Thursday, May 21, 2020

លោក វ៉ី សំណាង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦៦គ្រួសារ

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៦គ្រួសារ ស្ថិតនៅឃុំជំពូព្រឹក្ស និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនោះលោក វ៉ី សំណាង បានផ្ដាំផ្ញើដល់បងប្អូនងាយរងគ្រោះទាំង៦៦គ្រួសារ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។ ហើយបើមានសមាជិកគ្រួសារណាមានអាការៈមិនស្រួលខ្លួន ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ និងពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកណា ដែលនៅជិតផ្ទះបងប្អូន ដើម្បីទទួលបាននូវវេជ្ជបញ្ជា។
ហើយរស់នៅត្រូវមានអនាម័យ ដោយហូបស្អាត ផឹកទឹកដាំពុះ ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា។ ហើយដើម្បីចូលរួមកាត់បន្ថយបាននូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ សូឲមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រម៉ា និងប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។
អំណោយដែលសាខាបានផ្តល់ជូនក្នុង ១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង ក្រម៉ា១ និងថវិកាចំនួន ២០.០០០រៀល។
ក្នុងនោះផងដែរអនុសាខាស្រុកឧដុង្គ ក៏បានចូលរួមឧបត្ថម្ភក្នុង ១គ្រួសារទទួលបានសាប៊ូដុសខ្លួន២ដុំ ទឹកក្រូច១កំប៉ុង ទឹកសុទ្ធ១ដប និងថវិកា ១០.០០០រៀលផងដែរ ៕



No comments:

Post a Comment