Wednesday, May 03, 2017

ការយល់​ច្រឡំ​​ពីការ​គំរាម​កំហែង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង

នៅពេល​ធ្វើ​សេចក្តី​រាយការណ៍​អំពី​សមុទ្រ​ចិន​ខាង​ត្បូង វាបាន​ក្លាយទៅ​ជា​រឿង​ធម្មតាទៅ​ហើយ​សម្រាប់​បណ្តាញ​សារព័ត៌មាន​នៅ​ជុំវិញពិភព​លោក​ទាញ​យក​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ដែល​បាន​និយាយ​លម្អិត​អំពី​ការ​បង្កើត​ទីតាំង​ ដែល​មាន​សមត្ថភាព​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ។​ អ្នក​ខ្លះ​ប្រើ​ប្រាស់​ព័ត៌មាន​​នោះ​ដើម្បី​បង្កើន​យុទ្ធ​នាការ​ក្នុងការ​ឲ្យ​រដ្ឋការ​ ត្រាំ ជឿថា ចិន​បង្កើត​គំរាម​កំហែ​ង​នៅ​អនាគត​ចំពោះ​ផល​ប្រយោជន៍​អាមេរិក​ រាប់​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ។ ប៉ុន្តែ​ ការ​បញ្ឆេះ​អាមេរិក​ឲ្យ​ប្រឈម​មុខ​ដោយ​យោធា​ជា​មួយ​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង​នោះ​គួរ​តែ​ត្រូវ​ពិចារណា​​ដោយ​ពិនិត្យ​ពិច័យ​ត្រឹម​ត្រូវ។
របាយការណ៍​មួយ​​ដោយ​កម្ម​វិធី​ផ្តួច​ផ្តើម​សម្រាប់​តម្លាភាព​ដែន​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative (AMTI) នៅ​វិទ្យា​ស្ថាន​សិក្សា​​យុទ្ធ​សាស្ត្រ​និ​ងអន្តរជាតិ បាន​លើក​ឡើង​អំពី​​គម្រោង​សំណង់​ចុងក្រោយ​របស់​ចិន​នៅ​សមុទ្រ​ចិនខាង​ត្បូង​ ដោយ​បាន​សន្និដ្ឋាន​ថា ចិន​ ឥឡូវ​នេះ អាច​ដាក់​ពង្រាយ​​សម្ភារៈ​យោធា​​រាប់​បញ្ចូល​ទាំង​យន្តហោះ​ប្រយុទ្ធ និង​ទម្រ​បាញ់​គ្រាប់​មីស៊ីល​ចល័ត​​ទៅ​កាន់ប្រជុំ​កោះ Spratly Islands នៅ​គ្រប់​ពេល។ នេះគឺ​ជា​តថភាព។ ប៉ុន្តែ​ប្រធាន​របស់ AMTI ក៏​បាន​ព្រមាន​នៅ​ក្នុង​បទសម្ភាសន៍​នៅពេល​ក្រោយ​មួយ​អំពី​ការ​ស្វះ​ស្វែង​​ដាក់​ពង្រាយ​​​នៅ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​ចង់​មានន័យថា ចិន​មាន​បំណង​ប្រើ​ប្រាស់​ទីទាំង​ទាំង​នេះ​ដើម្បី​ដាក់​ពង្រាយ​។ នេះ​គឺជា​ការ​ប៉ាន់​ស្មាន។​
វិទ្យាស្ថាន Lowy Institute របស់​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រដៀង​គ្នា​មួយ​ដែល​បាន​លើក​ឡើង​ថា ទីតាំង​យុទ្ធ​សាស្ត្រ​ទាំង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប៉េកាំង​​បង្កើន​សមត្ថភាព​អំណាច​របស់​ខ្លួន​និង​បង្កើត​តំបន់​ហាម​ចេញ​ចូល​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូងទាំង​មូល។ មាន​រឿង​អាក្រក់​ជា​ច្រើន​ដែលអាច​កើត​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ នោះ​មិន​បាន​ន័យថា វា​នឹង​កើត​ឡើង​នោះទេ។​
ការ​មួល​បង្កាច់​របស់​បណ្តាញ​ផ្សព្វ​ផ្សាយ​បាន​រីក​ឡើង​យ៉ាងខ្លាំង​នៅពេល​អ្នក​វិភាគ​​ខ្លួន​ឯង​នោះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​​រិះគន់​លើ​អាមេរិក​។​ សូម​លើក​ឡើង​នូវ​កង្វល់​​ដែល​ថា ចិន​នឹង​ជ្រៀត​ជ្រែក​​នឹង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ពាណិជ្ជកម្ម។ បណ្តា​អត្ថបទ​បណ្តាញ​ផ្សព្វ​ផ្សាយ​ ជា​រឿយ​ៗ បាន​លើក​ឡើង​អំពី​ពាណិជ្ជកម្ម​ជាង ៥ ពាន់​ពាន់​លាន​ដុល្លារ​ដែល​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ជ្រៀតជ្រែក​ជាក់​ច្បាស់​នោះគឺថា ចិន​អាច​ប្រើ​ទីតាំង​របស់​គេ​​ដើម្បី​បង្អាក់​ពាណិជ្ជកម្ម​នេះ។ នោះ​អាច​កើត​ឡើង​ដែរ។ ប៉ុន្តែ​ ចិន​មិន​បាន​ធ្វើ​ដូច​នោះទេ មិន​ទំនង​ជា​ធ្វើ​ដូច​នោះទេ និង​រក្សា​ថា ខ្លួន​នឹង​មិន​ធ្វើដូច​នោះទេ។ សេដ្ឋកិច្ច​របស់​ចិន​អាស្រ័យ​លើ​ពាណិជ្ជកម្ម​នៅ​ដែន​សមុទ្រ​តាម​រយៈ​សមុទ្រ​ចិនខាងត្បូង ដែល​នឹង​ត្រូវ​បង្អាក់​បើ​ជម្លោះ​កើត​ឡើង។​
អាមេរិក​​បាន​បូក​បញ្ចូល​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ពាណិជ្ជកម្ម​ជា​មួយ​នឹង​សេរីភាព​ក្នុងការ​ធ្វើ​ការ​ស៊ើប​ការ​យោធា​បែប​ញួសញង់​ និងការ​ឈ្លប​យក​ការ។ ទឡ្ហីកររបស់​អាមេរិក​គឺថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​​មិន​អាច​បែក​បាក់​បាន​ទេ ហើយ​បាន​រាប់​បញ្ចូល​​ទាំង​​នាវាចរ​ពាណិជ្ជកម្ម​និង​​សកម្ម​ភាព​ឈ្លប​យក​ការ​របស់​អាមេរិក។ អាមេរិក​ បន្ទាប់​មក លើក​ឡើង​ថា ការ​ជ្រៀត​ជ្រែក​របស់​ចិន​ជាមួយ​នឹង​នាវា​យោធា​របស់ខ្លួន​និង​យន្តហោះ​ចម្បាំង​នៅ​ក្នុង​និង​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ចិន​នោះ​រំលោភ​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ។​ ប៉ុន្តែ ចិន​លើកឡើង​ថា ខ្លួន​នឹង​មិន​ប្រជែងជា​មួយ​​​សេរីភាព​នៃ​ការ​​ធ្វើ​នាវាចរ​ទេ គឺ​មាន​តែ​ការ​រំលោភបំពាន​លើ​សិទ្ធិ​នេះ​ពី​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់ខ្លួន​ប៉ុណ្ណោះ។​
បេសកម្ម​របស់​ក្រុម​ស៊ើប​ការ​អាមេរិក​រាប់​បញ្ចូល​ទាំង​​ការ​អុក​ឡុក​យ៉ាង​សកម្ម​ដល់​​ការ​ការ​ពារ​ឆ្នេសមុទ្រ​របស់​ចិន​ដើម្បី​ញួសញង់​និង​អង្កេត​មើល​ការ​ឆ្លើយ​តប ការ​ជ្រៀត​ជ្រែក​​​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​នាវាមុជទឹក នាវា​លើ​ទឹក និង​លើ​ដែន​ដី ការ​ត្រៀម​​ប្រយុទ្ធ​នៅ​សមរភូមិ​ ដោយ​ប្រើ​ប្រាស់​ភាព​មិន​ច្បាស់​លាស់​ផ្នែក​ផ្លូវ​ច្បាប់​​​ក្នុងការ​ធ្វើ​ការ​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​ និង​ការ​តាម​ដាន​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ថ្មី​របស់​ចិន​​នៅពេល​វា​ចេញ​និង​ចូល​មូល​ដ្ឋាន​វា។ នៅ​ក្នុង​ទស្សនៈ​របស់​ចិន ទាំង​នេះ​គឺមិនមែន​ជា​សកម្មភាព​ប្រមូល​​អសកម្ម ដែល​​​អត់​ឱន​ដោយ​រដ្ឋ​ភាគ​ច្រើន​នោះទេ។ ជាង​នេះទៅ​ទៀត ពួក​គេ​មិន​ប្រើ​ប្រាស់​​សមុទ្រ​ដើម្បី​គោល​បំណង​សន្តិភាព​ដូច​ត្រូវ​ឡើង​ដោយ​ច្បាប់​សមុទ្រ​អន្តរជាតិ​នោះ​តែ ប៉ុន្តែ​គឺជា​ការ​អនុវត្ត​ដោយ​ចម្រូង​ចម្រាស់​និង​លុក​លុយ​ដែល​គំរាម​ប្រើ​ប្រាស់​កម្លាំង​ដែល​ត្រូវ​បាន​ហាម​​ដោយ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។​
ការ​ស្រាវជ្រាវ​របស់​លោក​ខាងលិច​ហាក់​បីដូចជា​ធ្វើតែ​ម្ខាង​និង​​ផ្តោតតែ​លើ​​បើក​កកាយ​ពី​ចិន​ប៉ុណ្ណោះ។ ការ​វិភាគ​​​មាន​តុល្យភាព​​នឹង​មានការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មភាព​របស់​ប្រទេស​ជាប់​ជម្លោះ​ផ្សេង​ ជា​ពិសេស​​លើ​សកម្មភាព​របស់​នាវាជើង​ទឹក​អាមេរិក​និង​ការ​យោធាតូបនីយកម្ម​របស់​អាមេរិក​នៅ​សមុទ្រ​ចិនខាងត្បូង។ ក្នុង​ខណៈ​ដែល​ចិន​អាច​បង្ករ​បញ្ហា​ដល់​នាវា​ជើង​ទឹក​អាមេរិក​ក្នុងការប្រឈម​មុខ​ដាក់​គ្នា​នៅ​កៀក​ចិនដីគោក​នោះ អាមេរិក​នៅតែ​រក្សា​ផល​ប្រយោជន៍​យោធា​រួម​នៅ​សមុទ្រ​ចិនខាង​ត្បូង។ អាមេរិក​នៅតែ​ធ្វើ​ប្រតិបត្តិការ​​ជា​មួយ​នាវា​យោធា​ប្រយុទ្ធ​និង​យន្ត​ហោះ​ ព្រមទាំង​សម្ភារៈ​ឈ្លប​យក​ការ​ទៀត​ផង។ អាមេរិក​ក៏​កំពុង​តែ​ដាក់​ពង្រាយ​​យាន​យន្ត​គ្មាន​មនុស្ស​បើក​ដែន​អាកាស លើ​ផ្ទៃទឹក​និង​ក្រោម​ទឹក​ទៅ​កាន់តំបន់​នោះ។​
ការ​ស្រាវជ្រាវ​​នៅ​សមុទ្រ​ចិនខាងត្បូង ​ក៏​មិន​បង្ហាញ​ពី​​ភាព​ងាយ​រងគ្រោះ​ដល់​ទីតាំង​យោធា​របស់​ចិន​ដល់​សមត្ថភាព​របស់​អាមេរិក​ក្នុងការ​កំទេច​វា​ដែរ។ នៅ​ក្នុង​សេនារីយ៉ូ​​ជម្លោះ​ណា​មួយ ទីតាំង​ទាំងនេះ​នឹង​មិន​អាច​ការ​ពារ​បាន​នៅ​ចំពោះមុខ​នឹង​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​​របស់​អាមេរិក។
យោងតាម​លោក Dennis Blair អតី​ប្រធាន​ស៊ើប​ការជាតិ​អាមេរិក​បាន​ឲ្យ​ដឹងថា ប្រជុំ​កោះ Spratlys មាន​ចម្ងាយ​ ៩០០ ម៉ៃល៍​ពី​ចិន​​។ ទីតាំង​ទាំងនោះ​មិន​មាន​សមត្ថភាព​​ការ​ពារ​ខ្លួន​ទេ​តាម​ន័យ​យោធា។ វៀតណា​ម​បាន​ដាក់​ពង្រាយ​​ទម្រ​បាញ់​គ្រប់​រ៉ូកែត​ទំនើបៗ​ទៅ​កាន់​សណ្ធាន​ដី​ខ្លះ​ដែល​ខ្លួន​បាន​កាន់កាប់​ ដូច្នេះវា​ជា​ការ​គំរាម​ដល់​ទីតាំង​របស់​ចិន។​
ជាក់ស្តែង ចិន​មិន​ចាត់​ទុក​ទីតាំង​ការ​ពារ​ខ្លួន​នោះ​ថា ជា​យោធាតូបនីយកម្ម​នោះទេ។ ចិន​បាន​ព្រមាន​ដដែល​ៗថា ខ្លួន​នឹង​ការ​ពារ​ខ្លួន​ ប្រសិន​បើ​អាមេរិក​​នៅតែ​សកម្មភាព​ស៊ើប​យក​ការបែប​ញួសញង់​និង​ការ​ប្រើ​ប្រាស់​សេរីភាព​នៃការ​ធ្វើ​នាវាចរ​នៅ​ក្បែឆ្នេសមុទ្រ​​និង​សណ្ធាន​ដី​ដែល​ខ្លួន​បាន​កាន់កាប់​នោះ។ នៅ​ក្នុងកា​រធ្វើ​សន្និសីទ​នៅ​ខែ​មេសា ឆ្នាំ ២០១៦ ជា​មួយ​នាយក​ប្រតិបត្តិការ​​ជើងទឹក​អាមេរិក​លោក John Richardson នោះ មេបញ្ជាការ​ជើង​ទឹក​ចិន​លោក Wu Shengli បាន​និយាយថា យើង​មិន​មែន​ មិន​បង្កើតឡើង​ការការ​ពារ​ខ្លួន​នោះទេ។ ការ​ការ​ពារ​ខ្លួន​ច្រើន​កម្រិត​ណា​ពិត​ជា​អាស្រ័យ​លើ​កម្រិត​នៃ​ការ​គំរាម​កំហែង​ដែល​យើង​ប្រឈម​មុខ។ ស្វ័យការ​ពារ​គឺជា​សិទ្ធិ​របស់​ប្រទេស​ទាំង​អស់។
មានការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​លើ​និយម​ន័យ​នៃ​យោធា​តូបនីយកម្ម ហើយ​នរណា​កំពុង​ធ្វើ​វា​នោះ។ តើ​ការ​ដាក់​ពង្រាយ​នាវា​ដឹកយន្ត​ហោះ​ Carl Vinson នៅពេល​ថ្មី​ៗ​នេះ​ទៅ​កាន់​សមុទ្រ​ចិនខាង​ត្បូង​នោះគឺកំពុង​តែ​ធ្វើ​យោធាតូបនីយកម្ម​សមុទ្រ​ចិនខាងត្បូង​ដែរឬទេ? ចុះ​រឿង​សម្ព័ន្ធ​មិត្ត​​អាមេរិក​គឺជប៉ុន​ដោយ​បាន​ប្រកាស​នៅ​ក្នុង​បណ្តាញផ្សព្វផ្សាយ​ថា ខ្លួន​នឹង​បញ្ជូន​​នាវា​ជើង​ទឹក​ធំបំផុត​របស់​ខ្លួន​ទៅ​កាន់​ទីនោះវិញ? ទាំង​ចិន​និង​អាមេរិក​កំពុង​តែ​ធ្វើយោធាតូបនីយកម្ម​សមុទ្រ​ចិនខាងត្បូង៕
ប្រភព៖ East Asia Forum ចុះថ្ងៃ០២ ខែឧសភា​ ​ឆ្នាំ២០១៧

No comments:

Post a Comment