ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបណ្តាលឲ្យកម្មករ ស្លាប់
និងរងរបួសធ្ងន់ស្រាលប្រមាណជា៣០នាក់ ដែលបណ្តាលមកពីឡានក្រុងបុកឡានដឹកកម្មករ
នៅស្វាយរៀង នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥នេះ គឺបេឡាជាតិសន្តិសុខសង្គម
(បសស) ទទួលបន្ទុកផ្តល់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ជូនដល់កម្មកររងគ្រោះទាំងអស់
ទាំងអ្នកស្លាប់បាត់បង់ជីវិត និងអ្នករបួសដែលត្រូវព្យាបាល។
ជាគោលការណ៍ចំពោះជនរងគ្រោះដែលបានអ្នកស្លាប់បាត់បង់ជីវិត បសស
នឹងផ្តល់ថ្លៃដឹកសព ដល់គេហដ្ឋាន រឺកន្លែងធ្វើបុណ្យ និងថ្លៃសោហ៊ុយបូជាសព ចំនួន៤លានរៀល
និងចិញ្ចឹម ប្រពន្ធ ឬ ប្តី និងកូន ព្រមទាំងចិញ្ចឹមជនចាស់ជរា និងអ្នកនៅក្នុងបន្ទុករបស់ជនរងគ្រោះ។
ដោយឡែកចំពោះអ្នករងរបួស បេឡាជាតិសន្តិសុខសង្គម ទទួលបន្ទុកលើការព្យាបាលរហូតដល់ជាសះស្បើយ
ផ្តល់ថ្លៃព្យាបាល ថ្លែថែទាំ ប្រាក់បំណាច់ប្រចាំថ្ងៃ។ ក្រោយការព្យាបាលបើពិការភាពចិញ្ចឹម
១ ជីវិត ផ្តល់ ដៃ ជើង អវៈយវៈសិប្បនិមិត្ត រទេះរុញ និងបណ្តុះបណ្តាលវិជា្ជជីវៈឡើងវិញ។
ការទទួលបន្ទុករបស់ បេឡាជាតិសន្តិសុខសង្គម ក៏ព្រោះតែកម្មករទាំងនោះជាសមាជិក
របស់បេឡាជាតិសន្តិសុខសង្គម ដូច្នេះពួកគាត់ត្រូវទទួលបានការធានារ៉ាប់រងពី
បេឡាជាតិសន្តិសុខសង្គម តាមច្បាប់។
គិតមកដល់ម៉ោង ៤ល្ងាច ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នាព្រឹកមិញនេះ
បានកើនដល់១៨នាក់ហើយ និងអ្នករងរបួសធ្ងន់ស្រាល ២១នាក់ ដែលកំពុងសង្គ្រោះបន្ទាន់
និងសំរាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជន ហើយនៅក្នុងចំណោមអ្នករងរបួសទាំងអស់
មានពីរនាក់ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។
គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោងជិត
៧ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍
ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមការឲ្យដឹងពីសមត្ថកិច្ច នៅក្នុងរថយន្តដឹកកម្មករដែលជួបគ្រោះថ្នាក់គឺផ្ទុកកម្មករជាង
៣០នាក់។ រថយន្តក្រុង ដែលបុករថយន្តដឹកកម្មករ ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរកម្ពុជា-វៀតណាម
ដែលមានទីតាំង ស្ថិតនៅជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិក ក្បែរកន្លែងលក់ផ្លែឈើចាស់។
តាមការអះអាងរបស់សមត្ថកិច្ចគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តក្រុង ដែលធ្វើដំណើរមកពីប្រទេសវៀតណាម
ឆ្ពោះមករាជធានីភ្នំពេញ ក្នុងល្បឿនយ៉ាងលឿននោះ បានបើកជែង ហើយទៅចំណែកផ្លូវរថយន្តដឹកកម្មករ
ដែលបញ្ច្រាសទិស រួច បុកពេញទំហឹងលាន់ឮដូចរន្ទៈ។
ដោយមើលឃើញពីសោកនាដកម្មដ៏គួរឲ្យរន្ធត់ និងសង្វេគនេះ
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានបរិច្ចាគថវិកាផ្ទាល់ខ្លួន
ជួយកម្មករជួបគ្រោះថ្នាក់ចរាចរ នៅខេត្តស្វាយរៀងនាព្រឹកមិញ ដើម្បីដោះស្រាយទុក្ខលំបាកផ្សេងៗ។ សប្បុរសជនដែលបានបរិច្ចាគ ថវិកាចូលរួមសម្រាលទុក្ខលំបាករបស់កម្មករ
និងក្រុមគ្រួសារកម្មកររងគ្រោះរួមមាន៖
-
សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន បរិច្ចាគ ១លានរៀលសម្រាប់អ្នកស្លាប់
និងអ្នករងរបួស ៥០ម៉ឺនរៀល។
-
លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និងអ្នករងរបួសម្នាក់ៗ
៥០ម៉ឺនរៀល។
-
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និង អ្នករងរបួសម្នាក់ៗ ២០ម៉ឺនរៀល។
-
ឯកឧត្តម ចៅ ភារុណ បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និងរងរបួសម្នាក់ៗ
១៥ម៉ឺនរៀល។
-
ឯកឧត្តម កឹម ងួន បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និងអ្នករងរបួសម្នាក់
៥ម៉ឺនរៀល។
-
កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់
និងអ្នករងរបួសម្នាក់ៗ ៤០ម៉ឺនរៀល។
-
លោកជំទាវ ម៉ែន ភក្តី ហុក ឡង់ឌី បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ម្នាក់ៗ
២០០ដុល្លារ សម្រាប់អ្នករងរបួសម្នាក់ៗ ៣០ម៉ឺនរៀល។
-
ឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់
និងរបួសម្នាក់ៗ ១០ម៉ឺនរៀល ក្រៅពីនេះមានសប្បុរសជន ជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភជាថវិកាដល់គ្រួសារជនរងគ្រោះ៕
អត្ថបទ៖ ច័ន្ទ ទេវី



No comments:
Post a Comment