Wednesday, August 09, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូ វិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកបំពេញទស្សនកិច្ច និងចូលបង្គំគាល់ព្រះរជ្ជទាយាទ Naruhito និង បានជួបប្រជុំកំពូលជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzho Abe ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។ កម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អ នឹងគ្នាជាយូរយារមកហើយ គឺចាប់តាំង ពីឆ្នាំ ១៩៥៣។ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុនទើបបានបញ្ជូនកងទ័ពមកបរទេសជាលើកទី១ គឺមកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សា សន្តិភាពកាលពីឆ្នាំ ១៩៩២ ដែលគិតមកទល់ពេលនេះគឺមានរយៈពេល ២៥ ឆ្នាំហើយ។
នៅក្នុងកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះ គឺប្រទេសយើងទាំងពីរបានចុះអនុស្សរណៈលើឯកសារ សំខាន់ៗចំនួនពីរដែលមានទឹកប្រាក់ជាង ២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ធការពារទឹកជំនន់ ទីក្រុងភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហនុ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុនផងដែរ លើគម្រោងឱ្យមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរ លោក ក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញដើម្បីកែច្នៃឱ្យមានប្រយោជន៍យកមកប្រើប្រាស់វិញដូចជប៉ុនកំពុងមានស្រាប់។
នៅម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ដែលចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។ ដោយសារកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាមួយនឹងការអនុគ្រោះលើការនិយោគទើបទាក់ទាញពាណិជ្ជករ និងវិនិយោគិនជប៉ុនយ៉ាងច្រើន។ លោក និង លោកនាយករដ្ឋមន្រ្តី Abe នឹងបន្តខិតខំជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរឱ្យកើនឡើងជាង ២,០០០ លានដុល្លារនៅឆ្នាំខាងមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានអញ្ជើញរូបលោកមកធ្វើទស្សនកិច្ចនៅជប៉ុនឆ្នាំនេះ ហើយព្រមទាំងបានសន្យាថានឹងជួយកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ លោក ក៏សូមអរគុណលោក Abe ផងដែរ ដែលបានរៀបចំខួបកំណើតជូនលោកនៅលើទឹកដីជប៉ុន ដែលបានបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជាដូចជាបងប្អូន ដែលពេលនេះ ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់។ លោក ហ៊ុន សែន សង្ឃឹមថាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕







No comments:

Post a Comment