Tuesday, January 29, 2019

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលផ្លូវសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ

តាមប្រសាសន៍របស់លោកស្រី​ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​តែ​មមា​ញឹក​ក្នុង​ការ​ជួស​ជុល និង​កែលម្អ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​តំបន់​អង្គរ​ ឱ្យ​​មាន​ភាព​ល្អ​ប្រសើរ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​បម្រើ​ផល​ប្រយោជន៍​ទូ​ទៅ​ផ្សេង​ទៀត ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​សៀមរាប។
ជាក់ស្តែង កំណាត់ផ្លូវ​កូម៉ៃ ចាប់​ពីចំណុច​ផ្លូវកែង​សួន​គ្រឿងទេស​របស់អាជ្ញាធរ​ជាតិអប្សរា ឆ្ពោះ​ទៅប្រាសាទអង្គរ ត្រូវបានជួសជុល និងកែលម្អឡើងវិញ ហើយ​ដោយ​អ៊ុតកៅស៊ូ​បេទីម ដែល​មានគុណ​ភាពខ្ពស់ និងប្រើប្រាស់​ជាប់បានយូរ។ រហូតមកដល់ថ្ងៃ​២៩ ខែ​មករា ឆ្នាំ​២០១៩​នេះ​ ការដ្ឋាន​ជួសជុលបាន​សម្រេច​ ១០០%​ ហើយ លើ​ប្រវែង ១២០០​ម៉ែត្រ។
រីឯកំណាត់​ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ពី​ចំណុចស្វាយ​ធំឆ្ពោះទៅភូមិ​ព្រះ​ដាក់ ដែល​រង​ការ​ខូច​ខាត​ខ្លាំង និង​បាន​ជួស​ជុល​ផ្នែក​ខ្លះ ក៏​កំពុង​ទទួល​បាន​ការ​ជួស​ជុល និង​កែ​លម្អ​បន្ថែម​ទៀត​រហូត​ដល់​ត្រង់​ចំណុច​រង្វង់​មូល​ដំរី​ ស្ថិត​ក្នុង​ភូមិ​តាកុះ ឃុំព្រះដាក់ ស្រុក​បន្ទាយស្រី ហើយ​ការ​ជួស​ជុល​នេះ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។
ដោយឡែក កាលពីចុងឆ្នាំ២០១៨ អាជ្ញា​ធរ​ជាតិ​អប្សរា ​បាន​ជួស​ជុល​រួច​រាល់​ផ្លូវ​សម្តេច​វិបុល​បញ្ញា​ សុខ អាន ដោយ​​បាន​​ពង្រីក​ទទឹង​ផ្លូវ​រហូត​ដល់ ១០ម៉ែត្រ ចាប់ពីចំណុចស្ពាន​នាគ​រហូត​ដល់​រង្វង់​មូល​អប្សរា​។
នេះជាសមិទ្ធិផល​ថ្មី​បន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរា បាន​និង​កំពុង​រំលេច​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណ​ជន ក៏​ដូច​ជា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​ផង​ដែរ៕







No comments:

Post a Comment