Friday, March 16, 2018

ពលរដ្ឋខ្មែរ-អូស្ត្រាលី សម្តែងក្តីរំភើបរីករាយ ពេលជួបស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិកម្មចំពោះសកម្មភាពក្រុមប្រឆាំង (មានវីដេអូ)




ក្នុងពេលជួបស្វាគមន៍វត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេស Australia ប្រទេស New Zealand និងខ្លះទៀត មកពីសហរដ្ឋអាមេរិក ដែលខំស្កាប់មកជួបទទួលស្វាគមន៍វត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងក្តីរីករាយ រំភើប នៅពេលដែលបានឃើញវត្តមានលោកនាយករដ្ឋមន្ត្រី ដោយផ្ទាល់ និងបានទទួលការចាប់ដៃស្វាគមន៍ដោយ ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសយ៉ាងច្រើនកុះករបានបង្ហាញទឹកមុខរីករាយ និងបាន បញ្ចេញចំណាប់អារម្មណ៍រំភើបក្រៃលែង ដោយពួកគាត់ម្នាក់ៗបានបញ្ជាក់បាន ថ្វីត្បិតតែពួកគាត់រស់នៅ ក្រៅប្រទេសមែន ប៉ុន្តែពួកគាត់ស្រលាញ់ប្រទេសកម្ពុជា និងស្រលាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែ លោកគឺជាប្រមុខរាជរដ្ឋាភិបាលដែលបានថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា។
លោក សុខ តុលា រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបានមកទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកពិតជាមានការសប្បាយរីករាយមែនទែន ដោយឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ យើងមកជុំគ្នាទាំងអស់ មកពីគ្រប់តំបន់ គ្រប់ State នៅក្រុងស៊ីដនីផ្ទាល់ មកពី New Zealand មកពី អាមេរិក មានការជួបជុំគ្នាយ៉ាងសប្បាយនៅពេលនេះ។ លោកបន្តថា «ខ្ញុំបានជួបសម្តេចមុននេះបន្តិច សប្បាយចិត្តមែនទែន នេះជាលើកទី១ហើយ ដែលខ្ញុំបានចាប់ដៃសម្តេចផ្ទាល់ យើងជាប្រជាពលរដ្ឋ នៅទីនេះទាំងអស់គ្នា មានការសប្បាយចិត្ត ហើយក៏ជាមោទនភាពរបស់ជាតិយើងដែល សម្តេចបាន អញ្ជើញមកទីនេះ»។ លោក សុខ តុលា បានបញ្ជាក់ថា «យើងស្រលាញ់សន្តិភាព យើងត្រូវការពារ សន្តិភាពឱ្យបាន ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់នៅអូស្ត្រាលី គាំទ្រទាំងស្រុងអ្វីដែលសម្តេចគាត់បាន ការពារប្រទេសយើង ឱ្យមានសុខសន្តិភាព ឱ្យមានការអភិវឌ្ឍន៍ ឱ្យមានកេរ្តិ៍ឈ្មោះគ្រប់តំបន់ ប្រជាជនខ្មែរយើងសប្បាយចិត្ត»។

ជាមួយគ្នានេះ លោក កៅ ស៊ីគឹមហ៊ន មកពី New Zealand បានលើកឡើងថា លោកមកស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយពេញចិត្ត និងស្ម័គ្រចិត្ត ហើយបានចំណាយថវិកាផ្ទាល់ខ្លួន។ លោកពិតជារំភើប ដែលបាន ឃើញសម្តេចអញ្ជើញមកប្រទេសអូស្ត្រាលី ដែលជាប្រទេសរីកចម្រើន។ លោក កៅ ស៊ីគឹមហ៊ន បានបន្ថែមថា «ដូច្នេះគាត់អាចយកបទពិសោធន៌នេះ ដើម្បីទៅធ្វើការអភិវឌ្ឍន៍ ប្រទេសយើងឱ្យបាន ជឿនលឿន ដូចប្រទេសគេដែរ។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនខ្មែរ ឱ្យចេះសាមគ្គីគ្នា កុំប្រឆាំងគ្នា ដើម្បីធ្វើឱ្យប្រទេសខ្មែរមានការរីកចម្រើន អភិវឌ្ឍន៍តទៅមុខទៀត។ ឥឡូវនេះប្រទេសខ្មែរ យើង ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែរីកចម្រើនទៅមុខហើយ មិនដូចក្រុមប្រឆាំងមួយចំនួនដែលថា ប្រទេសខ្មែរយើងជាប្រទេសដែលផ្តាច់ការ តិរច្ឆានទេ ពាក្យនេះលោកមិនអាចទទួលយកបានទេ»។ លោក កៅ ស៊ីគឹមហ៊ន បានបន្តទៀតថា ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនក្នុងពេលខាងមុខនេះ ក្នុងបេសកកម្មរបស់សម្តេចនេះ លោកក៏សូមជូនពរលោកនាយករដ្ឋមន្ត្រី ឱ្យទទួលបានតែក្តីសុខ ដើម្បីបានពាំនាំនូវសមិទ្ធផលថ្មីៗ ទៅកសាងប្រទេសកម្ពុជា។

លោក ង៉ូវ តៅកួន មកពីម៊ែលប៊ន បងស្រី និងបងប្រុស ហង្ស សុជាតិ មកពី Queensland ដែលនៅឈរ ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបជុំក្នុងកន្លែងស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ បានគូសបញ្ជាក់ថា «ពេលដែលបានឃើញសម្តេចចុះពីឡានភ្លាម ខ្ញុំមានអារម្មណ៍រំភើប។ ខ្ញុំពិតជាមានកិត្តិយស ដែលមានឱកាសបានមកជួបអ្នកដឹកនាំដ៏ពិសេសរបស់កម្ពុជា។ វត្តមានសម្តេចក្នុងកិច្ចប្រជុំនេះ ទៀតសោត ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែរំភើប។ ខ្ញុំស្តាយណាស់ដែលឃើញខ្មែរយើងបាក់បែកគ្នា និងមានចិត្តប្រឆាំងគ្នា។ ខ្ញុំចង់ឱ្យខ្មែររួបរួមគ្នា បញ្ចេញមតិ និងគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយកុំប្រើ ការជេរប្រមាថ»។ ខ្ញុំចង់ឃើញមិត្តភាពបែបនេះ រវាងកម្ពុជា និងអូស្តា្រលីបន្តទៀត។ សូមឱ្យខ្មែរយើងនៅ ក្រៅប្រទេសចេះរួបរួមគ្នា ស្រឡាញ់គ្នា។ ខ្ញុំសូមជូនពរសម្តេចឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំ ប្រទេស និងប្រជាជន ឱ្យបានលូតលាស់ជាយូរអង្វែងតទៅមុខទៀត»។

ក្រៅពីបង្ហាញចំណាប់អារម្មណ៍រីករាយ និងប្រតិកម្មជុំវិញសកម្មភាពក្រុមប្រឆាំងមួយចំនួននោះ ក៏មានការជូនពរពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស អមដោយបាច់ផ្កាផងដែរ។ ទាំងនេះគឺជាទឹកចិត្ត ស្រលាញ់ពីសំណាក់បងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំតែងតែលះបង់ដើម្បីប្រទេសជាតិ រក្សាសន្តិភាព និងកសាងប្រទេសឱ្យមានការអភិវឌ្ឍន៍។ ផ្ទុយពីក្រុមប្រឆាំង ដែលមានតែការញុះញង់បង្កបញ្ហា និងឱ្យអាប់ឱនដល់កេរ្តិ៍ប្រទេសកម្ពុជា៕

No comments:

Post a Comment