Thursday, February 07, 2019

ទស្សនៈមិន្តអ្នកអាន ៖ ទណ្ឌិត សម រង្ស៊ី យកអធិបតេយ្យជាតិដាក់លក់

ទីបំផុត ទណ្ឌិត សម រង្ស៊ី បានយកអធិបតេយ្យជាតិដាក់លក់ឱ្យបរទេស ដើម្បីចង់បានការផ្លាស់ប្តូរ អំណាចតាម គំរូដូចនៅប្រទេសវ៉េណេស៊ុយអេឡា ដែលជាទង្វើក្បត់ជាតិ ក្បត់នឹងរដ្ឋធម្មនុញ្ញ។ ទណ្ឌិត សម រង្ស៊ី​​ បានស្រែក បន្ទរតាមបរទេសមួយចំនួន ដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ដោយបានលើកករណីលោក កឹម សុខា ថា ត្រូវតែដោះស្រាយជាបន្ទាន់។
ទណ្ឌិត សម រង្ស៊ី គួរបានយល់ដឹងថា ប្រទេសរបស់ខ្លួនជារដ្ឋអធិបតេយ្យដែលក្នុងគោលការណ៍ នៃច្បាប់ អន្តរជាតិ ពិសេសក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក (the World Order) គឺអធិបតេយ្យជាតិនៃរដ្ឋនីមួយៗ គួរត្រូវទទួលបានការគោរពទៅវិញទៅមក។
ជាការពិតករណីរបស់លោក កឹម សុខា ជាការពិតមិនឋិតនៅក្នុងដែនអំណាចរបស់រាជរដ្ឋាភិបាលកម្ពុជា​នោះទេ តែវាជាករណីដែលកំពុងឋិតនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា ដែលមានសិទ្ធិអំណាចនឹងសម្រេចមានទោស ឬគ្មានទោស ក្នុងអំណាចសាលក្រមមួយ ក្នុងដែនយុត្តាធិការរបស់ខ្លួនយ៉ាងប្រាកដ។ ហើយការលើក លែង ទោសណាមួយ នឹងអាចកើតឡើងទៅបាន​នោះ គឺជាសិទ្ធិអំណាចរបស់អំណាចនីតិប្រតិបត្តិ ដែលមានលោក ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។ ជាការពិតនេះ វាជាក្រិត្យក្រមតាមអំណាចផ្លូវច្បាប់របស់ប្រទេសកម្ពុជា   ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល។
ក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការកម្ពុជាបាននោះទេ បើពុំនោះ វានឹងង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងជាការរំលោភទាំងស្រុងទៅ នឹងអំណាចរបស់តុលាការដែលជា ស្ថាប័នឯករាជ្យ។
ការណ៍ចាប់បង្ខំឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធ្វើនេះ ធ្វើនោះ ពិសេសការប្រើប្រាស់ឥទ្ធិពលបរទេស ដើម្បីដាក់សម្ពាធ លើរាជរដ្ឋាភិបាលឱ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខា នោះ គឺជាការបង្ខំឱ្យរដ្ឋាភិបាល កម្ពុជា រំលោភអំណាចរបស់តុលាការ ពិសេស សំណើបែបនេះ ពិតជាការរំលោភទាំងស្រុងទៅ នឹងអធិបតេយ្យជាតិរបស់កម្ពុជា។
ជាការពិត អធិបតេយ្យជាតិកម្ពុជាមិនគួរត្រូវបានទណ្ឌិត សម រង្ស៊ី យកទៅដាក់លក់ ក្នុងចេតនាទុច្ចរិតចង់បាន ការផ្លាស់ប្តូរអំណាចតាមគំរូបប្រទេសវ៉េណេស៊ុយអេឡានោះទេ។ ការជ្រៀតជ្រែកពីបរទេសចូលលូកលាន់ កិច្ចការផ្ទៃក្នុងកម្ពុជាគឺស្មើនឹងអំពើឈ្លានពានឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជាទាំងស្រុង។ ដូច្នេះករណី របស់លោក កឹម សុខា គឺ រដ្ឋាភិបាលកម្ពុជាមិនអាចរំលោភលើអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ របស់ប្រទេស បានឡើយ។ បើពុំនោះទេ ប្រទេសកម្ពុជានឹងបង្កើតឱ្យមានវប្បធម៌និទណ្ឌភាព ដែលនឹង ជំរុញឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងប្រទេសគ្មាននីតិរដ្ឋ ហើយប្រជាធិបតេយ្យនឹងក្លាយទៅជា ប្រជាធិបតេយ្យបែបអាណាធិបតេយ្យដែលមិនអាចគ្រប់គ្រងរដ្ឋ ៕
ដោយ ឡុង បូរិតា



No comments:

Post a Comment