Tuesday, July 04, 2017

ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម»

ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៧ ។ កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី ក្រសួងពត៌មាន ក្រសួងអប់រំ អភិបាលរាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ អង្គការដៃគូរួមមាន WHO MC និងRemos សរុបជិត២០០០នាក់។
នាឱកាសនោះផងដែរ លោក ម៉ម ប៊ុនហេង បានថ្លែងថា ការចូលរួមទាំងអស់គ្នាក្នុងកិច្ចការពារជំងឺគ្រុនឈាម គឺដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន និងកាត់បន្ថយការចំណាយឲ្យបានច្រើនក្នុងក្រុមគ្រួសារ។ លោកបានកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យកន្លងមក ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម ហើយលោកបានលើកទឹកចិត្ត និងអំពាវនាវអោយគ្រប់ផ្នែកពាក់ព័ន្ធបន្តការចូលរួមសហការបន្ថែមទៀត ដើម្បីឈានទៅរកការទប់ស្កាត់ជំងឺគ្រុនឈាម ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល កុមារា កុមារីត្រូវយកចិត្តទុកដាក់សំអាតលំនៅស្ថាន កុំអោយមានទឹកដក់ ដែលអាចជាប្រភពជម្រករបស់ដង្កូវទឹក និងមូសខ្លា។ ជាងនេះទៅទៀត សំណូមពរដល់មាតាបិតា អាណាព្យាបាលបញ្ជូនកូនចៅដែលសង្ស័យមានជំងឺគ្រុនឈាមទៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពជាបន្ទាន់។
សូមបញ្ជាក់ថា ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកទិវាពិភពលោក និងទិវាជាតិដែលបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីប្រកាសជាសាធារណៈអំពីការតាំងចិត្តខ្ពស់របស់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម និងឈានទៅរកកាត់បន្ថយអត្រាឈឺ និងស្លាប់ សំរាប់ប្រទេសកម្ពុជា។
បើតាមរបាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ អំឡុង២៤សប្ដាហ៍ ជំងឺគ្រុនឈាមមានចំនួន១១៣៣ករណី និងស្លាប់១នាក់ (អត្រាស្លាប់០.១%)។ ជំងឺគ្រុនឈាមមានការថយចុះជាង៥០% និងករណីស្លាប់ ថយចុះជាង៨០% បើធ្រៀបនឹងទៅរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលមានចំនួន ២៤៤៧ករណី និងស្លាប់៥នាក់ (អត្រាស្លាប់០.២%)៕





No comments:

Post a Comment