Friday, March 16, 2018

លោក​នាយក​រដ្ឋ​មន្រ្តី បានអញ្ជើញទៅដល់ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព អម​ដោយ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​មន្ត្រី​កម្ពុជា និង​អូស្ត្រាលី រួម​ទាំង​ប្រជា​ពល​រដ្ឋ​ខ្មែរ-អូស្ត្រាលី​យ៉ាង​ច្រើន​កុះ​ករ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ដល់​សណ្ឋាគារ​ស្នាក់​នៅ​ក្នុង​ទីក្រុង ស៊ីដនី (Sydney, Australia) ដោយ​សុវត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​ អាស៊ាន-អូស្រ្តាលី ចាប់​ពីថ្ងៃទី ១៦-១៨ ខែ​មីនា ឆ្នាំ​២០១៨។

ក្នុង​ពេល​អញ្ជើញ​មក​ដល់​ព្រលាន​យន្ត​ហោះ​ទី​ក្រុង​ស៊ីដនី គឺ​មាន​មន្រ្តី​នៃ​រដ្ឋា​ភិបាល​អូស្រ្តាលី និង​មន្រ្តី​ស្ថាន​ទូត​ខ្មែរ​ជា​ច្រើន​នាក់ ទៅ​ទទួល​ស្វាគមន៍លោក​នាយករដ្ឋមន្រ្តី​ ជាប្រមុខដឹកនាំ។ នៅ​ឯ​សណ្ឋាគារវិញក៏មានបងប្អូនខ្មែរមកពីប្រទេស New Zealand និង Australia ជា​ច្រើន​នាក់​បាន​មកទទួលស្វាគមន៍ លោក​នាយករដ្ឋមន្រ្តី ប្រ​កប​ដោយ​ការគោរពស្រឡាញ់ និង​នឹក​រលឹក​ដ៏ជ្រាលជ្រៅបំផុត។

តាមការគ្រោងទុកនៅរសៀលនេះ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំទ្វេភាគីជា​មួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលី នៅមជ្ឈមណ្ឌលសន្និសីទអន្តរ​ជាតិ ហើយបន្ទាប់មក លោក​នឹងអញ្ជើញជួបប្រជុំជាមួយ លោក Jeremy Johnson ប្រធាន​សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលីផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធីល្ងាចថ្ងៃនេះគឺ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបសំណេះ​សំ​ណាល​ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ Australia និងបងប្អូនមកពីប្រទេស New Zealand ប្រមាណ៨០០ នាក់។

គួររំលឹកថា លោកនាយករដ្ឋមន្រ្តី​បានចេញដំណើរពីប្រទេសកម្ពុជានៅល្ងាចថ្ងៃទី១៥មីនា ម្សិលមិញនេះ មុនពេលចេញដំណើរលោកបានបញ្ជាក់ថា លោកសប្បាយរីករាយ ក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីកម្ពុជាកាន់តែមានឱកាសរឹតចំណងមិត្តភាព និង​សហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយរដ្ឋាភិបាលអូស្រ្តាលី និងជាមួយបណ្តាមេដឹកនាំមកពីប្រទេសនានាមួយចំនួនទៀត។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន និងអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធាន​បទ​សំខាន់ៗ​នា​នា ដែល​ជា​ផល​ប្រយោជន៍​រួម និង​ដើម្បី​ចែក​រំលែក​ការ​យល់​ឃើញ និង​ទស្សនៈ​នានា ទៅ​លើទិស​ដៅ​នា​ពេលអនា​គត​នៃ​ទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី លោកនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹក​នាំអាស៊ាន និងនា​យក​រដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើ​អនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិផងដែរ៕







No comments:

Post a Comment