Wednesday, May 03, 2017

ក្រសួង​​ឧស្សាហកម្ម រៀបចំ​កិច្ចប្រជុំ ដើម្បី​ពិភា​ក្សាលើការងារ​លក់​ថ្លៃទឹកស្អាត​​តាមកំរិត​​ប្រើប្រាស់​​

លោក ចម ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានណែនាំឲ្យមានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការងារលក់ថ្លៃទឹកស្អាតតាមកំរិតប្រើប្រាស់ ដែលរៀបចំដោយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីអង្គភាពរដ្ឋាករទឹករដ្ឋ និងឯកជនមកពីបណ្តារាជធានី ខេត្ត និងតំណាងសមាគមផលិតទឹកស្អាតនៅកម្ពុជាផងដែរ ។
នាឱកាសនោះផងដែរថា លោក ប្រាក់ ប្រាកដ អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ លោក ចម ប្រសិទ្ធ លើការងារវិស័យទឹកស្អាតនេះ ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងស្របតាមគោលដៅអភិវឌ្ឍសហសវត្សរ៍ប្រកបដោយចិរភាព ពិសេសអនុវត្តតាមគោលនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ទីប្រជុំជន នៅ ឆ្នាំ២០១៨ ដោយឈរលើបុរេលក្ខខណ្ឌ ០៤ យ៉ាង គឺទឹកមានគុណភាព សុវត្ថិភាពនិរន្តរ ភាព  និងតម្លៃថោកសមរម្យ ។
ជាក់ស្តែង ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីប្រជុំជន ខេត្ត ស្រុក និងរហូតដល់ទីជនបទមួយចំនួន គឺមានប្រព័ន្ធទឹកស្អាត បានទៅដល់ហើយ ។ លោក ប្រាក់ ប្រាកដ បានបញ្ជាក់ថា ការកែសម្រួលលក់ថ្លៃទឹកតាមដំណាក់ រឺតាមកំរិតប្រើប្រាស់ មិនមានផលប៉ះពាល់ដល់ប្រាក់ ចំណេញ នៃប្រតិបត្តិករទឹកស្អាតនីមួយៗទេ ។ លោកបានផ្តល់គំនិតខ្លះ ទាក់ទងនិងការ ប្រមូលប្រភពចំណូល ក្រៅពីការលក់ទឹក ដើម្បីរក្សាសុខភាពហិរញ្ញវត្ថុរបស់អង្គភាព នីមួយៗទាំងរដ្ឋ និងឯកជន ដូចជា៖  ថ្លៃភ្ជាប់បណ្តាញ កាត់បន្ថយអត្រាទឹកបាត់បង់ សេវាថែទាំនាឡិការ ការផាកពិន័យ ការទប់ស្កាត់ការលួចទឹក ការគ្រប់គ្រងធុនធានមនុស្ស និងការដាក់ប្រាក់ចំណេញនៅធនាគារជាដើម ។
លោក ចម ប្រសិទ្ធ បានចាត់ទុកថ្ងៃនេះ ជាថ្ងៃពិសេស ដើម្បីយើងជួបជុំគ្នា ពិភាក្សាឡើងវិញ ពីការកំណត់ថ្លៃទឹកតាមកំរិតប្រើប្រាស់ មានន័យថាៈបើប្រើចាប់ពី ០ម៉ែត្រត្រីគុណ ដល់ ០៣ ម៉ែត្រត្រីគុណ គិតតម្លៃផ្សេង បើលើសពីនេះនឹងគិតតម្លៃផ្សេងៗទៀត ។ ការគិតគូរបែបនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រអាចទទួល បានបណ្តាញទឹកស្អាតប្រើប្រាស់ ដែលអាចបញ្ចៀសបានពីជំងឺឆ្លងផ្សេងៗ ។ លោក ក៏បានលើកឡើងពីការខិតខំរបស់ក្រសួង ។ ក្នុងនោះ លោក បានសម្រេចពន្យាអាជ្ញាប័ណ្ណពី០៣ ឆ្នាំ មក២០ ឆ្នាំ ដល់ប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីឲ្យពួកគាត់មានពេលវេលាក្នុងការពង្រីកអាជីវកម្ម និងស្វែងរកប្រភពធនធានបន្ថែម ។ ដើម្បីឲ្យដំណើរការនេះ អនុវត្តទៅដោយភាពរលូន និងប្រសិទ្ធិភាព លោក ចម ប្រសិទ្ធ បានកំណត់គោលការណ៌ ចំនួន០៣ គឺ៖ ត្រូវអនុវត្តការកំណត់ថ្លៃទឹកតាមកំរិតប្រើប្រាស់ ត្រូវប្រើប្រាស់ប្រព័ន្ធគណនេយ្យតែមួយ និងប្រតិបត្តិករទឹកឯកជនត្រូវចូលជាសមាជិកសមាគមអ្នកផលិតទឹកស្អាតកម្ពុជា ពីព្រោះក្នុងចំណោម ១៨៩ ដែលក្រសួងបានចេញអាជ្ញាប័ណ្ណឲ្យ ទើបតែមាន ៩៩ ប៉ុណ្ណោះ បានចូលជាសមាជិកសមាគម ។ ទេសរដ្ឋមន្ត្រី បានណែនាំដល់សមាគមអ្នកផលិតទឹកស្អាតនៅកម្ពុជា ពិនិត្យ លទ្ធភាព បោះពុម្ពបន្ថែមនូវសៀវភៅចំណេះដឹងទូទៅអំពីការផលិតទឹកស្អាត និងការកណត់ថ្លៃទឹកស្អាត ដែលបោះពុម្ពដោយអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ប្រតិបត្តិករទឹកស្អាតដ៏ទៃទៀត ក៏អាចបោះពុម្ពជាPoster កំរ៉ាស់០១ សន្លឹក ចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែល ប្រើប្រព័ន្ធទឹកស្អាតរបស់ខ្លួន សិក្សាស្វែង យល់ពីការផលិតទឹកស្អាត ផលប្រយោជន៍ និងមូលហេតុដែលតម្លៃទឹកស្អាត មានថ្លៃខុសៗគ្នា ។ ជាពិសេសឲ្យពួកគាត់យល់ថា ទឹកមួយម៉ែត្រគូប ចំណុះដល់ទៅ ១ពាន់លីត្រតម្លៃ ចន្លោះ ពី ២ពាន់រៀល ទៅ ២៥០០ រៀល តើតម្លៃនេះ គាត់អាចជួលគេរែក រឺដឹកជញ្ជូនដល់ផ្ទះបានទេ នៅពេលតម្លៃទឹកខាងលើ បានតបណ្តាញដល់ផ្ទះ និងអាចត្រងផឹកបាន ។ ចំណុចនេះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិ បាលមានចក្ខុវិស័យច្បាស់លាស់ ជាពិសេសគឺគោលនយោបាយរបស់ លោកនាយករដ្ឋមន្ត្រី ត្រង់ចំណុចទី៤ គឺតម្លៃទឹកថោកសមរម្យ ដែលបញ្ហានេះហើយ ក្រសួងមុនចេញអជ្ញាប័ណ្ណ ត្រូវពិភាក្សាគ្នាល្អិតល្អន់ គណនាថ្លៃដើម និងចុងក្រោយកំណត់ថ្លៃទឹក លក់ចេញ គឺអង្គភាព ឯកជនឲ្យទទួល ប្រាក់ចំណេញត្រឹម ១៥% និងរដ្ឋត្រឹម១០% ប៉ុណ្ណោះ ។ ធ្វើយ៉ាងនេះ ដើម្បីអាចឲ្យប្រតិបត្តិករអាចរស់បាន និងប្រជាពលរដ្ឋមានលទ្ធភាពតបណ្តាញទឹកប្រើប្រាស់ដល់លំនៅដ្ឋានរបស់ខ្លួន ។ ម៉្យាងតម្លៃទឹកពីតំបន់មួយ ពីខេត្តមួយមិនអាចមានតម្លៃដូចគ្នាទេ ពីព្រោះប្រភពទឹកខុសគ្នា ក្នុងទឹកមានជាតិពុល រឺមេរោគខុសគ្នា ហើយតម្លៃអគ្គិសនីក៏ខុសគ្នាដែរ ៕




No comments:

Post a Comment