Thursday, May 21, 2020

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមលោកផ្ទាល់និងភរិយា បានជូនសារលិខិតជូនពរលោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនជ​ន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយបានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងបទពិសោធន៍ក្នុងការចូលរួមចំណែកនិងអភិវឌ្ឍមាតុភូមិអង្គរជាទីស្នេហានៃយើងទាំងអស់គ្នានាពេលកន្លងមក។
នៅក្នុងសារលិខិតជូនពររបស់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើជូនលោក ហេង សំរិន មា​នខ្លឹមសារថា «យើងខ្ញុំទាំងអស់គ្នាសូមអភិវន្ទសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រ​កា​រចំពោះសម្តេចអគ្គមហាពញាចក្រី សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិ​សា​ស្រ្ត​ក្នុងការដឹកនាំរដ្ឋសភា ជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាឱ្យសម្រេ​ចបាននូវជោ​គជ័យថ្មីៗជាច្រើនបន្ថែមទៀត សំដៅចូលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័សតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏សែននក្ខត្តឬក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដ​ល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោ​ក ឬទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ ពិសេសទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមគោរាគទេវី សូ​មព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។ សូមសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ពីខ្ញុំនិងភរិយា»៕




No comments:

Post a Comment