Thursday, February 07, 2019

សា​លា​ខេត្ត​ស្វាយរៀងរៀប​ចំ​កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ផ្តល់​សេវា​នៅ​​អង្គ​​ភាព​​ច្រក​ចេញ​ចូល​​តែ​មួយ​

ស្វាយរៀង៖ នៅ​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ លោក រស់ ផារិទ្ធ អភិបាល​រង​ខេត្ត​ស្វាយរៀង តំណាង​ឱ្យ​ លោក ម៉ែន វិបុល អភិបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ផ្តល់​សេវា​នៅ​​អង្គ​​ភាព​​ច្រក​ចេញ​ចូល​​តែ​មួយ​សា​លា​ខេត្ត​ស្វាយរៀង។ ក្នុង​កិច្ច​ប្រជុំ​នេះ ក៏​មាន​អញ្ជើញ​ចូល​រួមពី​ ​ លោក​នា​យក​រង​រដ្ឋ​បាល​សា​លា​ខេត្ត លោក លោក​ស្រី តំណាង​មន្ទីរ​-​អង្គ​ភាព​ពាក់​ព័ន្ធ និង​តំណាង​ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​សា​លា​ខេត្ត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោក​អភិបាលរងខេត្ត បាន​ផ្តាំ​ផ្ញើ​ដល់​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់ នៃ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​សា​លា​ខេត្ត ​ត្រូវ​ពង្រឹង​ការ​អនុ​វត្ត​ការ​ងារ​ផ្តល់​សេវា​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​លើក​កម្ពស់ គុណ​ភាព ប្រសិទ្ធ​ភាព ប្រសិទ្ធ​ផល តម្លា​ភាព និង​គណ​នេយ្យ​ភាពនៃ​ការ​ផ្តល់​សេវា ​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​ប្រមូល​ផ្តុំ ការ​ផ្តល់​សេវា​រដ្ឋ​បាល​លើ​វិស័យ​នា​នា​ នៅ​កន្លែង​តែ​មួយ ដែលបង្ក​លក្ខណៈ​ងាយ​ស្រួល និង​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ។
លោក​អភិបាលរងខេត្ត​បានបន្តថា ការផ្តល់សេវា​នេះ បាន​ចូលរួម​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​ក្នុង​ការ​​ផ្តល់​​សេវា និង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​មូល​ដ្ឋាន​​នៅ​រដ្ឋ​បាល​​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ពង្រឹង​តួ​នាទី ភារ​កិច្ច​​របស់​​រដ្ឋ​បាល​ថ្នាក់​​ក្រោម​​ជាតិ​ក្នុង​​ការ​ទទួល​នឹង​ការ​សម្រុះ សម្រួល​ដោះ​ស្រាយ​បណ្តឹង​នៅ​ក្រៅ​​ប្រព័ន្ធ​​តុលា​​ការ​​ដែល​ពាក់​​ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​​ថ្នាក់​​ក្រោម​​ជាតិ​​ប្រកប​​ដោយ​តម្លាភាព គណ​នេយ្យ​ភាព និង​ប្រសិទ្ធ​ភាព  ទាន់​ពេល​វេលា សំ​ដៅ​​បង្កើន​​ជំ​នឿ​​ទុក​​ចិត្ត​របស់​​ប្រជា​ពល​​រដ្ឋ​​ដែល​​មក​​ទទួល​​សេវា៕



No comments:

Post a Comment