Friday, March 16, 2018

ការបោះឆ្នោតរបស់រុស្ស៊ីឆ្នាំ ២០១៨៖ អ្នកបោះឆ្នោតប្រឈមទៅនឹងជម្រើស​ដ៏លំ​បាក​មួយ គឺ​ត្រូវជ្រើស​រើស​លោក Vladimir Putin

ប្រធានាធិបតីបានស្វែងរកការបំពេញចិត្តចំពោះអ្នកបោះឆ្នោតនៅទូទាំងប្រទេសរុស្ស៊ី ក៏ប៉ុន្តែ យុទ្ធ​នា​ការឃោសនាបោះ​ឆ្នោត​ដ៏ស្ងា​ប់ស្ងាត់ និងកង្វះគណបក្សប្រឆាំងពិតប្រាកដ បានធ្វើឱ្យភាពពេញចិត្តពេញថ្លើមមិនសូវមានច្រើននោះទេ។

ការឃោសនានៅក្នុងទីក្រុង Krasnoyarsk ខេត្ត Siberia អ្នកសារព័ត៌មានបានឈរយ៉ាងអត់ធ្មត់នៅទីលានវាយកូនឃ្លីលើទឹកកក (ice hockey) នៅឯពហុកីឡាដ្ឋានថ្មីមួយរបស់ទីក្រុង។ ​ពេញមួយថ្ងៃ ពួកគេមានការខកខិត្តចំពោះការពន្យារពេលជាច្រើនម៉ោង ការឆែកឆេរ និងការមិនអនុ​ញ្ញាតឱ្យចូលទៅខាងក្នុង។

​នៅពេលលោកប្រធានាធិបតីលេចមុខ តាមកញ្ចក់ផ្ទះទឹកកកនៅផ្នែកម្ខាង ដោយមានអង្គរក្ស​ បុគ្គ​លិកទូរទស្សន៍រដ្ឋនៅជុំវិញនោះ គាត់បានដើរទៅត្រង់ឆ្ពោះទៅកាន់កន្លែងថតរូប។

​នៅពេលលោក Putin ថតរូបជាមួយក្រុមវាយកូនឃ្លីលើកទឹកកកក្នុងស្រុកមួយក្រុម អ្នកសារព័ត៌មាន​ជាច្រើន បានចាប់ផ្តើមរត់ចូលទៅថតរូប ក៏ប៉ុន្តែ ពួកគេត្រូវបានចាប់ស្ទាក់ដោយមន្រ្តីសន្តិសុខ។

លោក​ Putin មិនដែលជាប់ពាក់ព័ន្ធនឹងនយោបាយប្រកួតប្រជែងអាក្រក់ៗនោះទេ ក៏ប៉ុន្តែ ការឃោសនានេះត្រូវបានរៀបចំដើម្បីមិនឱ្យមានភាពរាំងស្ទះអ្វីទេ។ ការរៀបចំនេះ ត្រូវបានធ្វើឡើងចំពោះតែប្រធានាធិបតីតែម្នាក់ប៉ុណ្ណោះ។ គាត់បានកម្រិតការទាក់ទងរបស់គាត់ជាមួយពិភព​ខាងក្រៅ។ ការលេចមុខជាសាធារណរបស់គាត់គឺកម្រណាស់។ គាត់បានបដិសេធក្នុងការលេចមុខនៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ ហើយគាត់ក៏បដិសេធក្នុងការធ្វើបទសម្ភាស៍ក្នុងស្រុកផងដែរ។

យុទ្ធនាការនេះក៏ត្រូវបានរៀបចំដើម្បីបញ្ជៀសការពិភាក្សាពិតប្រាកដលើគោលនយោបាយ។ សុន្ទរ​កថា ដ៏សំខាន់បំផុតរបស់លោក Putin នៅថ្ងៃទី០១ ខែមីនា បានសន្យាថា នឹងផ្តល់ឱ្យប្រជា​ជនរុស្ស៊ីនូវភាពកក់ក្តៅមួយ។ វានឹងមានប្រាក់បន្ថែមសម្រាប់ម្តាយចិញ្ចឹមកូន សម្រាប់ថែទាំសុខភាព ហើយ GDP នឹងកើនឡើង ដល់ ៥០ ភាគរយក្នុងមួយទសវត្សរ៍។

ក៏ប៉ុន្តែ ដំណើរការនេះហាក់ដូចជា មិនច្បាស់លាស់ ហើយក៏មិនទំនងជាផ្តល់ឱ្យសេដ្ឋកិច្ចជាតិនូវអាត្រាកំណើន ២ ភាគរយដែរ។ ចក្ខុវិស័យតែមួយគាត់ ដែលប្រជាជនរុស្ស៊ីបានទទួលពីសុន្ទរកថា របស់លោក Putin គឺយោធានិយមតែប៉ុណ្ណោះ។

ប្រជាជនរុស្ស៊ីនៅតែមិនទាន់អស់ក្តីស្រឡាញ់ចំពោះលោក Vladimir Putin នៅឡើយ។ នៅ​ពេល​​គាត់​ចូលកាន់តំណែងឆ្នាំ ១៩៩៩ ប្រទេសរុស្ស៊ីត្រូវបានស្តារឡើងវិញចេញពីវិបត្តិសេដ្ឋ​កិច្ច​ដ៏អាក្រក់ ដែលកំពុងស្ថិតក្នុងការចងចាំរបស់ប្រជាជន។ ការស្តារសេដ្ឋកិច្ចនាពេលនោះ គឺដោយ​សារ​ការពង្រីកការផលិត និងនាំចេញប្រេង ដែលកត្តានេះ បានផ្តល់ឱ្យប្រជាជនរុស្ស៊ីនូវប្រាក់​ឈ្នួល និងសេចក្តីថ្លៃថ្នូរមកវិញ។

ក្នុងពេលនោះដែរ លោក Putin បានត្រួតពិនិត្យលើការសឹករិចរិលនៃវិស័យព័ត៌មានឯក​រាជ្យ ដំ​បូង​ទូរទស្សន៍ ហើយក្រោយមកការបោះពុម្ភផ្សាយ និងអ៊ីនធឺរណិត។ លោក Putin បាន​ជំរុញប្រ​ជាជនរបស់គាត់កុំឱ្យពាក់ព័ន្ធទៅនឹងនយោបាយ ហើយផ្តោតលើការងារ និងរកប្រាក់ទៅ។

ក៏ប៉ុន្តែ ពីរទសវត្សរ៍ក្រោយមក បន្ទាប់ពីការជំរុញការមិនអើពើលើរឿងនយោបាយមក លោក Putin បានជួបនូវបញ្ហា។ លោក Putin ត្រូវការឱ្យប្រជាជនរបស់គាត់ស្វែងរកឡើងវិញនូវផលប្រយោជន៍នៅក្នុងនយោបាយ៕

ប្រភព៖ Independent ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨


No comments:

Post a Comment