Tuesday, January 29, 2019

លំនៅដ្ឋាន និងសំណង់ស្រាលតូចតាចរបស់​ប្រជាពលរដ្ឋរស់នៅ​ ក្នុងតំបន់​រមណីយដ្ឋានអង្គរ​ ត្រូវកែលម្អ​ និងជួសជុលទ្បើងវិញ​

យោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋាន សហគមន៍ទាំង៥ក្រុម នៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ ស្រាលតូចតាចបានចំនួន២១៥៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ។
ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាល តូចតាចដែលទទួលបានការអនុញ្ញាតរួមមាន៖ ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងចំណោមអ្នកស្រុក២១៥៩គ្រួសារ ដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគង ទទួលបានការអនុញ្ញាតចំនួន៣៧៧គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន២៨៨គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៤២៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៩០៦គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៦១គ្រួសារ។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅ ដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជា មូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលដ្ឋរស់នៅ ក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការ កែលម្អការរស់នៅឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការជួសជុលផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ការដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយ ការយល់ដឹងអំពីបេតិកភណ្ឌ ដល់ប្រជាជនគ្រប់ៗគ្នា។
ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់ អាជ្ញាធរជាតិអប្សរាក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមកផងដែរ៕


No comments:

Post a Comment