Tuesday, July 04, 2017

អភិបាលខេត្តកំពង់ធំ ចូលរួមជាគណៈអធិបតី ក្នុងពិធី​ប្រកាស​ចូលកាន់​តំណែង​របស់ក្រុមប្រឹក្សា ​ចៅសង្កាត់​ អាណត្តិទី៤ ​ នៅសង្កាត់​ស្រយ៉ូវ ​

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ចៅសង្កាត់ អាណត្តិទី៤ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា និងសមាជិកសង្កាត់ ចំនួន ១១នាក់ ស្រី ២នាក់ ចៅសង្កាត់ ចៅសង្កាត់រង ចំនួន ៣នាក់ ដោយមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋចំនួន១៤៦នាក់ ស្រី ៤៨នាក់។

នាឱកាសនោះ កញ្ញា ទឹម សុខអ៊ីម នាយករងរដ្ឋបាលក្រុងស្ទឹងសែន បានអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ នៃសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក សុខ លូ ក៏សូមចូលរួមអបអរសាទរចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ និងលោកចៅសង្កាត់ ចៅសង្កាត់រងទំាងអស់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងមក ដែលការបោះឆ្នោតនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌។

អភិបាលខេត្តកំពង់ធំ បានបន្តទៀតថា សូមលោក លោកស្រីដែលទើបតែជាប់ឆ្នោត ត្រូវបន្តនិរន្តរភាពនៃការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឲ្យមាននិរន្តរភាព ដែលមានមេភូមិជាតំណាងប្រជាពលរដ្ឋ និងជាខ្សែរយៈចម្បងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវាឲ្យមានប្រសិទ្ធភាព ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ជាពិសេស ច្បាប់ស្តីពីការគ្រប់រដ្ឋបាលឃុំសង្កាត់។ ជាគោលការណ៍ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ មិនត្រូវបានកំណត់អាណត្តិការងារឡើយ។

លោកបន្ថែមទៀតថា ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ត្រូវប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន ដើម្បីទទួលខុសត្រូវអនុវត្តគម្រោងបន្តទៀត និងត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យជាអាទិភាពមួយចំនួនដូចជា ផ្លូវថ្នល់ ប្រឡាយទឹក អណ្តូងទឹក ស្រះទឹកជាដើម។

ទន្ទឹមនឹងនោះ ផ្អែកតាមច្បាប់ស្តីពីការប្រឆំាងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទំាងអស់ មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ផ្ញើឲ្យដល់អង្គភាពប្រឆំាងអំពើពុករលួយ ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃប្រកាសសុពលភាពនេះ និងចូលរួមទាំងអស់គ្នាក្នុងការលំបាត់អំពើពុករលួយនៅមូលដ្ឋានផងដែរ។

ជាចុងបញ្ចប់ អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់លោក លោកស្រី ដែលទើបបានជាប់ឆ្នោតថ្មី និងជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណត្តិទី៤ សូមមានឆន្ទៈខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ទាំងកម្លាំងប្រាជ្ញា ស្មារតី កម្លំាងកាយ កម្លំាងចិត្ត ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន៕






No comments:

Post a Comment