Tuesday, May 19, 2015

សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ដល់អ្នកស្លាប់ និងរបួសក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ក្រោយពីបាន ​ប្រកាសចូលរួមរំលែកទុក​ចំពោះគ្រួសារជនរងគ្រោះ​ ដែលបានស្លាប់បាត់បង់​ជីវិត ​និងរងបួសធ្ងន់ស្រាល ​ដោយសារគ្រោះ​ថ្នាក់ចរាចរណ៍​ នៅឯខេត្តស្វាយរៀង​ កាលពីព្រឹកមិញនេះ​ សម្តេចតេជោ​ នាយករដ្ឋមន្ដ្រី ​និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ បានឧបត្ថម្ភថវិកា ២​លានរៀល​ សម្រាប់អ្នកស្លាប់ម្នាក់ៗ ​និង​ ១លានរៀល​ សម្រាប់អ្នករងរបួសម្នាក់។​
​សម្ដេចនាយករដ្ឋមន្ដ្រី​ ហ៊ុន ​សែន​ និងសម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ​បានឧបត្ថម្ភថវិកា​ ចំនួន២​លានរៀល ​ជូនគ្រួសារសព​ជនរងគ្រោះ​ ដែលបានបាត់បង់​ជីវិតចំនួន ១៨នាក់​ (គិតត្រឹមម៉ោង៤រសៀល) ​និងឧបត្ថម្ភថវិកា ​១លានរៀល​ ជូនជនរងគ្រោះ ​ដែលរងរបួសនៅ​ក្នុងហេតុការណ៍​ គ្រោះថ្នាក់ចរាចរណ៍​នៅខេត្ដស្វាយរៀង​ កាលពីព្រឹកថ្ងៃទី ​១៩ ខែឧសភា​ ឆ្នាំ២០១៥នេះ ​។
​ថវិកាឧបត្ថម្ភ​ របស់សម្ដេចតេជោ​ ហ៊ុន​ សែន ​ខាងលើនេះ ​ធ្វើឡើងតាមរយៈ​លោកជំទាវ​ឧបនាយក​រដ្ឋមន្ដ្រី ​ម៉ែន ​សំអន​ ដែលបច្ចុប្បន្ន​កំពុងចុះ​ជួយអន្ដរាគមន៍​ និង​សួរសុខ​ទុក្ខអ្នក​ជំងឺ ​នៅឯ​ខេត្ដស្វាយរៀង​។​
គួរបញ្ជាក់ថា​នៅក្នុង​ពិធីប្រគល់​សញ្ញាប័ត្រ ​ដល់និស្សិត​នៃសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅថ្ងៃនេះ ​សម្តេចតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជា​ណាចក្រកម្ពុជា ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ ​និង​ចូលរួម​រំលែកទុក្ខ​ ជាមួយ​ក្រុមគ្រួសារ​កម្មករទាំងអស់ ​ដែលបាន​ជួបឧប្បត្តិហេតុគ្រោះ​ថ្នាក់​ចរាចរណ៍ដ៏រន្ធត់​ នៅក្នុងខេត្តស្វាយរៀង ​និងបានជូន​ពរសំរាប់អ្នក​រងរបួស ​ដែលកំពុង​សំរាកព្យាបាល​ឲ្យបានឆាប់​ជាសះស្បើយ​។
​សម្តេចតេជោ ​ហ៊ុន សែន​ ក៏បានគូស​បញ្ជាក់ផងដែរថា ​បញ្ហាគ្រោះថ្នាក់​ចរាចរណ៍​ កំពុងតែ​ធ្ងន់ធ្ងរទៅៗ​ ដែលទាមទារ ​ឲ្យការអនុវត្តន៍​ច្បាប់ចរាចរណ៍​ ឲ្យបានកាន់តែ​តឹងរឹងថែមទៀត។​ ដើម្បី​ធ្វើឲ្យស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​ បានធូរស្បើយ ​សម្តេច​បានស្នើឲ្យមាន​ការចូលរួម​ទាំងអស់គ្នា ​ដើម្បីកែស្ថានភាព​គ្រោះថ្នាក់នេះ ​ឲ្យបានល្អ​ប្រសើរនោះដែរ៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment