្រ​ ត្រូវ​រួម​រឹត​ដោយ​បទល្មើស​​ ឈាន​ទៅ​រក​ការកាត់​ទោស​ និង​ក្លាយ​ខ្លួន​ជាទណ្ឌិតជាបន្តបន្ទាប់​​។
ទី២ ភាព​កំសោយ​លើ​ផ្នែក​ច្បាប់​ ដែល​អាច​នឹង​ឈាន​ទៅ​រក​ការ​ប្រព្រឹត្តិ​​ល្មើស​ច្បាប់​​​ និងអាច​ត្រូវ​ផ្អាក​សកម្ម​ភាព​ ឬ​អាច​​ត្រូវ​រំលាយ​​គណបក្ស​ទាំង​ស្រុងតែម្តង​​។ ជាក់​ស្តែង​ កំហុស​ក្នុង​ការ​កែប្រែ​លក្ខន្តិកៈ​គណបក្ស​ដែល​នាំ​ឱ្យ​មាន​ការ​​ធ្វើ​សមាជ​បក្ស​ ម្តង​ហើយ​ម្តង​ទៀត និង​ចំណុច​ថ្មីបំផុត​នោះ​គឺ​ការ​មិន​យល់​អំពី​អត្ថន័យ​ និង​ខ្លឹម​សារនៃ​ច្បាប់​ថ្មី​ ស្តី​ពី​​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ដែល​ធ្វើ​ឱ្យ​ប្រធាន​គណបក្ស​ចេញ​សេចក្តីប្រ​កាស​យ៉ាង​ប្រញាប់​​ប្រញាល់​ក្នុង​​ការ​ផ្លាស់​ប្តូរ​ស្លាក​គណបក្ស​របស់​ខ្លួន​។​​​
ក្នុង​ន័យ​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​តែ​ព្រមាន​ក្រុម​លោក សុន ឆ័យ​ ឱ្យ​បញ្ឈប់​នូវ​គំនិត​​ឆ្កួត​ៗ​​របស់​​គាត់​ ដោយ​ខ្លួន​ឯង ជៀស​វាង​​សំណើដែល​មិន​អាច​ទៅ​រួច​របស់​ក្រុម​លោក​ សុន ឆ័យ​ អាច​នឹង​ធ្វើ​​ឱ្យ​​ខូច​​កិច្ច​ការ​ធំ​​​នៃ​​​កិច្ច​ព្រមព្រៀង​​នយោបាយ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ២០១៤​​ ៕​​​
ដោយ​ សួន ចំរើន​

No comments:

Post a Comment