Monday, January 04, 2016

គុណបំណា​ច់ដ៏ថ្លៃថ្លានៃថ្ងៃ ៧ មករា

វិចារណកថា
គុណបំណា​ច់ដ៏ថ្លៃថ្លានៃថ្ងៃ ៧ មករា

ថ្វីត្បិតតែ​មហាជ័យជំនះ ៧មករា បានឈានមកដល់​ខួបលើកទី៣៧ឆ្នាំ សម្រាប់ឆ្នាំ២០១៦នេះក្តី ក៏ទំព័រប្រវត្តិសាស្ត្រនេះ ស្ថិតនៅដិតជាប់ដួងចិត្តប្រជាជន ជាពិសេសយុវជន និងយុវតីកម្ពុជាជានិច្ច  ហើយព្រឹត្តិការណ៍នេះហាក់បីដូចជានៅថ្មីៗមិនអាចបំភ្លេចបានឡើយ។
ក្នុងកាលៈទេសៈ ដែលប្រទេសជាតិបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងយុទ្ធមិត្តដ៏ស្មោះត្រង់របស់បក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងប្រយុទ្ធប្រកបដោយវីរៈភាពបំផុត ដើម្បីផ្តួលរំលំរបបយង់ឃ្នងនេះឲ្យវិនាសសាបសូន្យពីមាតុភូមិកម្ពុជា ហើយនាំមកនូវ ឯករាជ្យ សេរីភាព សន្តិភាព និងការរស់ឡើងវិញដល់ប្រជាជនកម្ពុជា។
មហាជ័យជំនះ ៧មករា ១៩៧៩ បានសង្គ្រោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា ហើយបានដណ្តើមមកជូនប្រជាពលរដ្ឋវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងបានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋទាំងអស់នៅតែចងចាំជានិច្ចថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ខ្លួន។
រយះពេល ៣៦ឆ្នាំកន្លងមកនេះ ដោយផ្តើមចេញពីចំណុចសូន្យ និងត្រូវរ៉ាប់រងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍បានបន្សល់ទុក ព្រមទាំងការប្រឈម   នឹងវិបត្តិសេដ្ឋកិច្ចសកលលោកផងនោះ រាជរដ្ឋាភិបាលអាណត្តិទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងជំនះនូវរាល់ឧបសគ្គ ជ្រោងខ្ពស់នូវជំហរមហាសាមគ្គីជាតិ បង្រួបបង្រួមជាតិ ឆ្លងកាត់ពីដំណាក់កាលរីកចម្រើនមួយ ទៅដំណាក់កាលរីកចម្រើនមួយទៀតជាបន្តបន្ទាប់ ឈានទៅសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ មាតុភូមិ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង រួមទាំងដំណើរការប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនជារៀងរាល់ឆ្នាំ ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សារបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ។
ប្រជាពលរដ្ឋកម្ពុជា នៅតែចងចាំ និងដឹងគុណយ៉ាងច្បាស់ថា ៧មករា គឺជាថ្ងៃដ៏វិសេសវិសាលមិនអាចបំភ្លេចបានឡើយ។ គ្មានថ្ងៃ ៧ មករា គឺគ្មានជីវិតមកដល់ពេលនេះ គ្មានថ្ងៃ ៧ មករា គឺគ្មានការបង្រួបបង្រួមជាតិ គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ១៩៩១ គ្មានគណបក្សនយោបាយចូលរួមការប្រកួតប្រជែង គ្មានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងគ្មានការសម្តែងមតិដោយសេរី ដូចបច្ចុប្បន្នឡើយ។ មានន័យថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការលើកកម្ពស់តម្លៃសិទ្ធិមនុស្ស ផ្តល់សិទ្ធិពេញលេញជូនដល់ប្រជាពលរដ្ឋក្នុងការប្រកាន់យកនូវជំនឿសាសនា ការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបើកទូលាយនូវសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ និងបានផ្តល់អំណាចសម្រាប់ប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលប្រព្រឹត្តិទៅរៀងរាល់៥ឆ្នាំម្តង ជាទៀងទាត់។ ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិដោយផ្ទាល់ និងដោយប្រយោល ក្នុងការជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ថែមទៀត។ ជាងនេះទៀត ថ្ងៃ ៧មករា បានផ្តល់ឱកាសដល់ រាជរដ្ឋាភិបាលក្នុងការផ្តល់សេរីភាពយ៉ាងទូលាយដល់សង្គមស៊ីវិលប្រមាណជាង៣ពាន់ បានធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងសង្គម។ ប្រជាពលរដ្ឋក៏ទទួលបាននូវសិទ្ធិទទួលព័ត៌មាន តាមរយៈ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម( Face Book You Tube Google Twitter ។ល។  តាមបែបទំនើបទៀតផង។ និយាយឲ្យងាយស្តាប់ជាងនេះ បើគ្មានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ទេនោះ យុវជន យុវនារីសម័យថ្មីយើង ក៏មិនបានស្គាល់នូវអ្វីដែលហៅថា  Face Book You Tube Google Twitter .... នោះដែរ ហើយក៏គ្មានស្គាល់អ្វីទៅជា នំហាំប៊ើហ្គឺ នំភីហ្សា និងជាពិសេសទៅទៀតនោះគឺថ្ងៃបុណ្យនៃក្តីស្រឡាញ់ ( Valentine Day ) និងបុណ្យគ្រីស្តម៉ើស ( Christmas Day )ជាដើមនោះដែរ។
ម្យ៉ាងទៀត បើគ្មានថ្ងៃ ៧ មករា ក៏គ្មានសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ នោះដែរ។ ក្នុងរយៈពេល ៣៦ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋបានទទួលនូវជីវភាពសម្បូរសប្បាយ មានចំណីអាហារហូបចុកគ្រប់គ្រាន់     ទីជម្រកសមរម្យ និងការប្រកបរបរទទួលទានតាមបែបទីផ្សារសេរី ហើយជាពិសេសកម្ពុជាបានធ្វើសមាហរណ៌កម្មទៅក្នុងតំបន់អាស៊ាន និងសកលលោក  ដែលធ្វើឲ្យកិត្យានុភាពរបស់កម្ពុជា បានឈានដល់ភាពស្មើមុខមាត់គ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ លើឆាកអន្តរជាតិ និងក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត និងបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

លើសពីនេះទៀត អ្វីដែលជាមោទនៈភាពបំផុត សម្រាប់សងគុណដល់ថ្ងៃ ៧ មករា គឺរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានធ្វើឱ្យសម្រេចបានការចុះបញ្ជីប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិមួយ ចំនួនទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយកម្ពុជាក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៣ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធាននៃគណៈកម្មាធិការនេះទៀតផង។ កន្លងទៅថ្មីៗនេះទៀត ការបង្កើតបាននូវគណៈកម្មាធិការអន្តរជាតិ ដើម្បីការអភិរក្ស និងអភិវឌ្ឍ តំបន់ប្រាសាទព្រះវិហារ គឺជាជោគជ័យថ្មីមួយទៀតចំពោះការយកចិត្តទុកដាក់លើវិស័យវប្បធម៌របស់រាជរដ្ឋាភិបាល។ ជាស្នាដៃដ៏លេចធ្លោរនោះ គឺព្រះរាជាណាចក្រកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិធំៗ ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគួរជាទីមោទនៈ និងទទួលបានការកោតសសើរពីបណ្តាប្រទេសជាមិត្តទាំងនៅអាស៊ី និងអឺរ៉ុប។ 
សមិទ្ធផល និងស្នាដៃដ៏ធំធេងទាំងអស់នេះហើយ ដែលជាទុនដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមយ៉ាងសកម្ម ដើម្បីធ្វើសមាហរណកម្មនៃសហគមន៍អាស៊ានចាប់ពីឆ្នាំ២០១៦នេះតទៅ។
ជារួម បើទោះបីជាទិវាថ្ងៃមហាជ័យជំនះ ៧ មករា បានឈានមកដល់ខួបលើកទី ៣៧ឆ្នាំ ទៅហើយក្តី ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែដឹងគុណជានិច្ចថា ជាថ្ងៃកំណើតទី២របស់ខ្លួន និងនៅតែចងចាំក្នុងដួងចិត្តជាអមតៈ ព្រោះបើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេ ពេលនោះជាតិខ្មែរពិតជាបាត់ឈ្មោះនៅក្នុងផែនទីពិភពលោកជាមិនខាន។
ដូច្នេះ ជនអគតិដែលរមិលគុណ មិនទទួលស្គាល់ថ្ងៃប្រវត្តិសាស្ត្រនេះ ថាជាថ្ងៃនៃ  ការរស់ឡើងវិញរបស់ខ្លួនទេនោះ គឺជាជំពូកមនុស្សដែលក្បត់នឹងមនៈសិកា ជាជនដែលមិនទទួលស្គាល់នូវសច្ចៈភាពប្រវត្តិសាស្ត្រ។ អាចនិយាយបានម្យ៉ាងទៀតថា ដោយសារតែមហិច្ឆតាអំណាច និងនយោបាយ ពួកគេថែមទាំងហ៊ាននិយាយបំភ្លៃ មួលបង្កាច់ និងចោទប្រកាន់ ថាជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាមទៅវិញ បើទោះបីជាឪពុក ម្តាយ បងប្អូន កូនក្មួយ មាមីង ជីដូន ជីតា និងញាតិមិត្ត របស់ពួកគេត្រូវបានកាប់សម្លាប់យ៉ាងវេទនា ដោយការវាយនឹងត្បូងចប អារកនឹងធាងត្នោត បាញ់សម្លាប់ ទម្លាក់ក្នុងរណ្តៅតែមួយ រាប់រយ រាប់ពាន់នាក់ក៏ដោយ។ ក្រុមមនុស្សដែលពុំបានរួមចំណែកក្នុងចលនារំដោះជាតិ រំដោះទឹកដី មួយចំនួនតូចនោះ ពួកគេបែរជាឆ្លៀតយកឱកាសនេះធ្វើការរិៈគន់ ជេរប្រមាថ ញុះញង់ បង្កអសន្តិសុខសង្គម យ៉ាងងងើល និងអសីលធម៌ទៅវិញ។ ពួកគេភ្លេចគិតថា ការដែលពួកគេបានធ្វើនយោបាយ និងធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលដោយសេរី ក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារគុណបំណាច់នៃថ្ងៃ ៧ មករា នោះឡើយ៕

ដោយ៖ សួន ចំរើន

No comments:

Post a Comment